ការ​ឈានជើង​ចូល​ទីផ្សារ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​បាន​ធ្វើឲ្យ​ទីផ្សារ​កម្ពុជា​ប្រែប្រួល​យ៉ាងដូច​ម្តេច​

0
រូបភាពនៃក្រុមគ្រួសារ Century21។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ ​ស្រប​ពេល​ទីផ្សារ​អចលនទ្រព្យ​កាន់តែ​មានទំនុក​ចិត្ត​ ក្រុមហ៊ុន​លំដាប់​ពិភពលោក​កាន់តែ​ច្រើន​ បាន​ឈានជើង​មកកាន់​ទីផ្សារ​កម្ពុជា​ ជា​ស្វ័យប្រវត្តិ​បាន​ធ្វើឲ្យ​ទីផ្សារ​នេះ​កាន់តែ​មាន​ភាព​រ៉ឹង​មាំ​ និង​បង្កើន​ការប្រកួត​ប្រជែង​ផង​ដែរ​។

រូបភាពនៃក្រុមគ្រួសារ Century21។ រូបថត៖ សហការី

លោក​ គុយ​ វ៉ា​ត អគ្គ​នាយក្រុម​ហ៊ុន ​Vtrust​ Group​ទំនងជា​មាន​ភាព​ក្លាហាន​ជាងគេ​ដែល​បាន​នាំ​យក​ក្រុមហ៊ុន​អចលនទ្រព្យ​ Master​ Century21​ Cambodia​ មក​មុនគេ​ មុន​ពេល​លោក​យក​ក្រុមហ៊ុន​ដទៃទៀត​ចូល​មកកាន់​ទីផ្សារ​នេះ​ ដែល​ធ្វើឲ្យ​ទីផ្សារ​នេះ​កាន់តែ​អាច​ពង្រីក​ទៅកាន់​ពិភពលោក​ ហើយ​ពិភពលោក​បាន​ស្គាល់​កម្ពុជា​កាន់តែ​ច្រើនជាង​មុន​។

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Century​ 21​ Advance​ Property​ ដែល​ជាស​មា​ជិ​កមួយ​នៅក្នុង​គ្រួសារ​ Century​ 21​ Cambodia​ លោក​ ឡុង​ គឹ​មសួគ៌​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១៥​ ខែឧសភា​នេះ​ថា​ ក្រុមហ៊ុន​ដ៏​ធំ​ និង​ល្បីឈ្មោះ​លំដាប់​ពិភពលោក​ តែងតែមាន​ឱកាស​ច្រើន​នៅក្នុង​ការប្រកួត​ប្រជែង​ ដើម្បី​ចាប់​យក​ចំណែក​ទីផ្សារ​ និង​ងាយ​ទទួល​បាន​ទំនុកចិត្ត​ពីសំណាក់​អតិថិជន​។

លោក​បាន​បន្ត​ទៀត​ថា​ “Century​ 21​ គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​នៅ​សហរដ្ឋអាមេរិក​ ដែល​មានបទពិសោធន៍​យូរឆ្នាំ​ និង​មាន​ជំនាញ​ខ្ពស់​លើ​វិស័យ​អចលនទ្រព្យ​នៅ​ទូទាំង​ពិភពលោក​”។លោក​បន្ត​ថា​ “ក្រុមហ៊ុន​នេះ​ឈរ​លើ​គោលការណ៍​ និង​ប្រព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់​បំផុត​ ចំណុច​ទាំងអស់​នេះ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ​ មានឱកាស​ច្រើន​ក្នុង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ជា​ដៃគូ​ នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​លើក​ពិភពលោក​”។

​ដោយឡែក​ចំពោះ​ក្រុមហ៊ុន​ Century​ 21​ Advance​ Property​ ដែល​ចូល​ជាស​មា​ជិ​កគ្រួសារ​ Century​ 21​ Cambodia​ កាលពី​អំឡុង​ឆ្នាំ​ ២០១៥​ រហូតមកដល់​ពេលនេះ​ ជា​លទ្ធផល​គឺ​ទទួល​បាន​ផ្លែផ្កា​ និង​អភិវឌ្ឍ​លើ​មុខ​ជំនួញ​ក្នុង​វិស័យ​មួយ​នេះ​ គួរ​ឱ្យ​កត់សម្គាល់​ ជាក់ស្ដែង​ជា​លទ្ធផល​បន្ទាប់ពី​បាន​ចូល​ជាស​មា​ជិ​កនៅក្នុង​គ្រួសារ​ Century​ 21​ Cambodia​ ក្នុងរយៈពេល​ជាង៤ឆ្នាំ​កន្លងទៅ​នេះ​ គឺ​មាន​ភាព​រីកចម្រើន​គួរ​ជា​ទី​មោទន​ ដែល​យើង​មាន​អតិថិជន​ និង​ក្រុមហ៊ុន​ជាច្រើន​ ទាំង​នៅក្នុង​និង​ក្រៅប្រទេស​ កំពុងតែ​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុងនាម​ជា​ដៃគូ​» ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ ដែល​អគ្គនាយក​ក្រុមហ៊ុន​Century​ 21​ Mekong​ ក៏បាន​មានប្រសាសន៍​ពី​សក្តា​នុ​ពល​របស់​ម៉ាក​សញ្ញា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​ 21​ Cambodia​ ផង​ដែរ​ថា​ នៅពេល​ដែល​យើង​ទិញ​Franchise​ ក្រុមហ៊ុនមេ​ នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​ពី​ជំនាញ​បន្ថែម​ក្នុង​ការ​ទំនាក់ទំនង​ និង​គន្លឹះ​សំ​ខាន់​ៗជាប្រចាំ​ ដើម្បី​ងាយស្រួល​ផ្សារភ្ជាប់​សហប្រតិបត្តិ​ការ​ជាមួយ​បណ្តា​ក្រុម​ហ៊ុន​ផ្សេង​ៗ ជាពិសេស​អាច​ផ្តល់​ទំនុកចិត្ត​ខ្ពស់​អតិថិជន​។

