ក្រសួងសេដ្ឋកិច្ច​ផ្តល់​អជ្ញា​ប័ណ្ណ​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ ៣០៩​គម្រោង​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ផ្តល់​អជ្ញា​ប័ណ្ណ​ចំនួន៣០៩​ គម្រោង​ ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ចំនួន២០១ក្រុមហ៊ុន​ ដើម្បី​ដំណើរការ​សាងសង់​លំនៅ​ដ្ឋាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​។

អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ រស់​ ភី​រុ​ណ បាន​មាន ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ តប​តាម​ការ​ស្នើសុំ​ក្រសួង​បានសម្រេច​ផ្តល់​អជ្ញា​ថប័ណ្ណ៣០៩​ ទៅ​ឱ្យ​ក្រុមហ៊ុន​ចំនួន២០១​ ។ លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ នៅក្នុង​គម្រោង​ទាំង៣០៩​ មាន​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ចំនួន​ ២៨៥គម្រោង​ ដែល​ក្នុង​នោះ​គម្រោង​ចំនួន១៥២​ ត្រូវ​បាន​បញ្ចប់​ការសាងសង់​ និង​គម្រោង​ចំនួន១៣៣ទៀត​ កំពុងតែ​មានដំណើរ​សាងសង់​នា​ពេល​បច្ចុប្បន្ន​នេះ​។

ផ្អែក​តាម​ការសិក្សា​របស់ក្រ​សួង​អំពី​ ក្របខ័ណ្ឌ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា​បាន​រក​ឃើញថា​ ចំនួន​ប្រជាជន​រស់នៅ​ក្នុង​រាជធានី​ និង​ទីប្រជុំជន​កាលពី​ឆ្នាំ២០១៤​ ​មាន​ចំនួន៤​,៥លាន​នាក់​ ស្មើនឹង២៧​,១ភាគរយ​ នឹង​បន្ត​កើនឡើង​ដល់៧​,៩២លាន​នាក់​នៅ​ឆ្នាំ២០៣០​ ស្មើនឹង៤៤ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​។ តាមរយៈ​ទិន្នន័យ​ដដែល​បាន​បង្ហាញ​ឱ្យ​ឃើញថា​ សម្រាប់​រយៈពេល១៥ឆ្នាំ​រាប់​គិត​ចាប់ពី​ឆ្នាំ២០១៥​ ដល់​ឆ្នាំ​ ២០៣០ខាងមុខនេះ​ តម្រូវការ​លំនៅ​ដ្ឋាន​សម្រាប់​រាជធានី​ និង​ទីប្រជុំជន​មាន​ប្រមាណ​ ៨០ម៉ឺន​លំនៅ​ដ្ឋាន​ទៀត​ ដែល​គិតជា​មធ្យម​មាន​តម្រូវការ​ប្រមាណ ៥ម៉ឺន​ លំនៅ​ដ្ឋាន​ក្នុង​មួយឆ្នាំ​។

អគ្គ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​ 21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ថា​ ចំនួន​គម្រោង​ទាំងនេះ​នៅ​មិនទាន់​ច្រើនពេក​នោះ​ទេ​ ខណៈ​ដែល​ប្រជាជន​កម្ពុជា​ មាន​តម្រូវការ​លំនៅ​ដ្ឋាន​សម្រាប់​ស្នាក់នៅ​ជាច្រើន​ទៀត​។ លោកស្រី​បន្ត​ទៀត​ថា​ “នៅពេល​ដែល​ក្រសួង​ផ្តល់​អជ្ញា​រប័​ណ្ណ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ វា​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញថា​ វិស័យ​មួយ​នេះ​កំពុងតែ​មាន​ភាព​រីកចម្រើន​ និង​អភិវឌ្ឍ​ល្អ​។

លោកស្រី​បាន​បន្ត​ថា​ “នៅពេល​មាន​គម្រោង​អភិវឌ្ឍន៍​កាន់តែ​ច្រើន​ នៅ​លើ​ទីផ្សារ​ផ្សារ​រួម​ វា​បាន​ផ្តល់​នូវ​ជម្រើស​ដ៏​ល្អ​សម្រាប់​អតិថិជន​ ដែល​មាន​ចំណូល​មធ្យម​ក្នុង​ការសម្រេច​ចិត្ត​ទិញ​លំនៅ​ដ្ឋាន​ផ្ទាល់ខ្លួន​”។ លោកស្រី​បន្ត​ទៀត​ថា​ “បើ​ទោះជា​មានការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​យ៉ាង​ក៏ដោយ​ ក្រុមហ៊ុន​អភិវឌ្ឍ​ត្រូវតែ​យកចិត្ត​ទុកដាក់​សំខាន់​ទៅលើ​គុណភាព​សំណង់​ និង​ការបង្កើត​បរិយាកាស​ជុំវិញ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​ ជៀសវាង​ដើម្បី​អាច​ទទួល​បាន​ចំណែក​ទីផ្សារ​ច្រើន​ តាមរយៈ​ការ​លក់​តម្លៃ​ទាប​ ហើយ​កាត់បន្ថយ​គុណភាព​សំណង់​នោះ​ទេ​”។

បច្ចុប្បន្ន​នេះ​ ចំពោះ​វិស័យ​លំនៅ​ដ្ឋាន​បាន​ កើតមាន​នៅ​តាម​បណ្តា​តំបន់​ជាយក្រុង​យ៉ាង​ស្អេកស្កះ​ ជាពិសេស​នៅ​តាម​បណ្តា​ផ្លូវជាតិ​សំ​ខាន់​ៗមួយចំនួន​ ដូចជា​ ផ្លូវជាតិ​លេខ១​ -២ -៣ -៤-៥ ជាពិសេស​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦​A ដែល​ជា​តំបន់​មួយ​អ្នកជំនាញ​ធ្វើការ​ព្យាករណ៍​ថា​ នៅ​ថ្ងៃខាងមុខ​នេះ​ នឹង​ក្លាយជា​តំបន់​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​ និង​កម្រិតមធ្យម​យ៉ាង​ប្រាកដ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here