កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​បន្ត​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​

0

ដោយ​ រ៉ា​ណេត​

សៀម​រា​បៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​ បាន​និង​កំពុង​ពង្រឹង​កិច្ចសហការ​ឱ្យ​កាន់តែ​ជិ​ស្និទ្ធ​ជាមួយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​ពង្រឹង​កិច្ចសហការ​ និង​អភិវឌ្ឍ​ឧស្សាហកម្ម​ផលិត​សម្ភារៈ​ និង​គ្រឿង​បង្គុំ​ទោចក្រយាន​នៅ​កម្ពុជា​ ដើម្បី​បង្កើន​តម្លៃបន្ថែម​ក្នុង​ស្រុក​សម្រាប់​ផលិតផល​នេះ​ និង​នាំចេញ​ផលិតផល​សម្រេច​ ១០០​% ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

នៅក្នុង​ឱកាស​ជំនួប​ពិសេស​រវាង​មន្ត្រី​ជាន់ខ្ពស់​នៃ​ទេស​ទាំង២​ ក្រោម​វត្តមាន​លោកស្រី​ អ៊ីណា​ ហា​នីង​ត្យាស​ គ្រី​ស្នាមឺ​ទី​ (Ina​ Hagningtyas​ Krisnamurthi​) ប្រឹក្សា​ពិសេស​ក្រសួង​ការបរទេស​ ទទួលបន្ទុក​សេដ្ឋកិច្ច​ការ​ទូ​តឥណ្ឌូ​នេ​ស៊ី​ នៅក្នុង​ខេត្តសៀមរាប​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ លោក​ប៉ាន​ សូរ​ស័ក្ដិ​ រដ្ខ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍​ថា​ ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ដែល​សម្រេច​បាន​កាលពី​ឆ្នាំ២០១៨​ មាន​ទឹកប្រាក់៥៥៨.៦២​ លាន​ដុល្លារ​ ដែល​ក្នុង​នោះ​កម្ពុជា​នាំចូល៥២៥​,៦លាន​ដុល្លារ​ និង​នាំចេញ៣៣លាន​ដុល្លារ​។

​លោក​បន្ត​ទៀត​ថា​ កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សេដ្ឋកិច្ច​ រវាង​ប្រទេស​ទាំង២​ គឺ​ធ្វើឡើង​ក្រោម​គោលការណ៍​មិន​យកពន្ធ​ត្រួត​គ្នា​ និង​ទប់ស្កាត់​អំពើ​បន្លំ​ពន្ធ​ពាក់ព័ន្ធ​ប្រាក់ចំណូល​ ក៏ដូចជា​វិស័យ​ទេសចរណ៍​ ដោយ​ការ​បើក​ជើងហោះហើរ​ត្រង់​ពីទី​ក្រុង​ហ្សាកាតា​-ភ្នំពេញ​ បន្ទាប់ពី​ប្រទេស​ទាំង២បាន​ចុះ​អនុស្សរណៈ​នា​ពេល​ថ្មី​ៗនេះ​។

ជា​ការ​ឆ្លើយតប​ លោកស្រី​ អ៊ីណា​ ហា​នីង​ត្យាស​ គ្រី​ស្នាមឺ​ទី​ (Ina​ Hagningtyas​ Krisnamurthi​) ​ប្រឹក្សា​ពិសេស​ក្រសួង​ការបរទេស​ ទទួលបន្ទុក​សេដ្ឋកិច្ច​ការ​ទូ​តឥណ្ឌូ​នេ​ស៊ី​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ និង​ស្វាគមន៍​ទៅ​នឹង​គោលបំណង​ ដែល​រដ្ឋាភិបាល​កម្ពុជា​ ជាមួយនឹង​ការ​ព្យាយាម​ជំរុញ​ ឱ្យ​មាន​កិច្ច​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​ ជា​ដៃគូ​រវាង​អ្នក​វិនិយោគ​នៃ​ប្រទេស​ទាំង២ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។

គិត​ត្រឹម​រយៈពេល៤ខែ​ដើមឆ្នាំ​នេះ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំង២​ សម្រេច​បាន​ទឹកប្រាក់១៩៦.២៦​ លាន​ដុល្លារ​ កើនឡើង១០.៤៨​% ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here