កម្ពុជាគ្រោងដាក់លក់ឥណទានកាបូនតំបន់ព្រៃឡង់ទៅកាន់ទីផ្សារស្ម័គ្រចិត្ត

0

ដោយវុត្ថា

ភ្នំពេញ ៖ កម្ពុជាគ្រោងលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត ក្នុងគោលដៅបង្ហាញយ៉ាងច្បាស់ពីប្រសិទ្ធភាពនៃការការពារនិងអភិរក្សដ៏ប្រសើរលើធនធានធម្មជាតិ ព្រៃឈើដែលមាន និងបង្កើនទំនុកចិត្តកាន់តែខ្លាំងថែមទៀតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត ភក្ត្រា បានលើកឡើងកាលពីម្សិលមិញនេះ ថា កាលដែលកម្ពុជាអាចលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបាន ដែលកាន់តែបង្ហាញយ៉ាងច្បាស់ពីប្រសិទ្ធភាពនៃការការពារនិងអភិរក្សដ៏ប្រសើរលើធនធានធម្មជាតិ ព្រៃឈើដែលមាន និងបង្កើនទំនុកចិត្តកាន់តែខ្លាំងថែមទៀតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធក្នុងការថែរក្សាធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព បទល្មើសធនធានធម្មជាតិ ទាំងឡាយត្រូវបានបង្ក្រាបទាន់ពេលវេលា។

លោកបានបញ្ជាក់ថា “កម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា”។

តំបន់ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃព្រៃឡង់នៅឆ្នាំ ២០១៦ស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន មានទំហំផ្ទៃដីសរុបជាង ៤៣ ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ចំនួន ៤ គឺខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថានបានប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារនិងអភរិក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃដ៏មានសារ:សំខាន់នេះ។

ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិនេះ គឺជាការធ្វើប្រជាធិបតេយ្យក្នុងការចែករំលែកការគ្រប់គ្រង និងការទទួលខុសត្រូវជូនប្រជាសហគមន៍មូលដ្ឋានលើការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក៏ដូចជាដើម្បីអនុញ្ញាតឱ្យប្រជាសហគមន៍មានសិទ្ធិក្នុងការប្រើប្រាស់និងអាស្រ័យផលធនធានធម្មជាតិស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។

ក្រោមការខិតខំក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អ កម្ពុជាកាលពីកន្លងមកនេះ បានលក់ឥណទានកាបូននៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដែនជម្រកសត្វព្រៃសត្វព្រៃតាតៃ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរីក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត បានប្រមាណ ១១,៦ លានដុល្លារ។ ជាមួយគ្នានេះ ក្រុមបច្ចេកទេសកំពុងសិក្សាបន្ថែមលើទិន្នន័យការបូននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ជាមួយវិធានការការពារ ក្នុងក្ដីរំពឹងថានឹងអាចលក់ឥណទានកាបូនក្នុងពេលឆាប់ៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here