ក្រសួងដែនដីនឹងរៀបចំវគ្គផ្សព្វផ្សាយអំពីច្បាប់ស្ដីពីសំណង់ជាថ្មីនៅដើមសប្ដាហ៍ក្រោយ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងរៀបចំវគ្គផ្សព្វផ្សាយអំពីច្បាប់ស្ដីពីសំណង់ នៅត្រឹមព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នាដើមសប្ដាហ៍ក្រោយនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់សំណង់ឱ្យបានរឹងមាំនៅទូទាំងប្រទេស។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងនឹងរៀបចំវគ្គផ្សព្វផ្សាយអំពីច្បាប់ ស្ដីពីសំណង់ ដោយមានការចូលរួមពីបណ្តាប្រធានក្រុមហ៊ុន ប្រកបអាជីវកម្មសិក្សាគម្រោង និងសាងសង់ ក្រុមហ៊ុនបច្ចេ​កទេស ក៏ដូចជារូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់។

កម្មវិធីនេះនឹងមានការចូលរួមជាអធិបតី ដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ នៅសណ្ឋាគារ សុខាភ្នំពេញ វេលាម៉ោង៨ព្រឹក។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានឱ្យដឹងថា ការបង្កើតឱ្យមានច្បាប់ស្តីពីសំណង់នេះ គឺដើម្បីឆ្លើយតបទៅនឹងវិស័យសំណង់ ដែលមានកំណើនយ៉ាងឆាប់រហ័ស ដូចជា អគារស្នាក់នៅ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ សំណង់ទីក្រុងរណប បុរី ភូមិគ្រឹះ ធនាគារ រោងចក្រ និងគ្រឹះស្ថានសិក្សាជាដើម។

ច្បាប់ស្ដីពីសំណង់ មានគោលបំណង និងសារប្រយោជន៍ ក្នុងការពង្រឹងការគ្រប់​គ្រងគ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការងារទាំងឡាយ ក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here