កូរ៉េ​ខាងត្បូង​វិនិយោគ​នៅ​កម្ពុជា​មាន​ទឹកប្រាក់​រហូតដល់​ជាង​ ៤៥០០លាន​ដុល្លារ​អាមេរិក​

0
ប្លង់អភិវឌ្ឍតំបន់កាំកូស៊ីធី

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រទេស​កូរ៉េ​ជាប់​ចំណាត់ថ្នាក់​ទីពីរ​នៅ​ពីក្រោយ​ប្រទេស​ចិន​ ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​។ រហូតមកដល់​ពេលនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​លើ​គម្រោង​វិនិយោគ​កូរ៉េ​ចំនួន២១២​ ដែល​មានតម្លៃ៤​,៥៦ពាន់​លាន​ដុល្លារ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ធុរកិច្ច​កូរ៉េ​ខាងត្បូង​ ជិត៣០០នាក់​កំពុង​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​បង្កើត​ការងារ​ដល់​ប្រជាជន​រាប់ពាន់​នាក់​ និង​រំពឹង​ការ​វិនិយោគ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ នឹង​កើនឡើង​ថែមទៀត​ បន្ទាប់ពី​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Moon​ Jae​-in​ បាន​ដឹកនាំ​គណៈប្រតិភូ​វិនិយោគិន​ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល៣​ ថ្ងៃ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ខែ​មិនា​កន្លងមក​នេះ​។

លោក​ប្រធានាធិបតី​ Moon​ Jae​-in​ នៅ​ឯកិច្ចប្រជុំ​កំពូល​ធុរកិច្ច​កម្ពុជា​-កូរ៉េ​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​កាលពីដើម​ឆ្នាំនេះ​ បាន​និយាយ​ថា​ “ប្រទេស​កម្ពុជា​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ច្រើនជាង​មុន​ ហើយនឹង​ក្លាយជា​ទីផ្សារ​ដ៏​សំខាន់​បំផុត​មួយ​ សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី​ ក្នុងរយៈពេល១០ឆ្នាំខាងមុខ​នេះ​”។

លោក​បន្ត​ថា​ “ក្រុមហ៊ុន​កូរ៉េ​កំពុង​បង្កើន​ការ​វិនិយោគ​ និង​ប្រតិបត្តិ​ការ​របស់​ពួកគេ​នៅ​ទីនេះ​ផង​ដែរ​”។

លើកឡើង​ស្រដៀងគ្នា​នេះ​ លោក​ឧកញ៉ា​ពុង​ ឃា​វសែ​ប្រធាន​សមាគម​អ្នកសាង​សង់​និង​ជា​អគ្គនាយក​នៃ​សហគ្រាស​កា​ណា​ឌី​យ៉ា​ ធ្លាប់​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្រុមហ៊ុន​សាងសង់​កូ​រ៉េ​ធំៗ​ និង​ក្រុម​អ្នក​វិនិយោគ​កូរ៉េ​ចាប់ផ្តើម​ត្រលប់​មក​វិនិយោគ​នៅ​កម្ពុជា​ឡើងវិញ​ហើយ​ បន្ទាប់ពី​ក្រុមហ៊ុន​មួយចំនួន​បាន​ចាកចេញ​ក្រោយពេល​វិបត្តិសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​សាកល​កាលពី​ឆ្នាំ២០១៨​។

លោក​គិត​ ម៉េ​ង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​មានប្រសាសន៍​នៅ​ឯកិច្ចប្រជុំ​កំពូល​ធុរកិច្ច​កម្ពុជា​-កូរ៉េ​ថា ​“ដោយយោងទៅ​តាម​ការ​វិវឌ្ឍ​ថ្មី​ៗនៅ​កម្រិត​អន្តរជាតិ​ រួម​ទាំង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​-ចិន​ និង​គោលនយោបាយ​អាស៊ាន​ថ្មី​របស់​កូរ៉េ​ ខ្ញុំ​សូម​លើកទឹកចិត្ត​ប្រជាជន​កូរ៉េ​ឱ្យមក​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here