ក្រុមហ៊ុន​ចិន​ធំ​មួយ​បោះទុន​វិនិយោគ​លើ​ផ្ទៃដី​ ២០០០ហិ​កតា​លើ​វិស័យ​កសិកម្ម​នៅ​ខេត្តកំពង់ធំ​

0
លោករដ្ឋមន្ត្រី វេង សាខុន និងលោក He Jianping ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន BGI International Investment

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ធំ​មួយ​មក​ពី​ប្រទេស​ចិន​ គឺ​ BGI​ International​ Investment​ បាន​និង​កំពុង​រៀបចំ​ដី​ជាង២ពាន់​ហិ​កតា​ នៅ​ខេត្តកំពង់ធំ​សម្រាប់​ធ្វើការ​ដាំដុះ​ កែច្នៃ​ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម​ ដូចជា​អង្ករ​ ស្វាយ​ និង​ស្វាយចន្ទី​។

ក្នុង​ជំនួប​រវាង​ លោក​រដ្ឋមន្ត្រី​ វេង​ សា​ខុន​ និង​លោក​ He​ Jianping​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ BGI​ International​ Investment​ នា​ព្រឹក​ថ្ងៃទី១៦​ ឧសភា​នេះ​ ប្រធាន​ក្រុមហ៊ុន​បាន​អះអាង​ថា​ គំរោង​វិនិយោគ​នេះ​ ផ្តោត​សំខាន់​ទៅលើ​បំណង​ និង​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ការកែច្នៃ​ វេច​ខ្ចប់​ ពិសេស​ការ​បំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម​ពី​ចំណុច​ផ្តើម​ រហូតដល់​ការនាំចេញ​តែម្តង​ ហើយ​អ្វី​ដែល​សំខាន់​នោះ​ ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ទីផ្សារ​កសិផល​គឺ​តាមរយៈ​ប្រព័ន្ធ​អ៊ី​នធឺ​ណេត​ ដែល​អាច​កាត់បន្ថយ​ពេលវេលា​ ការ​ចំណាយ​ និង​បង្កើន​ភាព​ទូលំទូលាយ​ជូន​គ្រប់​ភាគី​ពាក់ព័ន្ធ​។

លោក​ He​ Jianping​ បាន​បញ្ជាក់​ផង​ដែរ​ថា​ “ដើម្បី​ឱ្យ​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​ ក្រុមហ៊ុន​បាន​រៀបចំ​ដី​ជាង២ពាន់​ហិ​កតា​ នៅ​ខេត្តកំពង់ធំ​សម្រាប់​ធ្វើការ​ដាំដុះ​ កែច្នៃ​ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម​ ដូចជា​អង្ករ​ ស្វាយ​ ស្វាយចន្ទី​ជាដើម​ ហើយ​គម្រោង​នេះ​ក៏​ទទួល​បានការ​សហការ​គាំទ្រ​ពី​ក្រសួង​កសិកម្ម​ និង​កិច្ចការ​ជនបទ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផង​ដែរ​”។

លោក​រដ្ឋ​មន្ត្រី​វេង​ សា​ខុន​បាន​ថ្លែង​ថា​ ចំណងមិត្តភាព​យ៉ាង​ជិតស្និទ្ធ​រវាង​កម្ពុជា​ និង​ចិន​ បាន​នាំមក​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​ភាគី​ចិន​បាន​ដើរតួ​យ៉ាង​សំខាន់​ ក្នុង​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ការ​ផ្តល់​ហិរញ្ញប្បទាន​ និង​បច្ចេកទេស​មកដល់​កម្ពុជា​។

លោក​បន្ថែ​ថា​ “វិស័យ​កសិកម្ម​ ភាគី​ចិន​ក៏បាន​និង​កំពុង​បន្ត​ផ្តល់​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ភាគី​កម្ពុជា​ផង​ដែរ​ ដោយ​ភាគី​ចិន​បាន​ឯកភាព​បង្កើន​កូតា​នាំចូល​អង្ករ​កម្ពុជា​រហូតដល់ ៤០០ពាន់​តោន​ និង​ថ្មី​ៗនេះ​បាន​អនុញ្ញាត​ឱ្យ​ចេកអំបូង​លឿង​កម្ពុជា​ធ្វើការ​នាំចេញ​ឆ្ពោះ​ត្រង់​ទៅកាន់​ទីផ្សារ​ចិន​ ហើយ​សង្ឃឹមថា​ផលិតផល​កសិកម្ម​មួយចំនួន​ទៀត​ដូចជា​ស្វាយ​ ផ្លែ​មៀន​ ម្រេច​ ផ្លែ​ស្រកានាគ​ ផ្លែ​ដូង​ និង​ទឹកមាត់​ត្រចៀកកាំ​ ដែល​ភាគី​ទាំងពីរ​កំពុងធ្វើការ​ចរចា​អំពី​លក្ខខណ្ឌ​តម្រូវ​ស្តី​ពីអ​នា​ម័យ​ និង​ភូតគាម​អនាម័យ​ នឹងអាច​ធ្វើការ​នាំចេញ​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​”។

លោក​ឲ្យដឹង​ថា​ ទន្ទឹម​នឹង​នេះ​ ចំនួន​នៃ​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ចិន​ មក​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ក៏បាន​និង​កំពុង​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ ដូច្នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​គាំទ្រ​ និង​ស្វាគមន៍​ចំពោះ​បំណង​ និង​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​មក​លើ​វិស័យ​នេះ​ ដោយ​ត្រូវ​សំដៅលើ​ការកែច្នៃ​ វេច​ខ្ចប់​វត្ថុធាតុដើម​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ និង​នាំចេញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here