ក្រុមហ៊ុន​ចិន​ធំ​មួយ​គ្រោង​វិនិយោគ ២០០លាន​ដុល្លារ​សាងសង់​អគារ​ពាណិជ្ជកម្មដ៏​ទំនើប​នៅក្នុង​ទី​រួម​ខេត្តកំពង់ស្ពឺ

0

ដោយ វុត្ថា

កំពង់ស្ពឺ៖ លោក​វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​របស់​ចិន​មួយ​មាន​ឈ្មោះថា Floy Green Land ដែលមាន​ម្ចាស់​ជនជាតិ​អាមេរិក​គ្រោង​វិនិយោគ​ទឹកប្រាក់២០០លាន​ដុល្លារ​អាម​រិ​ក ដើម្បី​សាងសង់​មជ្ឈមណ្ឌល​អគារ​ពាណិជ្ជ​កម្ម ដែល​រួ​មាន​អគារ​ស្នាក់នៅ​បែប​ខុន​ដូ និង​ផ្សារ​ទំនើប​នៅក្នុង​ទី​រួម​ខេត្តកំពុងស្ពឺ​តែម្តង។

លោក​បន្តថា “ខ្ញុំ​ចង់​លើកមុខ​មាត់កំពង់​ស្ពឺ​យើង​ហ្នឹង​ណា ចឹ​ង​ហើយ​បាន​ខ្ញុំ​ខិតខំ​កៀងគរ​អ្នកវិនិយោគ​មក​អភិវឌ្ឍន៍​ខេត្ត ឲ្យ​មានការ​រីកចម្រើន​ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន។ លោក​បន្តថា “តាម​ផែនការ​មជ្ឈមណ្ឌល​អាគារ​ពាណិជ្ជ​កម្មនេះ គ្រោង​នឹង​សាងសង់​នៅលើ ទីតាំង​សាធារណៈការ​ខេត្ត​បច្ចុប្បន្ន បើ​សាងសង់​កន្លែង​ហ្នឹង វា​នឹង​អាច​ប្រែ​មុខ​ប្រែ​មាត់​ខេត្ត​ខ្លាំង​មែនទែន ហើយ​ទល់មុខ​ហ្មឹ​ង​មាន​កន្លែង​មួយទៀត គឺ​នៅ​ទីតាំង​ស្ទី​ត​យោ​របស់​ក្រសួង​វប្បធម៌ ដោយ​យក​ទីតាំង​ទាំងនេះ​ចេញ។

លោក​អភិបាលខេត្ត​បាន​បន្ថែមថា តំបន់​ហ្នឹង​គឺជា​កន្លែង​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម ដ៏​ទំនើប ហើយ​លោក​ចង់​ឲ្យ​ក្រុមហ៊ុននីមួយៗសាងសង់​សងខាង មាន​ស្ពាន​អាកាស​ឆ្លងកាត់​លេខ៤ ដោយ​អាច​ដើរ​ឆ្លង​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយទៀត​ផងដែរ តែ​នេះ គ្រាន់តែ​ស្រមើស្រមៃ​ទុក​ប៉ុណ្ណោះ ព្រោះ​ខាង​ក្រុមហ៊ុន​កំពុងតែ​សិក្សា​លំអិត។

យ៉ាងណាក៏ដោយ លោក​បន្តថា “ខាង​ក្រុមហ៊ុន​បាន​គាំទ្រ​នូវ​អ្វីដែល​យើង​គិតគូ​ជូន​ពួកគាត់ ព្រោះ​ពួកគាត់​ចង់បាន​ដូច្នេះ​ដែរ តែ​អ្វីដែល​សំខាន់​គឺ​ខាង​ក្រុមហ៊ុន​ជ្រើសរើស​ជួយ​ខេត្តកំពង់ស្ពឺ​មួយ​សិន ក្នុង​គោលដៅ​ក្នុងការ​អភិវឌ្ឍន៍ ដោយ​កន្លងមក​គម្រោង​របស់​ពួកគាត់​មាននៅ​ក្នុង​ខត្ត​ព្រះសីហនុ កំពត កែប និង​កោះកុង។

លោក​អភិបាលខេត្ត​រូបនេះ​បាន​បន្តថា នៅពេល​យើង​រៀបចំ​ដីជូ​ន​ក្រុមហ៊ុន​រួចរាល់​ពេលណា ដោយមាន​ការគាំទ្រ​ដោយ​ប្រមុខ​រាជ​រដ្ឋ​រាជរដ្ឋាភិបាល ខាង​ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​សាងសង់ និង​វិនិយោគ​ហើយ​សម្រាប់​គំរូ​ប្លង់អ្វីៗ ត្រូវបាន​គេ​ធ្វើ​រួចរាល់​អស់ហើយ នៅឡើយ​តែ​ដី​ប៉ុណ្ណោះ។

លោក វ៉ី សំណាង អភិបាលខេត្ត បាន​សម្ដែង​នូវ​ការគាំទ្រ ចំពោះ​គម្រោង​ទាំងនេះ ក្នុង​ការជួយ​លើ​ការបង្កើត​ឱកាស​ការងារ ដែលជា​វិភាគទាន​ដ៏​សំខាន់​ក្នុងការ​ចូលរួមចំនែក​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​កាន់តែ​មានការ​រីកចម្រើន​បន្ថែមទៀត ហើយ​ក្នុងនាម​អាជ្ញាធរខេត្ត លោក​និង​ផ្ដល់នូវ​កិច្ចសហការ​ជានិច្ច​ជាមួយ​ក្រុមហ៊ុន នូវ​រាល់​គម្រោង​វិនិយោគ​នានា​ក្នុង​ខេត្តកំពង់ស្ពឺ ដើម្បី​បង្កើត​ការងារ​ធ្វើ កាត់បន្ថយ​ចំណាកស្រុក បង្កើន​ចំណូល និង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ។

លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​រវាង រដ្ឋបាលខេត្ត​កំពង់ស្ពឺ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង សមាគម​អ្នកវិនិយោគ​ចិន-កម្ពុជា ក្នុង​គោលបំណង​ផ្ដោត​សំខាន់​លើ​ការវិនិយោគ លើ​គ្រប់​វិស័យ​ដែល​រួមមាន​អគារ​ស្នាក់នៅ ផ្សារ​ទំនើប កន្លែង​កំសាន្ត និង​តំបន់​អេកូ​ទេសចរណ៍​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here