កម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះពីប្រទេសធំជិតខាងទាំងពីរ?

0

ដោយ : ដួង ចន្រ្ទា
ភ្នំពេញ : ខណៈពេលប្រមុខរដ្ឋាភិបាលកម្ពុជា លើកឡើងពីប៉ូលសេដ្ឋកិច្ចចំនូនបី ដែលសំដៅដល់រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប អ្នកវិភាគសេដ្ឋកិច្ចបានយល់ស្រប និងជម្រុញឲ្យសម្លឹងសក្តានុពល នៅទីក្រុងចំនួនពីរទៀត។
ទីក្រុងចំនួនពីរទៀត ស្ថិតនៅច្រករបៀងនៃភាគខាងត្បូង ក្នុងក្របខ័ណ្ឌនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋសេដ្ឋកិច្ច ក្នុងប្លុកអាស៊ាន នោះគឺក្រុងប៉ោយប៉ែត ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំប្រទល់ប្រទេសថៃ និងក្រុងបាវិតស្ថិតក្នុងខេត្តស្វាយរៀង ដែលស្ថិតនៅជាប់ប្រទេសវៀតណាម។


សេដ្ឋវិទូនានាបានលើកឡើងថា ការស្ថិតនៅជិតប្រទេសរីកចម្រើន ធ្វើឲ្យ​ប្រទេសនោះមានការរីកចម្រើនផងដែរ។ រីកចម្រើននៅត្រង់ថា នៅពេលប្រ​ទេសមួយរីកចម្រើនខ្លាំង នឹងធ្វើឲ្យមានការហៀរចេញនូវខ្សែសង្វាក់ឧស្សាហកម្ម ខណៈប្រទេសកម្ពុជា មានកំលាំងពលកម្មថោកនៅឡើយ ធៀបជាមួយប្រទេសថៃ។
ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិត ម៉ី កល្យាណ ​បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី៣ មិនានេះថា លោកយល់ស្របពីការលើកឡើងនូវប៉ូលសេដ្ឋកិច្ចចំនួនបី និងពង្រីកប៉ូលសេដ្ឋកិច្ចទៅកាន់ភូមិភាគឥសាន្តដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះនិងខេត្តស្ទឹងត្រែង។ ប៉ុន្តែរដ្ឋាភិបាលគួរសម្លឹងទៅកាន់ទីក្រុងប៉ោយប៉ែត និងក្រុងបាវិតបន្ថែមទៀត។
លោកបន្តថា ក្រុងប៉ោយប៉ែតកំពុងមានសក្តានុពលខ្លាំង ដោយសារទទួល​ឥទ្ឋិពលពីប្រទេសថៃ ដែលមានកំលាំងពលកម្មតម្លៃថ្លៃ ហេតុនេះអ្នកវិនិយោគ ជប៉ុននៅប្រទេសថៃ បានវិនិយោគនៅកម្ពុជា ដែលមានតម្លៃពលកម្មទាប និងដឹក​ចេញទៅកាន់កំពង់ផែរបស់ប្រទេសថៃ។
លោកបន្តថា “នេះជាឥទ្ឋិពលនៃប្រទេស​ជិតខាង ជាអ្វីដែលយើងមានផលចំណេញ តាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់យើង”។លោកបន្តថា “ខ្ញុំបា​ន​ទៅកាន់ទីក្រុងប៉ោយប៉ែត ហើយឃើញសក្តានុពលរបស់ទីក្រុងនេះ ដែលភ្ជាប់លំហូរពាណិជ្ជកម្មជាមួយប្រទេសថៃ”។
ប្រទេសកម្ពុជា និងប្រទេសថៃ នឹងបើកច្រកទ្វារព្រំដែនស្ទឹងបត់ថ្មីមួយទៀត សម្រាប់លំហូរទំនិញ និងពង្រីកសកម្មភាពពាណិជ្ជកម្ម ហើយនៅពេលឆាប់ៗនេះខ្សែរថភ្លើងរវាងប្រទេសទាំងពីរនឹងតភ្ជាប់គ្នា ដោយសារបច្ចុប្បន្នការតភ្ជាប់ប ណ្តាញផ្លូវដែកផ្ទៃក្នុងកម្ពុជា ពីក្រុងសេរីសោភ័ណទៅកាន់ក្រុងប៉ោយប៉ែតបានភ្ជាប់រួចហើយ។


ទាក់ទងនឹងព្រំដែន ជាប់ជាមួយប្រទេសវៀតណាម គឺទីក្រុងបាវិត ក៏មានភាពរីកចម្រើននិងមានសក្តានុពលផងដែរ។
លោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា ទីក្រុងបាវិតក៏មានសក្តានុពលខ្លាំង​ផងដែរ ដែលអាចទាក់ទាញអ្នកវិនិយោគអន្តរជាតិ មកបោះទុនវិនិយោគ ដោយ​សារវាស្ថិតនៅជាប់ជាមួយប្រទេសវៀតណាម និងងាយស្រួលដឹកទំនិញទៅកាន់កំពង់ផែវៀតណាម ដែលមានទីតាំងនៅជិតនោះ។
លោកបន្តថា “ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋ និងសក្តានុពលនៃទីក្រុងទាំងពីរមានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញអ្នកវិនិយោគអន្តរជាតិ និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា”៕​

- Advertisement -

Leave a Reply