ក្រសួងសេដ្ឋកិច្ចៈវិស័យអចលនទ្រព្យនឹងបន្តកំណើនរ៉ឹងមាំខណៈនិន្នា ការវិនិយោគថយថយល្បឿន

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករណ៍ថា វិស័យអចលនទ្រព្យនឹងបន្តមានកំណើន​ដោយ​រ៉ឹង​មាំក្នុងឆ្នាំនេះ និងឆ្នាំ២០១៩ខាងមុខ បើទោះបីទីផ្សារបានងាកទៅកាន់ប្រជាពលរដ្ឋមានប្រាក់​ចំណូលមធម្យមក្តី។

យោងតាមឯកសារសមិទ្ធកម្ម និងទស្សនវិស័យរបស់អគ្គនាយកដ្ឋានគោលនយោបាយ​នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា វិស័យអចលនទ្រព្យ នឹងនៅបន្តមាន​កំណើនរឹងមាំក្នុងរង្វង់៨,៥ភាគរយ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ប៉ុន្តែមានការធ្លាក់ចុះបន្តិចបន្តួចបើ​ប្រៀបធៀបទៅឆ្នាំ២០១៧។

វិស័យអចលនទ្រព្យបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដោយបានក្លាយជា កំលាំងចលករធំទី២ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ បន្ទាប់ពីវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង ដែលជាវិស័យនាំ​ចេញធំជាងគេទី១របស់កម្ពុជា។ ទោះជាយ៉ាងណានៅក្នុងទីផ្សារនេះ អ្នកជំនាញបានលើកឡើងថា ស្ថានភាពនៅកម្ពុជា កំពុងតែមានភាពផ្លាស់ប្តូរនិន្នាការមួយចំនួនក្នុងវិស័យនេះ។
អគ្គនាយក​ក្រុមហ៊ុន​Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងថា ក្នុងឆ្នាំនេះសកម្មភាពទិញ​លក់​អចលនទ្រព្យ នៅតែមានភាពរ៉ឹងមាំ ប៉ុន្តែដោយសារវាជាឆ្នាំនៃការបោះឆ្នោត មានអ្នកវិនិយោគមួយ​ចំនួនមានការប្រុងប្រយ័ត្ន បើទោះជាស្ថានភាពនយោបាយមិនមានអ្វីប្រែប្រួលក្តី ប៉ុន្តែអារម្មណ៍របស់​ប្រជាជននៅតែគិត។លោកបន្តថា ផ្ទុយទៅវិញ ប្រសិនជាយើងមើលនិន្នាការនៃការវិនិយោគផ្ទាល់​ពី​បរទេស ជាទូទៅគឺមាននិន្នាការថយចុះ ប៉ុន្តែជាចក្ខវិស័យសម្រាប់រយៈពេលវែង វិស័យនេះនៅតែមាន​ភាពល្អប្រសើរនិងរីកចម្រើនបន្តទៀត។ លោកបន្តថា អ្វីនៅពីក្រោយភាពរីកចម្រើននេះ ដោយសារកត្តា​មួយ​ចំនួនដូចជា ទី១ ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ដែលអ្នកអភិវឌ្ឍន៍អាចចាប់យកឳកាស និងអាចរក​បានប្រាក់​ចំណេញច្រើន ទី២ ប្រទេសនេះមានប្រាក់ចំណេញខ្ពស់ ពីការវិនិយោគច្រើនជាង​ប្រទេស​អភិវឌ្ឍន៍ហើយ ទី៣ កំនើនសេដ្ឋកិច្ច និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាចលករជួយ​ជម្រុញ​វិស័យនេះកាន់តែមានភាពរ៉ឹងមាំ ទី៤ ការគាំទ្រពីវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ និងទី៥ ការវិនិយោគបន្ថែមពីអ្នកវិនិយោគបរទេសលើគំរោងនានា ដើម្បីពង្រីកមូលដ្ឋានអាជីវកម្មរបស់ពួកគេ​(Investment Fund)។

នាយិការប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានថ្លែងថា ក្នុងឆ្នាំនេះ​យើងសង្កេតឃើញថា គំរោងវិនិយោគថ្មីពីអ្នកវិនិយោគក្នុងស្រុក និងលំហូរទុនវិនិយោគផ្ទាល់ពីបរទេស​បានថយចុះ ដែលមិនមែនដោយសារការបោះឆ្នោតនោះទេ ប៉ុន្តែដោយសារកត្តាទីផ្សារខ្លួនឯង ព្រោះ​គំរោងអភិវឌ្ឍន៍កន្លងមក៨០ភាគរយ ជាលំនៅដ្ឋាន ហេតុនេះទីផ្សារត្រូវការពេលវេលា ដើម្បី​ទទួល​យកតម្រូវការបន្ថែម។ អ្នកនាងបន្តថា “កត្តានេះហើយ ដែលធ្វើឲ្យអ្នកវិនិយោគបរទេស​មួយចំនួននៅ​រង់ចាំមើលស្ថានភាពទីផ្សារ ប៉ុន្តែមិនមែនពួកគេពន្យាពេលគំរោងរបស់ពួកគេនោះទេ”។អ្នកនាងបន្ថែមថា “បើមើលទីផ្សារវាមិនលើសតម្រូវការនោះទេ ប៉ុន្តែវាបានផ្លាស់ប្តូរនិន្នាការពីបែបប្រពៃណី មកកាន់​ស្តង់ដា​​កាន់តែទំនើបជាងមុន”៕

Advertisement

 

- Advertisement -

Leave a Reply