ខណ្ឌ​សែនសុខ​មាន​គម្រោង​លំនៅឋាន​ច្រើនជាង​គេ​នៅ​ត្រីមាស​ទី៣​ ឆ្នាំ​ ២០១៩​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ខណ្ឌ​សែនសុខ​នៅតែ​ជា​ខណ្ឌ​ដែល​មាន​គម្រោង​លំនៅឋាន​ច្រើន​បំផុត​ដែល​បាន​ត្រូវ​បាន​បញ្ចប់​ជាមួយ​គម្រោង​អភិវឌ្ឍ​ចំនួន​ ៤៥​ គម្រោង​គិត​ត្រឹម​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៩​ ។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន​ CBRE​ Cambodia​។

ខណ្ឌ​សែនសុខ​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ដែល​មាន​ទំហំ​ធំ​ ទោះ​យ៉ាងណា​ខណ្ឌ​ដែល​នៅ​ជិត​តំបន់​កណ្ដាល​ក្រុង​នេះ​បាន​បង្ហាញថា​ តម្លៃ​ដីធ្លី​បាន​កើនឡើង​ដល់កម្រិត​មួយ​ដែល​គម្រោង​អចលនទ្រព្យ​នា​ពេល​អនាគត​ពិបាក​នឹង​វិនិយោគ​។ ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​តម្លៃ​ដីធ្លី​បាន​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​អចលនទ្រព្យ​ទៅ​តំបន់​ជាយក្រុង​ដែល​ជា​កន្លែង​ដែល​តម្លៃ​ទាប​ និង​ដី​មាន​ទំហំ​ធំ​សម្រាប់​ការ​អភិវឌ្ឍ​។

ខណ្ឌ​ពោធិ​សែន​ជ័យ​ជាទី​តាំង​ដែល​មាន​គម្រោង​ដីធ្លី​ច្រើនជាង​គេ​នា​ពេល​អនាគត​ដោយមាន​ ១៥​ គម្រោង​ ខណៈ​ខណ្ឌដង្កោ​មាន​ ១៣​ គម្រោង​។ សមាមាត្រ​ដ៏​ធំ​នៃ​ចំនួន​វិនិយោគ​នា​ពេល​អនាគត​ត្រូវ​បាន​គេ​កំណត់​គោលដៅ​លើ​វិស័យ​វិនិយោគ​ដែល​មាន​តំលៃ​សមរម្យ​។

តម្លៃ​លក់​នៅក្នុង​ទីផ្សារ​បឋម​ជួបប្រទះ​ការ​ផ្លាស់​ប្តូរ​តិចតួច​បំផុត​នៅ​ត្រីមាស​ទី៣​។ បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៩​ តម្លៃ​លក់​ផ្ទះល្វែង​ និង​វីឡា​ភ្លោះ​ជាមធ្យម​អំឡុង​ត្រីមាស​ទី​ ៣ ឃើញថា​មានការ​កើនឡើង​បន្តិចបន្តួច​គឺ​តិច​ជាង​ ១ ​ និង២​ ភាគរយ​។

ការ​ស្នើសុំ​តម្លៃ​សម្រាប់​ផ្ទះ​អាជីវកម្ម​ជាមធ្យម​មានតម្លៃ​ប្រមាណ​ ២១៧,០០០​ ដុល្លារ​អាមេរិក​ក្នុង​មួយ​យូនី​ត កើនឡើង​ ៧ ភាគរយ​ ពី​តម្លៃ​ដែល​បាន​មើលឃើញ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៩​ ។ ទន្ទឹម​នឹង​នេះ​ដែរ​តម្លៃ​ផ្ទះ​ Link​-house​ មើលឃើញ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សំគាល់​ជិត​ ១៤​ ភាគរយ​ ។ ផ្ទះ Link​-house​ បាន​ក្លាយជា​ការ​ពេញនិយម​កាន់តែ​ខ្លាំង​ឡើងជា​ពិសេស​សម្រាប់​ម្ចាស់ផ្ទះ​ថ្មី​ភាគច្រើន​ ដោយសារតែ​ការរចនា​ និង​ទម្រង់​ដែល​មាន​ភាព​ទាក់ទាញ​។

ផ្ទះ​វីឡា​មានការ​កែ​សំរួល​ដ៏​សំខាន់​មួយ​ចំពោះ​តម្លៃ​សម្រង់​ជាមធ្យម​ដែល​បាន​កើនឡើង​ជាង​ ១០​ ភា​គេយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​ទី​ ១ នៃ​ឆ្នាំ​ ២០១៩​ ។ របាយការណ៍​ចុងក្រោយ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​បង្ហាញថា​ បុរី​លំនៅឋាន​ និង​បណ្តុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី​គិត​ចាប់ពី​ឆ្នាំ​ ២០០៣​ ដល់​ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ មាន​ចំនួន២៦៨​ គម្រោង​។

ចំណែក​គំរោង​សំណង់​នៅ​ទូទាំង​ប្រទេស​គិត​ចាប់ពី​ឆ្នាំ​ ២០០០​ ដល់​ខែកញ្ញា​ ឆ្នាំ​ ២០១៩​ បាន​ចេញ​លិខិតអនុញ្ញាត​សាងសង់​ចំនួន​ ៤៦,៩៩១គម្រោង​ ដែល​មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​ សរុប​ចំនួន ១២៦,៤០៣,៣៣៩ម៉ែត្រការ៉េ​ និង​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ៤៨,១៧៥,៧៩៩​, ៣៤៧​ ដុល្លារ​។

អ្នកជំនាញ​ធ្លាប់​បាន​អះអាង​ថា​ ការ​កើនឡើង​សំណង់​អាគារ​ក្នុង​មួយរយៈពេល​ចុងក្រោយ​នេះ​ គឺ​បណ្តាល​មក​ពី​មាន​វិនិយោគិន​បរ​ទេស​ធំៗ​ជាច្រើន​ បាន​មក​វិនិយោគ​នៅ​កម្ពុជា​។ ក្នុង​នោះ​រួមមាន​ចិន​ កូរ៉េ​ វៀតណាម​ ជប៉ុន​ ថៃ​ ម៉ាឡេស៊ី​ សឹង្ហ​បុរី​ សហរដ្ឋអាមេរិក​ បារាំង​ អង់គ្លេស​ ឥណ្ឌូ​នេ​ស៊ី​ កាណាដា​ អូស្រ្តាលី​ ឥណ្ឌា​ និង​ ហ្វីលីពីន​ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here