កម្ពុជា និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច ត្រូវការ​ហិរញ្ញប្បទាន​បន្ថែម​ដើម្បី​ជំរុញ​ការអភិវឌ្ឍ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា ជាការ​ពិតណាស់​ដែល​ត​ម្រូ​វ​ការ​ហិរញ្ញប្បទាន​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​ផ្សេងទៀត នៅមាន​ទំហំធំធេង ហើយ​កម្ពុជា​ចាំបាច់​ត្រូវ​កៀរគរ​ធនធាន​ក្នុងស្រុក ក៏ដូចជា​អន្តរជាតិ​ផងដែរ​ដើម្បី​បំពេញ​នូវ​តម្រូវការ​នេះ និង​ធ្វើ​ឲ្យ​គម្លាត​នៃ​ការអភិវឌ្ឍ​មាន​ភាព​រួម​តូច។

លោក​ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់ (គ.ជ.អ.ស) នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី “ការគាំទ្រ​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ក្នុងការ​កៀរគរ​ធនធាន​សំដៅ​សម្រេច​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព”ដែល​នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃទី៦ ដល់ទី៧ ធ្នូ​ខាងមុខនេះ។

សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ សហការ​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់ និង​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី​និង​ប៉ា​ស៊ី​ហិ្វ​ករ​បស់​អង្គការសហប្រជាជាតិ (UN-ESCAP)ដោយមាន​ថ្នាក់ដឹកនាំ ប្រទេស​អភិវឌ្ឍន៍​តិចតួច​ចំនួន១២បាន​ចូលរួម ។សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ ដែល​អាចជួយ​ឲ្យ​កម្ពុជា​និង​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ពង្រឹង​និង​ពង្រីក​ការ​កៀរគរ​ធនធាន​ក្នុងស្រុក​សំដៅ​ស​ម្រេ-ច​របៀបវារៈ​ឆ្នាំ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។

Advertisement

លោក​លី ធុជ បាន​ថ្លែង​បន្ថែមថា កម្ពុជា​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​នៅក្នុង​ពិភពលោក ដែលថ្មីៗនេះ​បាន​ឆ្លង​ផុត​ដោយ​ជោគជ័យ ពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កំរិត​ទាប ដោយសារ​កំណើនសេដ្ឋកិច្ច​ដ៏​ខ្ពស់​គឺ​ក្នុង​រង្វង់៧ភាគរយ ក្នុងមួយឆ្នាំៗក្នុង​រយៈពេល​ជាង​ពីរ​ទស្សវត្សរ៍​កន្លងមក ដែល​កំណើន​នេះ​បាន​ជួយ​ឲ្យ​មនុស្ស​រាប់លាន​នាក់​អាច​ចាក​ចេញពី​ភាពក្រីក្រ និង​បាន​ផ្តល់នូវ​កាលានុវត្តភាព​ដ៏​មានតម្លៃ​ដើម្បី​ប្រមូលផ្តុំ​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ។

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ​ការពារ​អធិបតេយ្យភាព ឯករាជ្យភាព​នៃ​ប្រទេសនីមួយៗទៅតាម​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ហើយ​ឯកឧត្តម​ក៏បាន​បង្ហាញ​នូវ​ភាព​សោកស្តាយ​ផងដែរ​ដែល​ប្រទេសធំៗ និង​មានអំណាច​មួយចំនួន​បាន​ជ្រៀតជ្រែក និង​រំលោភបំពាន​លើ​អធិបតេយ្យភាព ឯករាជ្យភាព​របស់​ប្រទេសតូចៗ និង​ទន់ខ្សោយ​ក្រោមរូបភាពផ្សេងៗ ដែល​ក្នុងនោះ​មានដូចជា​ការការពារ​សិទ្ធមនុស្ស​និង​សិទ្ធ​នយោបាយ​ជាដើម។ ទាំង​ប្រទេស​តូច និង​ប្រទេស​ធំ​គួរតែ​គោរព​អធិបតេយ្យភាព   ឯករាជ្យភាព​គ្នា​ទៅវិញទៅមក   ហើយ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ច្បាប់​អន្តរជាតិ  និង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ។

លោក​បន្តថា”ជា​ការពិត​កម្ពុជា​កំពុង​ដើរ​លើផ្លូវ​ត្រូវ  ហើយ​ប្រជាពលរដ្ឋ​របស់​យើង​ពិត​ជាមាន​ភ​ព្វ​សំណាង​ណាស់ ដែល​យើង​បាននិងកំពុង​រស់នៅ​លើ​មាតុភូមិ​មួយ ដែល​ពោរពេញ​ដោយ​សន្តិភាព សុខដុមរមនា​និង​ការ​អភិ​ឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​មួយចំនួនទៀត​លើ​ពិភពលោក ដែល​កំពុង​ឆ្លងកាត់ ភ្លើងសង្គ្រាម អសន្តិសុខ  និង​មាន​ជីវភាព​រស់នៅ​យ៉ាង​លំបាក​ដោយ​ភាពក្រីក្រ​យ៉ាងធ្ងន់ធ្ងរ”៕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here