ការសិក្សាថ្មី: ការធ្វើចំណាកស្រុករបស់ប្រជាជនហុងកុងទៅអង់គ្លេសនឹងអាចឱ្យទីក្រុងនេះខាតបង់ប្រាក់៣៦ពាន់លានដុល្លារ

0

ដោយ៖ ប៊ី

ភ្នំពេញ៖ ការសិក្សាថ្មីមួយ ដែលចេញផ្សាយដោយធនាគារអាមេរិក (BofA) បានអះអាងថា ប្រជាជនហុងកុងដែលចាកចេញពីទីក្រុង ដើម្បីផ្លាស់ទៅប្រទេសអង់គ្លេសអាចធ្វើឱ្យមានរំហូរមូលធន ឬសាច់ប្រាក់ចេញពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីនេះ ប្រមាណ២៨០ពាន់លានដុល្លារហុងកុង (៣៦ពាន់លានដុល្លារអាមេរិក)។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា វិធានការរបស់ទីក្រុងប៉េកាំងក្នុងការដាក់ឲ្យអនុវត្តច្បាប់សន្តិសុខជាតិកាលពីខែមិថុនា ឆ្នាំមុន បានជំរុញឲ្យចក្រភពអង់គ្លេសផ្តល់សិទ្ធិជ្រកកោន ដល់ប្រជាជនហុងកុងជិត៣លាននាក់ ដែលមានសិទ្ធិទទួលបានលិខិតឆ្លងដែនជាតិក្រៅប្រទេសរបស់អង់គ្លេសចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

- Video Advertisement -

អ្នករស់នៅទាំងនេះ នឹងមានសិទ្ធិស្នាក់នៅក្នុងប្រទេសអង់គ្លេសរយៈពេលប្រាំឆ្នាំ បន្ទាប់មកពួកគេអាចដាក់ពាក្យសុំរស់នៅទីនោះបានតែម្តង ប្រសិនបើពួកគេបានបំពេញតាមតម្រូវការរបស់អង់គ្លេស ដើម្បីក្លាយជាពលរដ្ឋពេញសិទ្ធិ។

ការសិក្សារបស់ការិយាល័យលំនៅដ្ឋានអង់គ្លេស ដែលបានចេញផ្សាយកាលពីឆ្នាំមុន បានប៉ាន់ស្មានថា ប្រជាជនហុងកុង១៥៣.៣០០នាក់ អាចនឹងទៅសុំសិទ្ធិជ្រកើននៅអង់គ្លេសពីនៅឆ្នាំ២០២១ ខណៈការផ្លាស់ប្តូរច្បាប់អន្តោប្រវេសន៍ចូលជាធរមាន។

ធនាគារ BofA បានប៉ាន់ប្រមាណថា ប្រសិនបើប្រជាជនចាកចេញពីហុងកុង លក់អាផាតមិនរបស់ពួកគេក្នុងតម្លៃ៧,៥៣លានដុល្លារហុងកុង (៩៧១,២២៤ ដុល្លារអាមេរិក) ដែលជាតម្លៃមធ្យមនៅក្នុងតំបន់ Kowloon និងដកប្រាក់សោធននិវត្តន៍របស់ពួកគេ បន្ទាប់មករំហូរមូលធននៅឆ្នាំ២០២១ អាចឡើងដល់២៨០,២ពាន់លានដុល្លារហុងកុង ចេញពីទីក្រុងមួយនេះ។

យោងតាមការសិក្សាការិយាល័យលំនៅដ្ឋានអង់គ្លេស បានប៉ាន់ស្មានថា ការធ្វើចំណាកស្រុកពីហុងកុងអាចមានចំនួនខ្ពស់ដល់ប្រជាជន៣២១.៦០០នាក់ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយចាប់ផ្តើមពីខែមករា ឆ្នាំមុន។

ការសិក្សាបានឱ្យដឹងទៀតថាចំនួន ជនចំណាកស្រុកត្រូវបានរំពឹងថានឹងធ្លាក់ចុះ ក្នុងរយៈពេល៤ឆ្នាំខាងមុខ។ ជាលទ្ធផល ធនាគារ BofA ព្យាករថា ផលប៉ះពាល់លើប្រាក់ដុល្លារហុងកុងពីចំនួនប្រជាជនចំណាកស្រុក នឹងត្រូវកាត់បន្ថយ។

ធនាគារ BofA បានឱ្យដឹងថា រំហូរមូលធនពីហុងកុងអាចឈានដល់៥៨៨ពាន់លានដុល្លារហុងកុង (៧៥,៨ ពាន់លានដុល្លារ) សរុបក្នុងរយៈពេល៥ឆ្នាំ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here