កម្ពុជា​អាច​អនុញ្ញាត​ឲ្យ​ប្រជាជន​ហ្វីលីពីន​អាច​ចូល​មក​កម្ពុជា​រយៈពេល ៣០ថ្ងៃ​

0

ដោយ​ វីរៈ​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​បាន​ជូនដំណឹង​ផ្លូវការ​ដល់​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា​ជា​ផ្លូវការ​ ដោយ​អនុញ្ញាត្ត​ឲ្យ​ប្រជាពលរដ្ឋ​ហ្វីលីពីន​ អាច​ចូល​មក​ទស្សនា​កម្ពុជា​បាន​ក្នុងរយៈពេល៣០ថ្ងៃ​ ដោយ​មិន​ចាំបាច់​សុំ​វិ​សា​។

យោង​តាម​សេចក្តី​ជូនដំណឹង​ ដែល​បាន​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី១៣​ មិថុនា​នេះ​បាន​បញ្ជាក់​ថា​ «ស្ថានទូត​ហ្វីលីពីន​សូម​ជូន​ជំ​ណឹង​ដល់​ពលរដ្ឋ​ហ្វីលីពីន​ទាំងអស់​ ឱ្យ​ជ្រាប​ថា​ រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ នៅ​ក្រោម​ស្មារតី​បដិ​ភាព​ បាន​យល់ស្រប​ចំពោះ​សំណើ​របស់​ស្ថានទូត​ ដែល​ស្នើ​ឱ្យ​មានការ​ពន្យារ​រយៈពេល​ស្នាក់នៅ​ សម្រាប់​ពលរដ្ឋ​ហ្វីលីពីន​ ដែល​កាន់​លិខិតឆ្លងដែន​ទូទៅ​ធម្មតា​ និង​ចូល​មក​ក្នុងទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាលើកដំបូង​ ដោយ​ពុំ​មាន​ទិដ្ឋាការ​ ចាប់ពី២១ថ្ងៃ​ ឱ្យ​ដល់៣០ថ្ងៃ​តែម្តង​ ហើយ​អាច​នឹង​ពន្យារពេល​បាន​ ៣០ថ្ងៃ​ទៀត​ ប៉ុន្តែ​បានតែ​ម្តង​គត់​។

បើ​តាម​សេចក្តី​ជូនដំណឹង​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ សម្រាប់​ពលរដ្ឋ​ហ្វីលីពីន​ ដែល​មានបំណង​ចង់​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ លើស​ពី៦០ថ្ងៃ​ គួរតែ​ដាក់ពាក្យសុំ​ទិ​ដ្ឋា​ការ​ភ្លាម​ៗ នៅពេល​ឈានជើង​ចូល​មកដល់​ប្រទេស​កម្ពុជា​ ដើម្បី​ចៀស​សវាង​បញ្ហា​រំ​ខាន​ផ្សេង​ៗ។

លោក​កេត​ សោ​ផាន់​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​កម្ពុជា​ បាន​ប្រាប់​គេហ​ទំព៍​រក្នុង​ស្រុក​មួយ​ថា​ ការ​អនុគ្រោះ​របស់​កម្ពុជា​ ចំពោះ​ពល​រដ្ឋ​ហ្វីលីពីនេះ​ គឺជា​ការសម្រប​សម្រួល​ក្នុងនាម​សមាជិក​អាស៊ាន​ដូចគ្នា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here