កម្ពុជា​ស្នើរ​ឡាវ​សម្រួល​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ឆ្លងកាត់​ព្រំដែន

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា បានស្នើ​ភាគី​ឡាវ​ជួយ​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ឆ្លងកាត់​ព្រំដែន ព្រមទាំង​បាន​ជំរុញ​វិស័យ​ឯកជន​ប្រទេស​ទាំងពីរ បង្កើន​កិច្ចសហការ​ទ្វេដង ដើម្បី​ទាញយក​អត្ថប្រយោជន៍ អតិបរមា​ពី​ការធ្វើសមាហរណកម្ម​ក្នុង​តំបន់។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ឡាវ នៅមានកម្រិត​នៅឡើយ គឺ​បាន​កើនឡើង​តិចតួច ពី​ទឹកប្រាក់២៥,៦២លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៥ ដល់២៧,២៥លាន​ដុល្លារ​ប៉ុណ្ណោះ​កាលពី​ឆ្នាំ២០១៧។

នៅក្នុង​វេទិកា​ធុរកិច្ច​ឡាវ-កម្ពុជា ដែល​រៀបចំឡើង​នៅក្នុង​រាជធានី​វៀង​ច័ន្ទ កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ ព្រមទាំង​ផ្លាស់ប្តូរ​យោបល់​អំពី​ការធ្វើ​ធុរកិច្ច​នាពេល​អនាគត លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជម្រាបជូន​ប្រមុខ​ពាណិជ្ជកម្ម និង​វិស័យ​ឯកជន​នៃ​ប្រទេស​ឡាវ អំពី​គោលនយោបាយ​បើកចំហរ និង​គោលនយោបាយ​គាំពារ​វិនិយោគ​របស់​ក​ម្ពុ​ជា ដែលមាន​លក្ខណៈ​បត់បែន និង​អំណោយផល​ខ្ពស់​សម្រាប់​ការវិនិយោគ​ផ្ទាល់​ពី​បរទេស អាចជួយ​អ្នក​វិនិយោគិន​បង្កើត​ប្រាក់ចំណេញ ក្នុង​រយៈពេល​យូរអង្វែង​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច​កម្ពុជា។

ជាការ​ឆ្លើយតប លោកស្រី Khemmani Pholsena រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ឡាវ បាន​សម្តែង​ការគាំទ្រ និង​ឯកភាព​ជាមួយ​សំណើ​កម្ពុជា និង​បាន​ស្នើសុំ​ភាគី​កម្ពុជា ជាពិសេស​វិស័យ​ឯកជន បន្ត​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ នៅក្នុង​ប្រទេស​ឡាវ។

Advertisement

លោកស្រី ក៏បាន​ស្នើឱ្យ​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​បណ្តាញ​អគ្គិសនី​ថែមទៀត ជាពិសេស​តំបន់​នៅជាប់​ព្រំដែន​ផ្លូវគោក ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត។

វេទិកា​ធុរកិច្ច​ឡាវ-កម្ពុជា គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ពីរ​ថ្ងៃ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅលើ​ទឹកដី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ​តាម​ព្រំដែន និង​វិស័យ​ដទៃទៀត ដែល​ភាគី​ទាំងពីរ​ធ្លាប់​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា នាពេល​កន្លង​មកឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត៕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here