ការកសាងហេដ្ឋារចនាសម្ព័ន្ធនឹងធ្វើឲ្យស្រុកឧត្តុង និងពញាឮរីកចម្រើនលឿននាពេលអនាគត

0

ដោយ : គង់ សូរិយា

ភ្នំពេញ: ស្របពេលការអភិវឌ្ឍកាន់តែងាកចេញពីរាជធានីភ្នំពេញ តំបន់ជាច្រើននៅជុំវិញទីក្រុងនេះ នឹងទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាក់ស្តែងស្រុកឧត្តុង និងស្រុកពញាឮ បាននិងកំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនពីអ្នកវិនិយោគនានា។

ជាក់ស្តែងសកម្មភាពពុះដីឡូត៍លក់បានរីករាលដាលដូចពពុះសាប៊ូ នៅតាមតំបន់ផ្លូវលេខ៥១ ដែលជាផ្លូវក្រវ៉ាត់ក្រុងនាពេលអនាគត ហើយសកម្មភាពអភិវឌ្ឍន៍ និងពុះដីឡូត៍លក់បានរីកទៅតំបន់ឆ្ងាយៗពីផ្លូវដ៏សំខាន់នេះ។


អគ្គនាយកនៃក្រុមហ៊ុនគេហទំព័រអចលនទ្រព្យឈានមុខគេ Propertyarea.asia លោក លាងគង់ យិន ដែលជាអ្នកតាមដានសកម្មភាពអភិវឌ្ឍន៍ និងដំណើរវិវត្តន៍នៃទីផ្សារអចលនទ្រព្យនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៥ ធ្នូនេះថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ៥១ និងផ្លូវជាតិលេខ៥ និងផ្លូវលេខ១៥១(ចេញពីផ្លូវជាតិលេខ៥ ឆ្ពោះទៅភ្នំប្រសិទ្ធ) និងផ្លូវខ្វាត់ខ្វែងជាច្រើនទៀត បាន និងកំពុងធ្វើឲ្យស្រុកទាំងពីរនេះ ទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគជាតិ អន្តរជាតិ ស្របពេលតម្លៃដីធ្លីនៅតំបន់នេះស្ថិតក្នុងតម្លៃសមរម្យនៅឡើយ។

លោកបន្តថា “ខ្ញុំសង្កេតឃើញថា តម្លៃដីធ្លីមានភាពសមរម្យនាពេលបច្ចុប្បន្ន តែមិនអាចទិញបានទេ នារយៈពេលបីឆ្នាំទៅ៥ឆ្នាំខាងមុខនេះ ដោយសារក្រុងភ្នំពេញកាន់តែរីកធំ ចំនួនប្រជាជនកើនឡើងកាន់តែច្រើន ហេតុនេះសកម្មភាពនៃការវិនិយោគនិងការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មនឹងពង្រីកទៅតំបន់នោះ”។

Advertisement

លោកបន្តថា “សណ្ឋានដី និងល័ក្ខខ័ណ្ឌអាកាសធាតុនៅតំបន់នេះមានភាពល្អប្រសើរ ពិសេសមានរមណីយដ្ឋានសម្រាប់លំហែរនៅជុំវិញ បាននិងកំពុងធ្វើឲ្យតំបន់នេះ ស្ថិតក្នុងគោលដៅរបស់អ្នកវិនិយោគនាពេលអនាគត”។
បច្ចុប្បន្នតម្លៃដីធ្លីនៅជុំវិញតំបន់នេះ ពិសេសតំបន់ភ្នំប្រសិទ្ធមានកើនឡើងតម្លៃរួចទៅហើយ ដែលដីនៅតំបន់នោះមានតម្លៃចន្លោះពី១៥ ទៅ៨០ដុល្លារអាមេរិកក្នុងមួយម៉ែត្រអាស្រ័យលើទីតាំង និងល័ក្ខខ័ណ្ឌហេដ្ឋារចនាសម្ព័ន្ធនានា។

លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា តំបន់ភ្នំប្រសិទ្ធក្នុងស្រុកពញាឮ និងស្រុកឧត្តុងមានសក្តានុពលខ្ពស់នាពេល អនាគត ដោយសារជាតំបន់ស្ថិតនៅកៀកទីក្រុងភ្នំពេញ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ល្អប្រសើរ និងមានសណ្ឋានដីខ្ពស់ ដែលមិនប្រឈមមុខនឹងការលិចលង់នាពេលអនាគត។

លោកបន្តថា “ខ្ញុំគិតថាតំបន់នេះនឹងមានការរីកចម្រើនលឿន នៅក្នុងរយៈពេលបីទៅ៥ឆ្នាំខាងមុខ ដោយសារល័ក្ខខ័ណ្ឌមួយចំនួនខាងលើ”។

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានផ្តល់អនុសាសន៍ឲ្យអ្នកវិនិយោគនានា សាងសង់លំនៅដ្ឋានតម្លៃមធ្យមនៅតំបន់នោះ ដោយសារជាតំបន់ស្ថិតនៅក្បែរទីក្រុង និងមិនមានការបំពុលបរិស្ថានពីរោងចក្រ ឬសហគ្រាសនោះទេ៕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here