កាស្សាក់ស្ថាន​ចាប់អារម្មណ៍​វិនិយោគ និង​ជំរុញ​ពាណិជ្ជកម្ម​ជាមួយកម្ពុជា

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ឯកអគ្គ​រដ្ឋទូត​កាហ្សាក់ស្ថាន​បាន​បង្ហាញ​ពី​បំណង​លើក​កំពស់​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ជំរុញ​ការ​វិនិយោគ​ ​និង​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​។​

​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ​ហេង​ ​សំ​រិន​ ​ប្រធាន​រដ្ឋសភា​ ​នៅ​វិមានរដ្ឋ​សភា​ ​ព្រឹក​ថ្ងៃទី១៤​ ​ខែមីនា​នេះ​ ​លោក​ ​BeKerzhan​ ​Zhumakhanov​ ​ឯកអគ្គ​រដ្ឋទូត​នៃ​សាធារណរដ្ឋ​កាហ្សាក់ស្ថាន​ប្រចាំ​នៅ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​រដ្ឋាភិបាល​កាហ្សាក់ស្ថាន​ ​ចង់​ឃើញ​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​នយោបាយ​ ​ការទូត​ ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​និង​វិស័យ​ទេសចរណ៍​ ​រវាង​ប្រទេស​កាហ្សាក់ស្ថាន​ ​និង​កម្ពុជា​ ​មាន​ភាព​ប្រសើរ​ឡើង​។​ ​នេះ​បើ​តាម​ការ​ឲ្យដឹង​របស់​លោក​កែវ​ ​ពិសិដ្ឋ​ ​នាយក​ខុទ្ទកាល័យ​សម្តេច​ពញា​ចក្រី​ ​ហេង​ ​សំ​រិន​ ​នៅ​ក្រោយ​ជំនួប​នេះ​។​

​លោក​បាន​បន្ត​ថា​ ​នៅចំពោះមុខ​សម្តេច​ពញា​ចក្រី​ហេង​ ​សំ​រិន​ ​ឯកអគ្គ​រដ្ឋទូត​រូប​នេះ​ ​បាន​សម្តែង​ការ​គាំទ្រ​ ​ដល់​ក្រុម​មិត្តភាព​នៃ​សភា​ប្រទេស​កម្ពុជា​-​កាហ្សាក់ស្ថាន​ ​ដែល​ត្រូវ​បង្កើត​ឡើង​ ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ ​លើ​គ្រប់​វិស័យ​។​

​ជា​ការ​ឆ្លើយតប​ ​សម្តេច​ពញា​ចក្រី​ ​ហេង​ ​សំ​រិន​ ​មានប្រសាសន៍​ថា​ ​រដ្ឋសភា​កម្ពុជា​មានការ​ពេញចិត្ត​ ​និង​គាំទ្រ​រាល់​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​ល្អ​រវាង​ប្រទេស​កម្ពុជា​និង​កាហ្សាក់ស្ថាន​ ​ដោយ​សម្តេច​បាន​បញ្ជាក់​ពី​បំណងប្រាថ្នា​ ​ចង់​ឃើញ​នូវ​ការ​អ​ភិ​វ​ឌ្ឍ​ថ្មី​ៗ​ទៀត​ ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រ​វា​ប្រទេស​ទាំងពីរ​។​ ​ទន្ទឹមគ្នា​នេះ​ ​សម្តេច​ពញា​ចក្រី​ ​ក៏បាន​ស្នើ​លោក​ ​ឯកអគ្គ​រដ្ឋទូត​បន្ត​ជំរុញ​ ​និង​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ ​និង​ប្រជាជន​កាហ្សាក់ស្ថាន​មក​ធ្វើ​ពាណិជ្ជកម្ម​ ​វិនិយោគ​ ​និង​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យតែ​ច្រើនឡើង​ថែមទៀត​។​

​ជាមួយគ្នា​នេះ​សម្តេច​ពញា​ចក្រី​ ​ហេង​ ​សំ​រិន​ ​បាន​ឯកភាព​តាម​ការ​អញ្ជើញ​របស់​ប្រធាន​សភា​កាហ្សាក់ស្ថាន​ ​ដែល​មានការ​គាំទ្រ​ពី​ប្រធាន​សភា​ឌូ​ម៉ា​រុស្ស៊ី​ ​និង​ប្រធាន​សភា​កូរ៉េ​ ​ក្នុង​ការចូលរួម​កិច្ចប្រជុំ​កំពូល​សភា​អឺរ៉ុប​-​អាស៊ី​ ​(​អឺ​រ៉ា​ស៊ី​)​លើក​ទី៤​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​កាហ្សាក់ស្ថាន​ ​នា​ពេល​ខាងមុខនេះ​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here