ក្រុមហ៊ុនK Cementបោះទុនជិត២២លានដុល្លារធ្វើអាជីវកម្មពីដីឥដ្ឋ

0

ដោយវុត្ថា
ភ្នំពេញ: ក្រុមហ៊ុនកំពតស៊ីមេន ខូ អិល ធី ឌីបានសម្រេចបោះទុនជិត២២លានដុល្លា​រអាមេរិក លើអាជីវកម្មដីឥដ្ឋក្នុងទំហំ៦៧,១២ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិព្រៃធំ និងភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។


រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថ្លែងនៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA) សម្រាប់គម្រោងនេះ នៅថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៩ កន្លងមកថា ផែនការអាជីវកម្មនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល១៨ឆ្នាំ (២០១៨-២០៣៥) ក្នុងបរិមាណសរុប២៧៨,៧៨៧ តោន។

លោកបន្តថា “គម្រោងពីវិស័យឯកជននេះ គឺជាដៃគូដែលមិនអាចខ្វះបាន ម្យ៉ាងវិញទៀត គម្រោងនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងដំណើរការផលិតស៊ីម៉ងត៍ សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារសំណង់ក្នុងស្រុក និងជួយជំរុញកំនើនសេដ្ឋកិច្ចជាតិ និងបានចូលរួមចំណែកកាត់បន្ថយ ភាពក្រីក្រដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា”។


ជាមួយគ្នានោះ លោកបានស្នើរឲ្យក្រុមហ៊ុននេះ ពិចារណាធ្វើផ្លូវបេតុងកាត់ភូមិដែលមានចម្ងាយប្រមាណជាង២គ.ម ដើម្បីឱ្យសហគមន៍មូលដ្ឋានពេញចិត្តនឹងគម្រោង យកចិត្តទុកដាក់លើការគ្រប់គ្រងសំណល់រឹង-រាវគ្រប់ប្រភេទ ដើម្បីកាត់បន្ថយការបំពុលគុណភាពទឹកលើដី-ក្រោមដី និងត្រូវយកចិត្តទុកដាក់លើសុខុមាលភាព និងសុវត្ថិភាពកម្មករ ដោយត្រូវមានកន្លែងសង្គ្រោះបឋម និងបណ្ណ ប.ស.ស។

លោកក៏បានណែនាំឱ្យអ្នកបើកបររបស់ក្រុមហ៊ុននេះ គោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយត្រូវមានបណ្ណបើកបរ ដឹកមិនលើសទម្ងន់ គ្របតង់និងបោសសម្អាតអាចម៍ដី ដែលជ្រុះធ្លាក់លើផ្លូវថ្នល់ជាប្រចាំ ដើម្បីរក្សាសោភ័ណភាព និងការពារគ្រោះថ្នាក់នានា ។


ក្រុមហ៊ុនក៏ត្រូវមានផែនការដាំដើមឈើជាបណ្តើរៗ នូវប្រភេទដើមឈើក្រញូង បេង ធ្នង់ ជាដើម នៅតាមព្រំប្រទល់ និងសងខាងផ្លូវចេញចូលទីតាំងគម្រោង ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តកំពត។ ត្រូវអនុវត្តឱ្យបានតាមរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនេះ ចៀសវាងមានបញ្ហានានានៅក្នុងដំណើរការធ្វើអាជីវកម្មដីឥដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here