ក្រុមហ៊ុន​អចលនទ្រព្យ​ចំនួន២​ ចាប់ដៃ​គ្នា​ពង្រឹង​សេវាកម្ម​ និង​បង្កើន​ទំនុកចិត្ត​ដល់​អតិថិជន

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​៖ ក្រុមហ៊ុន​អចលន​ទ្រព្យ​ធំៗ​ចំនួន២​ គឺ​ក្រុមហ៊ុន​ KAT​ APPRAISAL​ Real​ Estate​ Services​ និង​ក្រុមហ៊ុន​ Easy​ Property​ បាន​សហការ​គ្នា​ជា​ដៃគូ​ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​ការវាយតម្លៃ​ និង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​នៅ​លើ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ បង្កើន​ទំនុកចិត្ត​សម្រាប់​អតិថិជន​របស់​ខ្លួន​។

នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ KAT​ APPRAISAL​ Real​ Estate​ Services​ លោកស្រី​ ចេវ​ សុ​ឃុន​ បាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី៩​ ខែតុលា​ ឆ្នាំ២០១៩​ នេះ​ថា​ “កិច្ចសហការ​គ្នា​ជា​ដៃគូ​នៅក្នុង​វិស័យ​អចលនទ្រព្យ​គឺជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ​ ដែល​អាច​ស្វែងរក​ចំណែក​ទីផ្សារ​ និង​ទទួល​បានផល​ប្រយោជន៍​រួមគ្នា​ប្រសើរ​ជាង​ការប្រកួត​ប្រជែង​គ្នា​ដោយ​គ្មាន​តម្លាភាព​ និង​គ្មាន​ភាព​ស្មោះត្រង់​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “កិច្ចសហការ​គ្នា​ជា​ដៃគូ​នេះ​ គឺ​ធ្វើឡើង​ក្នុង​គោលបំណង​ពន្លឿន​ និង​ពង្រឹង​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ និង​បង្កើន​ទំនុកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​ដៃគូ​នានា​ ក៏ដូចជា​អតិថិជន​ទូទៅ​ផង​ដែរ​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “តាមរយៈ​កិច្ចសហការ​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​ទាំង២នេះ​ ខ្ញុំ​ជឿជាក់​ថា​ នឹង​ទទួល​បាន​ភាពល្អ​ប្រសើរ​ជាច្រើន​ក្នុងនាម​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​កម្ពុជា​ យើង​នឹង​ផ្លាស់ប្ដូរ​បទពិសោធន៍​ជាមួយ​គ្នាន​ទៅវិញ​ទៅមក​ ក៏ដូចជា​ចែករំលែក​នូវ​ចំណេះដឹង​ទៅដល់​បណ្តា​បុគ្គលិក​ក្នុងនាម​ជា​ភ្នាក់ងារ​ជំនាញ​”។

លោកស្រី​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​ទាំងពីរ​ដែល​ទើបតែ​ក្លាយជា​ដៃគូ​ជាមួយគ្នា​នា​ពេលនេះ​ សុទ្ធតែ​ជា​ក្រុមហ៊ុន​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​អចលនទ្រព្យ​ ក៏ដូចជា​ការ​ប្រឹក្សា​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អចលន​ទ្រព្យ​ផ្សេង​ៗមុន​ការ​វិនិយោគ​ជាដើម​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ជា​បទពិសោធន៍​ កាលពី​ពេល​កន្លងទៅ​ក្រុមហ៊ុន​ទាំង២បាន​ក្លាយជា​ក្រុមហ៊ុន​ភ្នាក់ងារ​ ដែល​ទទួល​បាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍ​សំណង់​លំនៅ​ដ្ឋាន​ និង​បុរី​ ខុន​ដូ​ អា​ផា​តមិន​ ជាច្រើន​ ដែល​សុទ្ធតែ​ទទួល​បាន​ភាព​វិជ្ជមាន​ទាំងអស់​”។

ជាមួយគ្នា​នេះ​ផង​ដែរ​ លោកស្រី​ ចេវ​ សុ​ខុន​ ក៏បាន​បង្ហាញ​ពី​ភាព​ជឿជាក់​ក្នុង​កិច្ចសហការ​គ្នា​ជា​ដៃគូ​នៅពេល​នេះ​ នឹង​ក្លាយជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កាន់​មាន​ភាពល្អ​ប្រសើរ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Easy​ Property​ Investment​ Co​.,Ltd​ លោក​ ម៉ម​ សិរី​បញ្ញា​ បាន​មានប្រសាសន៍​ថា​ “កិច្ចសហការ​ខាងលើ​នេះ​ ក្រុមហ៊ុន​បាន​ផ្តោត​សំខាន់​ទី​លើ​ចំណុច​សំខាន់​ចំនួន២​ ទី១គឺ​ការវាយតម្លៃ​ដែល​ជា​ជំនាញ​ខ្ពស់​របស់​ក្រុមហ៊ុន​ជា​ដៃគូ​ ហើយ​ទី២​ គឺ​ជំរុញ​ និង​ពន្លឿន​ការ​លក់​លំនៅ​ដ្ឋាន​ក្នុង​បុរី​នានា​ ដែល​ជា​ជំនាញ​របស់​ក្រុមហ៊ុន​ទាំង២នេះ​តែម្ដង​”។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រៅពី​នេះ​ ក្រុមហ៊ុន​របស់​ពួក​យើង​ទាំង២​ សុទ្ធតែ​មាន​ជំនាញ​ក្នុង​ការរៀបចំ​ឯកសារ​ ផ្ទេរសិទ្ធិ​ កាត់​ប្លង់​ ជាពិសេស​អាច​ជួយ​ជា​ជំនួយ​ដល់​អតិថិជន​ក្នុង​ការទិញ​លំនៅ​ដ្ឋាន​ក្នុង​បុរី​បាន​ល្អ​ និង​មានតម្លៃ​សមរម្យ​ ស្របច្បាប់​ មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​ ហើយ​អាច​ជួយ​ឱ្យ​ម្ចាស់ផ្ទះ​ ឬម្ចាស់​បុរី​លក់​ផ្ទះ​ចេញ​បាន​លឿន​រហ័ស​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here