ក្រសួងពាណិជ្ជកម្មស្នើរូម៉ានីគាំទ្រការផ្តល់ភា​ពអនុគ្រោះពាណិជ្ជកម្ម EBA ដល់កម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានស្នើដល់មន្ត្រីការទូតជាន់ខ្ពស់នៃប្រ​ទេ​សរូម៉ានី ដែលជាសមាជិកមួយនៃសហគមន៍អឺរ៉ុប ឲ្យបន្តគាំទ្រនិងពន្យល់ប្រមុខរបស់សហគមន៍នេះ អំពីសារៈសំខាន់នៃការរក្សាភាពអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ដល់កម្ពុជា ដើម្បីសម្រួលដល់ការធ្វើពិពិធកម្មវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

លោកជំទាវតឹករ៉េក កំរ៉ងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកសំណើនេះឡើង នៅក្នុងជំនួបពិភាក្សាជាមួយលោកជំទាវ Monica Gheorghiţtă អនុរដ្ឋមន្រ្តីការបរទេសនៃប្រទេសរូម៉ានី និងគណៈប្រតិភូ ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃច័ន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងរូម៉ានី។

លោកជំទាវ តឹករ៉េត កំរង បានជម្រាបលោកជំទាវអនុរដ្ឋមន្ត្រីការបរទេស នៃប្រទេ​សរូម៉ានី អំពីសមិទ្ធផលសំខាន់ៗលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់លោកជំទាវ ម៉ូនីកា ហ្គេអូហ្គីតា ដែលបានអញ្ជើញមកស្វែងយល់អំពីស្ថានភាពពិតរបស់ប្រទេសកម្ពុជា និងបានចាត់ទុកបេសកកម្មនេះ ជាវឌ្ឍនភាពថ្មីមួយទៀតនៃការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរូម៉ានីលើវិស័យអទិភាពផ្សេងៗ រួមទាំងពាណិ​ជ្ជ​កម្ម។

លោកជំទាវម៉ូនីកា ហ្គេអូហ្គីតា បានថ្លែងអំណរគុណដល់លោកជំទាវរដ្ឋលេខាធិ​ការ ដែលបានចែករំលែកនូវព័ត៌មានស្តីពីសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗរបស់កម្ពុជា ហើយលោកជំទាវ ក៏បានយល់ស្របនិងបានកោតសរសើរ ចំពោះស្ថានភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសការរក្សាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំ ដែលជាបច្ច័យសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងកសាងប្រទេសឡើងវិញ។

Advertisement

ទន្ទឹមគ្នានេះ លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសរូម៉ានី ក៏បានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានសន្យានាំយកព័ត៌មានអំពី ស្ថានភាពរីកចម្រើនពិតរបស់កម្ពុជា ជម្រាបជូនប្រទេសដែលជាសមាជិកអឺរ៉ុបផ្សេងៗ និងប្រមុខនៃសហគមន៍អឺរ៉ុប ដើម្បីរក្សាការផ្តល់ភាពអនុគ្រោះពន្ធ EBA ដល់កម្ពុជាបន្តទៀត សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងធ្វើពិពិធកម្មវិស័យការងារ និងប្រាក់ចំណូលជូនប្រជាជនកម្ពុជា ជាពិសេសកម្មការនី ដែលកំពុងបម្រើការងារក្នុងឧស្សាហកម្មវាយនភណ្ឌ៕

- Advertisement -

Leave a Reply