Tripadvisor សណ្ឋាគារនៅខេត្តសៀមរាបបានជាប់លំដាប់ថ្នាក់លេខ១ លើពិភពលោក

0

ដោយ : ដែន ចែងចាំង

ភ្នំពេញ : គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញនៅលើពិភពលោក Trip Advisor បានប្រកាសថា សណ្ឋាគារមួយនៅខេត្តសៀមរាបបានជាប់ចំណាត់ថ្នាក់លេខ១ និងសណ្ឋាគារមួយទៀតជាប់ចំណាត់ថ្នាក់ទី១១នៅលើពិភពលោក។

គេហទំព័រនេះបានចេញផ្សាយកាលពីពេលថ្មីៗនេះថា ក្នុងចំណោមចំណា​ត់​ថ្នាក់សណ្ឋាគារកំពូលៗចំនួន២៥ ដែលជាជម្រើសរបស់អ្នកធ្វើដំណើរ (Travelers Choice) ប្រចាំឆ្នាំ​២០១៨ គេបានវាយតំលៃ និងផ្តល់ចំណាត់ថ្នាក់សណ្ឋា​គារវិរតន៍ (Viroth’s Hotel) ដែលមានទីតាំងនៅភូមិវត្តបូណ៌ ខេត្តសៀមរាប បានស្ថិតនៅចំណាត់ថ្នាក់លេខ១ ដោយនាំមុខសណ្ឋាគារ នៅកូស្តារីកា ឥណ្ឌា វៀតណាម និងម៉ាល់​ឌីវ។

គេហទំព័រនេះបានបង្ហាញថា សណ្ឋាគារដែលមានឈ្មោះ Shinta Mani Shackនៅក្នុងខេត្តសៀមរាប ប្រទេស​កម្ពុជា មួយទៀត គឺបានជាប់ចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមសណ្ឋាគារកំពូលៗ​ចំនួន២៥នៅលើពិភពលោកផងដែរ។

លោក គឹម សេរីរ័ត្ន ប្រធាននាយកដ្ឋានសេវាកម្មស្នាក់នៅ ទេសចរណ៍និងម្ហូបអាហារនៃក្រសួងទេសចរណ៍បានថ្លែងថា ការវាយតំលៃនេះ គឺនៅវាមិននៅក្នុងក្របខ័ណ្ឌរបស់ក្រសួងទេសចរណ៍ ប៉ុន្តែវាជាការ​វាយតំលៃ និងការផ្តល់យោប​ល់ពីសំណាក់បណ្តាភ្ញៀវទេសចរណ៍ បរទេសនានានៅលើពិភពលោក ដែលបានទៅ​ស្នាក់នៅ នៅក្នុងសណ្ឋាគារទាំងអស់ខាងលើនេះ។

លោកបានថ្លែងថា ក្រសួងទេសចរណ៍ក៏មានការវាយតំលៃ និងផ្តល់ចំណា​ត់​សណ្ឋាគារ​ស្តង់​ដារកម្ពុជា និងស្តង់ដារអាស៊ានដែរ ដែលការវាយការតំលៃនោះ គឺវាមានលក្ខណៈមិនខុសគ្នាច្រើន ពីការវាយតំលៃពី​សំណាក់បណ្តាភ្ញៀវទេសចរបរទេសដែលបានទៅស្នាក់នៅផ្ទាល់ ហើយបានវាយតំលៃនិងផ្តល់យោបល់​ចង់បានដែល​មានស្តង់ដារសណ្ឋាគារស្អាត និងបៃតងនោះទេ។

បច្ចុប្បន្ននៅខេត្តសៀមរាប សណ្ឋាគារប្រមាណ១៥០០០បន្ទប់ និងមានផ្ទះសំណាក់ប្រមាណជាង​៥០០០​បន្ទប់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានបានកំពុងជំរុញឲ្យបណ្តាសណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ក្នុងខេត្តនេះ ​ខិតខំផ្តល់​សេវាស្នាក់នៅនិងម្ហូបអាហារជូនភ្ញៀវទេសចរបរទេស ឲ្យបានល្អ​ប្រសើរដើម្បី​បង្កើនការទាក់​ទាញ​​អោយ​គេមកស្នាក់នៅម្តងហើយចង់មកស្នាក់នៅម្តងទៀត។

លោក ឌិន សុមេធារិទ្ឋ ប្រធានសមាគមសណ្ឋាគារកម្ពុជាបានថ្លែងថា គុណ ភាពនិងស្តង់ដាសណ្ឋាគារនៅកម្ពុជា កំពុងមានភាពប្រសើរឡើងទាំងសេវាកម្ម និងសេវាបដិសណ្ឋារកិច្ចនានា ពិសេសតម្លៃមានភាពសមរម្យ ធៀបជាមួយនឹងបណ្តាប្រទេសមួយចំនួនស្ថិតក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។លោកបន្តថា គុណ ភាព និងសេវាកម្មបដិសណ្ឋារកិច្ចនៅតាមសណ្ឋាគារនានា​នៅកម្ពុជា ពិតជាមាន​ភាពប្រសើរឡើង និងល្អប្រសើរជាងប្រទេសមួយចំនួន​ក្នុងតំបន់នេះ។

លោកបន្តថា “ទោះជាយ៉ាងណាវិស័យនេះកំពុងប្រឈមមុខនឹងការប្រកួត​ប្រជែងខ្ពស់ ដែលធ្វើឲ្យសណ្ឋាគារមួយចំនួន ដែលមិនមានលក្ខណៈវិជ្ជាជីវៈមិន​ទទួលបានជោគជ័យនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here