កម្ពុជា​-នេប៉ាល់​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​ធុរកិច្ច​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​

0
សម្តេចតេជោ ហ៊ុន សែន ជាប់ដៃ​លោក ខេ ភី សាម៉ា អូលី នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់។ រូបភាព៖ ហ្វេសប៊ុកសម្ដេច

ដោយ ​ម៉ា​ណេត​

ភ្នំ​ពេញៈ​ ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​នេប៉ាល់​ បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយទៀត​ គឺ​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ច​សហ​ប្រតិ​បតិ្តការ​គ្រប់​វិស័យ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​បម្រើ​ឧត្ដម​ប្រយោជន៍​រួម​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ នេះ​បើ​តាម​កា​របេ្ដ​ជ្ញា​ចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ និង​នេប៉ាល់​។

នៅក្នុង​វេ​ទិ​ការ​ធុរកិច្ច​កម្ពុជា​-នេប៉ាល់​ដែល​រៀបចំឡើង​ កាលពី​រសៀល​ថ្ងៃ​អង្គារ៍​ ទី​ ១៤​ ខែឧសភា​ឆ្នាំ​ ២០១៩នេះ​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​លើកឡើង​អំពី​វឌ្ឍនភាព​សំ​ខាន់​ៗនៅ​កម្ពុជា​ ពាក់ព័ន្ធ​នឹង​កាលានុវត្ត​ភាព​ធុរកិច្ច​ និង​វិនិយោគ​ ព្រមទាំង​បាន​សន្យា​ផ្តល់​ជូន​វិនិយោគិន​គ្រប់រូប​ នូវ​បរិស្ថាន​ធុរកិច្ច​ ប្រកបដោយ​ភាព​អំណោយផល​ជាពិសេស​ សន្តិភាព​ សន្តិសុខ​ និង​ស្ថិរភាព​នយោបាយ​ ម៉ា​ក្រ​សេដ្ឋកិច្ច​ ក្របខណ្ឌ​ច្បាប់​ និង​ស្ថាប័ន​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ តម្លាភាព​ គណនេយ្យ​ភាព​ និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​។

សម្តេច​តេជោ​បាន​ថ្លែង​ថា​ “ខ្ញុំ​សូវ​អំពាវនាវ​ដល់​វិស័យ​ឯកជន​ និង​អ្នក​វិនិយោគ​នេប៉ាល់​ដែល​មិនបាន​មក​កម្ពុជា​ សូម​អញ្ជើញ​មក​សិក្សា​ស្វែងយល់​ពី​សក្តា​នុ​ពល​ និង​កាលានុវត្ត​ភាព​ធុរកិច្ច​នៅ​កម្ពុជា​ ព្រមទាំង​សម្រេចចិត្ត​បណ្តាក់​ទុន​វិនិយោគ​ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ជាមួយ​យើងខ្ញុំ​ និង​ទាញ​យក​ផលប្រយោជន៍​ជា​អតិបរមា​ពី​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ និង​វិនិយោគ​នៃ​ប្រទេស​ទាំងពីរ​”។

ទន្ទឹមគ្នា​នោះ​ដែរ​ លោក​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ នាយក​រដ្ឋមន្រ្តី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេប៉ាល់​ បាន​រម្លឹក​ឡើងវិញ​នូវ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​ ពិសេស​ការ​គាំទ្រ​គ្នា​នៅ​វិញ​ទៅមក​លើឆាកអន្តរជាតិ​ និង​ការ​ខិតខំ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកិច្ច​ វិនិយោគ​ ទេសចរណ៍​ និង​វប្ប​ធម៏​ តាមរយៈ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ និង​អនុស្សរណៈ​កាលពី​ឆ្នាំ​ ២០១៨​។

លោកនាយក​រដ្ឋ​មន្រី្ត​នេប៉ាល់​ ក៏បាន​កត់សម្គាល់​ពី​ភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​នៅ​ការដឹកនាំ​របស់​សម្ដេច​តេជោ​ និង​បាន​បង្ហាញ​ជំនឿ​មុតមាំ​ថា​ ប្រទេស​នេប៉ាល់​ ពិតជា​អាច​រៀនសូត្រ​ពី​ភាព​ជោគជ័យ​ នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ដោយ​ពឹងផ្អែក​លើ​ការ​ប្ដេជ្ញា​ចិត្ត​ គួបផ្សំ​បរិបទ​នៃ​ប្រវត្តិ​សាស្រ្ត​ជម្លោះ​ពីអ​តី​តកាល​ និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន​។

លោក​ ខេ​ ភី​ សា​ម៉ា​ អូ​លី​ បាន​បញ្ជាក់​ថា​ “ខ្ញុំ​ប្តេជ្ញា​បង្កើត​ភាពជា​ដៃគូ​រឹងមាំ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ព្រមទាំង​ប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំង​ពី​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here