​លោក​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​ក្រុមហ៊ុន​Century​ 21​ Mekong​ ដែល​ជា​ការិយាល័យ​តំណាង១​ ក្នុងចំណោម​ការិយាល័យ​ទាំង២២នៅក្នុង​ប្រទេស​កម្ពុជា​ គឺ​កំពុងតែ​មាន​សកម្មភាព​យ៉ាង​មមាញឹក​ នៅក្នុង​ដំណើរ​ប្រតិបត្តិ​ការ​របស់​ខ្លួន​ រហូត​បាន​បង្កើត​ជា​សាខា​ចំនួន២​ ខណៈ​នៅក្នុង​គម្រោង​របស់​ក្រុមហ៊ុន​ នៅ​មាន​សាខា​ចំនួន៤ទៀត​នឹង​ត្រូវ​បង្កើត​ក្នុង​ពេល​ដ៏​ខ្លី​ឆាប់​ៗខាង​មុ​ខន​នេះ​ ដើម្បី​បង្កើន​ភាព​ងាយស្រួល​ ក្នុង​ការ​ទទួល​បាន​ចំណែក​ទីផ្សារ​កាន់តែ​ច្រើន​”។

អគ្គ​នាយិកា​ក្រុមហ៊ុន​ Century​ 21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ ដែល​ជា​អ្នកគ្រប់គ្រង​ និង​តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​មានប្រសាសន៍​ថា​ ក្រុមហ៊ុន​ Century​ 21​ មាន​អាយុកាល៤៨ឆ្នាំ​រួម​មក​ហើយ​ ដោយ​បច្ចុប្បន្ន​នេះ​បាន​ពង្រីក​ការិយាល័យ​របស់​ខ្លួន​បាន​ចំនួន៨២២៥​ ការិយាល័យ​ នៅ​តាម​បណ្តា​ប្រទេស​ចំនួន៨១​ និង​មាន​ភ្នាក់ងារ​រហូតដល់​ជាង១៣ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​។ លោកស្រី​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ កម្ពុជា​ គឺជា​ប្រទេស​ទី៧៥​ ដែល​ក្រុមហ៊ុន​ Century​ 21​ ឈានជើង​ចូល​មក​បង្ហាញ​វត្តមានកាល​ពី​អំឡុង​ឆ្នាំ២០១៣​ និង​បាន​បំបែក​ការិយាល័យ​តំណាង​របស់​ខ្លួន​ចំនួន២២​ ដែល​នៅក្នុង​នោះ​ការិយាល័យ​ជាង១០ទៀត​ បាន​ពង្រីក​សាខា​របស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​រួច​ទៅ​ហើយ​ ដើម្បី​ចង់​ផ្តល់​សេវាកម្ម​ល្អ​ឱ្យទៅ​ដល់ដៃ​ម្ចាស់ទ្រព្យ​។

​លោកស្រី​បន្ត​ទៀត​ថា​ “យើង​ជា​ភ្នាក់ងារ​ដែល​មាន​ជំនាញ​ត្រឹមត្រូវ​ ក្នុង​ការ​ផ្តល់​សេវាកម្ម​ទិញ​ លក់​ និង​ជួល​គ្រប់​ប្រភេទ​អចល​ទ្រព្យ​ទាំងអស់​ ជាមួយនឹង​គោលការណ៍​ការ​ផ្តល់​សេវា​ដោយ​ភាព​ទំនុកចិត្ត​ , សេវា​រហ័ស​ទាន់ចិត្ត​ប្រកបដោយ​ស្នាមញញឹម​ និង​ជា​សេវាកម្ម​ដែល​ពោរពេញ​ដោយ​ភាព​ស្មោះត្រង់​”។

រូបភាពនៃក្រុមគ្រួសារ Century21។ រូបថត៖ សហការី

លោកស្រី​ Grace​ Rachny​ Fong​ បាន​បន្ថែម​ថា​ ដោយសារ​សម្លឹងឃើញ​ច្បាស់​ថា​ នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​កំពុងតែ​មានការ​អភិវឌ្ឍន៍​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ ក្រោម​ការ​ចូលខ្លួន​មក​វិនិយោគ​ភាគច្រើន​ដោយក្រុម​ហ៊ុន​ចិន​ និង​ជប៉ុន​នោះ​ ក្រុមហ៊ុន​ Century​ 21​ ដែល​មាន​ទីស្នាក់ការ​នៅ​សហរដ្ឋអាមេរិក​ បាន​ធ្វើការ​សិក្សា​លម្អិត​ពី​ឱកាស​ដែល​អាច​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ ហើយ​ពេលនេះ​ក្រុមហ៊ុន​បាន​ទទួល​សមាជិក​ ដែល​មាន​សក្តា​នុ​ពល​ក្នុងនាម​ជា​សហគ្រិន​ និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ ក្នុង​វិស័យ​នេះ​ចំនួន២២ការិយាល័យ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here