ក្រៀមក្រំ៖ វិចិត្រកររំពឹងថាអង្គរសង្រ្កាននឹងលក់គំនូរដាច់ ខណៈទីផ្សារជិតបាត់បង់

0

ដោយ  វុត្ថា

ភ្នំពេញ៖ ផ្ទាំងគំនូររូបប្រាសាទអង្គរវត្តបានប្រែព៌ណស្លេកស្លក់ នៅពេលក្រុមវិចិត្រករ និងអ្នកលក់គំនូរនៅខេត្តសៀមរាបបានលើកឡើងថា អាជីវកម្មមួយនេះ មិនសូវមានការគាំទ្រនោះទេ ក្នុងរយៈពេលប៉ុន្មានឆ្នំាចុងក្រោយនេះ បើទោះបីមានភ្ញៀវជាតិ និងអន្តរជាតិមកលេងច្រើនយ៉ាងណាក្តី។

លោក ឡង់ សៀកឡាយ ជាជាងគំនូរ និងអ្នកលក់គំនូរនៅផ្ទះក្បែរប្រាសាទអង្គរវត្តនៅតាមបណ្តោយគោម៉ៃបានអោយដឹងថា រយៈពេល៣ ឬ៤ឆ្នាំកន្លងមកនេះ ការលក់គំនូរទៅឲ្យអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ មានការធ្លាក់ចុះជាលំដាប់ ដោយសារតែភ្ញៀវមិនសូវចុះមកទិញទេ។លោកបន្តថា កាលពីមុនការលក់គំនូរ មានការលក់ដាច់គួរសម បានធ្វើឲ្យលោកមានចិត្តចង់គូរ តែនៅពេលនេះ ហាក់លក់មិនសូវដាច់បានធ្វើឲ្យលោកមិនមានចិត្តចង់គូរគំនូរទាំងនោះទេ។

Advertisement

លោកបញ្ជាក់ថា “ខ្ញុំមិនដឹងគូរយកទៅណា បើមិនសូវមានភ្ញៀវមកចូលទិញផងនោះ ព្រោះថាគំនូរពឹងលើភ្ញៀវមកទិញ”។លោកបន្តថា “ជាងគំនូរមួយចំនួនបានត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញធ្វើស្រែចំការ និងប្រកបរបផ្សេងៗក្រៅពីការគូរគំនូ”។

លោកសៀកឡាយបានបន្តថា ចំនួនភ្ញៀវទេចរណ៍មកលេងច្រើន តែពួកគេមិនចូលទិញ ហើយការដែលចូលមកទិញភាកច្រើន គឺជាទេសចរណ៍ជនជាតិអឺរ៉ុប។  ចំណែកជនជាតិផ្សេងៗគឺមិនសូវទិញនោះទេ។

បន្ថែមពីនេះ លោកក៏បានគូបោះដុំទៅឲ្យអតិថិជនយកទៅលក់បន្តដែរ តែមិនសូវមានការកុំម៉ង់ទិញច្រើននោះទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តែយ៉ាងណាក៏ដោយលោកបានដាក់ក្តីរំពឹងថា នឹងលក់ដាច់ខ្លះក្នុងអំឡុងពេលព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៣ ខែមេសាខាងមុខនេះ ។

វិចិត្រករ និងអ្នកលក់គំនូម្នាក់ទៀត ឈ្មោះ អ៊ូ ម៉េង បានឲ្យដឹងផងដែរថា ការលក់គំនូរនៅខេត្តសៀមរាប មានការធ្លាក់ចុះជាងឆ្នាំមុនៗ បើទោះបីមានភ្ញៀមទេចរណ៍មានច្រើនក៏ដោយ តែពួកគេមិនចូលទិញ ជាពិសេសភ្ញៀវមកតាម TOUR ធំៗ ដែលទៅតាមអ្នកដឹកនាំឲ្យទៅទិញកន្លែងលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ ដូច្នេះបានជានៅកន្លែងលក់គំនូរនៅផ្ទះមានសភាពស្ងប់ស្ងាត់។ ភ្ញៀវដែលចុះទិញ គឺជាភ្ញៀវមកលក្ខណៈក្រុមគ្រួសារ ធ្វើដំណើរតាមកង់បី ជាដើម។

លោកក៏បានរំពឹងដែរថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ អាជីវកម្មលក់គំនូរនឹងមានការលក់ដាច់ ដោយសារតែមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើន ជាពិសេសភ្ញៀវទេសចរណ៍ខ្មែរទិញ យកទៅដាក់តាំងក្នុងគេហដ្ឋានរបស់ខ្លួន។

ខេត្តសៀមរាបដែលមានប្រាសាទបុរាណល្បីល្បាញជាច្រើន និងបានក្លាយជាខេត្តដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅទស្សនាច្រើនជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កាលពីឆ្នាំ២០១៧ ខេត្តសៀមរាបបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួនប្រមាណជិត៥,៦លាននាក់ កើន៩,៩៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរអន្ដរជាតិមានចំនួនប្រមាណ២,៥លាននាក់ កើន១១.៤២ភាគរយធៀបនឹងឆ្នាំ២០១៦ និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៣លាននាក់ កើន៨,៧៧ភាគរយធៀបនឹងឆ្នាំ២០១៦៕

- Advertisement -

Leave a Reply