កម្ពុជា កំពុងព្យាយាមធ្វើយ៉ាងណាទាញយកប្រយោជន៍ពីគម្រោងខ្សែក្រវ៉ាត់មួយ-ផ្លូវមួយឱ្យបានច្រើន

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ពាក់ព័ន្ធទៅនឹង​គម្រោង​​ខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ កម្ពុជានឹងត្រូវរៀបចំយ៉ាងសម្រិតសម្រាំង​ទៅលើ​បញ្ជីគម្រោងអាទិភាព ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឱ្យបានល្អ ដើម្បីអាចទាញ​យក​ប្រយោជន៍ជាអតិបរមា សម្រាប់បម្រើឱ្យសេចក្តីត្រូវការនៅក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គមជាតិ ។

នៅក្នុង កិច្ចប្រជុំក្រុមការងារ រៀបចំបញ្ជីគម្រោងអាទិភាព ក្នុងក្របខ័ណ្ឌកិច្ចសហ​ប្រតិបត្តិការ ខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ នៅទីស្តីការក្រសួង ថ្ងៃទី៣០ ខែមីនា ម្សិលមិញ​នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើង​ថា កម្ពុជាយើងត្រូវរៀបចំ និងសម្រិតសម្រាំងបញ្ជីគម្រោងអាទិភាព ក្នុងក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ ខ្សែក្រវ៉ាត់ មួយ-ផ្លូវមួយ ឱ្យបានល្អ មានលក្ខណៈជាយុទ្ធសាស្រ្ត ប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ដើម្បីកម្ពុជាអាចទាញយកប្រយោជន៍​ជាអតិបរមាពីគម្រោងទាំងនេះ សម្រាប់បម្រើឱ្យសេចក្តីត្រូវការនៅក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គមរបស់ខ្លួន នៅក្នុងរយៈពេលមធ្យម និងវែងទៅថ្ងៃមុខ ក៏ដូចជាដើម្បី​បង្ហាញនូវតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងក្របខ័ណ្ឌនៃខ្សែក្រវ៉ាត់មួយ-ផ្លូវមួយនេះ ជាពិសេសនៅក្នុងតំបន់អាស៊ាន។

លោបានបញ្ជាក់យ៉ាងដូច្នេះថា ៖ «សម្រាប់ការជ្រើសរើសគម្រោង យើងត្រូវប្រកាន់​ខ្ជាប់​នូវ​លក្ខខណ្ឌវិនិច្ឆ័យទាំងឡាយ ឱ្យបានម៉ត់ចត់ និងប្រយ័ត្នប្រយែងបំផុត ពិសេស​ត្រូវយកចិត្តទុកដាក់ដល់ផលចំណេញខាងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ គម្រោង ដោយផ្សារភ្ជាប់ការគិតគូរផងដែរ ដល់បញ្ហាបរិស្ថាន និងសង្គម និងជាគម្រោងដែល​ចំអាទិភាពរបស់រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់ដល់ការធ្វើសមាហរ័ណកម្ម​សេដ្ឋកិច្ចកម្ពុជា ទៅក្នុងសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចពិភពលោក ហើយនាំ មកនូវការ​អភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងលើកតម្កើងជីវភាពរបស់ប្រជាជនទូទៅ ឱ្យបានកាន់តែឆាប់រហ័ស បំផុត តាមដែលអាចធ្វើទៅបាន។

Advertisement

ជាមួយគ្នានេះ លោក វង្សី វិស្សុត ក៏បានស្នើសុំដល់សមាជិកសមាជិកា ដែលជា​តំណាង​មកពីក្រសួងពាក់ព័ន្ធរៀបចំ និងស្នើឡើងនូវបញ្ជីគម្រោងឱ្យបានឆាប់រហ័ស ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច សម្រាប់ត្រៀមដាក់ជូនថ្នាក់ដឹកនាំ នៃប្រទេស ទាំងពីរ ផ្តល់ការអនុម័តនៅក្នុងពេលខាងមុខ។

គួរបញ្ជាក់ដែរថា គំនិតផ្តួចផ្តើមស្តីពី ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ត្រូវបានប្រទេសចិន​ប្រកាស​ជាផ្លូវការក្នុងឆ្នាំ២០១៣ ហើយប្រទេសកម្ពុជាបានបង្ហាញនូវគោលជំហរ​គាំទ្រគំនិតផ្តួចផ្តើមនេះភ្លាម។ ចាប់តាំងពីពេលនោះមក ក្នុងនោះភាគីទាំងពីរបានចុះ​អនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីការរៀបចំចំណុចគោល នៃផែនការកិច្ច​សហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី២១ នៅក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជារបស់លោក XI Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងឈានចុះហត្ថលេខាលើផែនការ ដោយផ្តោតលើគម្រោងនៃវិស័យ​អាទិភាព​ចំនួន០៧ គឺវិស័យហេដ្ឋារចនាសម្ពន្ធ ដោយរួមបញ្ចូលទាំងវិស័យដឹកជញ្ជូន, ទូរគមនាគមន៍ បណ្តាញនិងបច្ចេកវិទ្យាអវកាស និងថាមពល វិស័យកសិកម្ម ការ​កសាង​សមត្ថភាព ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស វប្បធម៌និងទេសរចណ៍ ហិរញ្ញវត្ថុ និងការពារអេកូបរិស្ថាន។ គម្រោងទាំងនេះ អាចស្នើឡើងភាគីរដ្ឋាភិបាល នៃប្រទេស​ទាំងពីរផង និងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។  ក្រោយពេលផ្តល់​ការ​អនុម័ត​ដោយថ្នាក់ដឹកនាំនៃប្រទេស ទាំងពីររួច គម្រោងអាទិភាពទាំងនេះ នឹង​ទទួល​​បានការ​គាំទ្រផ្នែកហិរញ្ញប្បទាន ពីស្ថាប័នហិរញ្ញវត្ថុទាំងឡាយ របស់ រដ្ឋាភិបាល​ចិន រួមទាំង​វិស័យឯកជនរបស់ចិនផងដែរ។ គិតមកត្រឹមពេលនេះ គម្រោងហេដ្ឋារចនាសម្ពន្ធធំៗ​ចំនួន០២ គឺគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងសាងសង់​ព្រលាន្តយន្តហោះសៀមរាបថ្មី៕

- Advertisement -

Leave a Reply