ខេត្ត​កំពង់ស្ពឺ​ចាប់ផ្តើម​បញ្ចេញ​សក្តា​នុ​ពល​ក្នុង​វិស័យ​អចលនទ្រព្យ​

0

ដោយ​ ​រ៉ា​ណេត

​ភ្នំពេញ​៖​ ​មាន​ទីតាំងនៅ​ជាប់​រាជធានី​ភ្នំពេញ​ ​ខេត្ត​កំពង់ស្ពឺ​បាន​និង​កំពុង​ចាប់ផ្តើម​បង្ហាញ​សក្តា​នុ​ពល​ផ្នែក​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​ជា​បណ្តើរ​ៗ​ ​ខណៈ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ត្រៀម​ចាប់ផ្តើម​ ​និង​សកម្មភាព​វិនិយោគ​មួយចំនួន​បាន​លេចចេញ​ជារូបរាង​។​

​អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ ​លោក​ ​វ៉ា​ ​វីរៈ​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century21​ ​Fortuna​ ​Investment​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី១៤មិនា​កន្លងមក​ថា​ ​ខេត្ត​កំពង់ស្ពឺ​ ​កំពុងតែ​បញ្ចេញ​សក្ដានុពល​នៅក្នុង​វិស័យ​អចលនទ្រព្យ​ជា​បណ្ដើរ​ៗ​ហើយ​ ​ជាពិសេស​បន្ទាប់ពី​គម្រោង​រុញច្រាន​បណ្តា​រោងចក្រ​ ​សហគ្រាស​ ​និង​ឃ្លាំង​ធំៗ​ ​ចេញពី​តំបន់​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​តំបន់​ផ្លូវជាតិ​លេខ៤​ ​រួម​ជាមួយនឹង​គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ ​ភ្នំពេញ​ ​ព្រះសីហនុ​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​ ​

​លោក​បន្ត​ថា​ ​“​ពេលនេះ​ ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ​កំពុងតែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ​ហើយ​អាច​នឹង​កែប្រែ​មុខមាត់​ខេត្ត​មួយ​នេះ​ ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ប្រសើរ​ក្នុង​ពេល​ដ៏​ខ្លី​”​។​ ​លោក​បន្ថែម​ថា​ ​“​កំពង់ស្ពឺ​ ​គឺ​វា​មាន​សក្ដានុពល​ផ្សេង​ៗ​ពីគ្នា​ដែល​អាស្រ័យ​ទៅតាម​តំបន់​”​។​

​ចំពោះ​តំបន់​ដែល​ស្ថិតនៅ​ជាប់​ខេត្តកណ្តាល​ ​ឬ​ជាប់​ជាយក្រុង​ ​ដូចជា​តំបន់​ផ្លូវ​លេខ៤១​ ​ផ្លូវ​លេខ៥១​ ​និង​តំបន់​ដែល​នៅ​ជាប់​ផ្លូវជាតិ​លេខ៤​ ​គឺ​កំពុងតែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ​ជាក់ស្ដែង​ពេលនេះ​គម្រោង​ពុះ​ដី​ឡូ​តិ៍​កើតមាន​ព្រោងព្រាត​ ​ហើយ​គម្រោង​សាងសង់​រោងចក្រ​ ​និង​ឃ្លាំង​ជាច្រើន​ក៏​កំពុងតែ​បាញ់​ឆ្ពោះ​ ​ទៅ​តំបន់​ទាំងប៉ុន្មាន​ខាងលើ​នេះ​ ​ហើយ​ចំពោះ​តំបន់​ ​ដែល​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​លេខ៣​ ​បើ​ទោះជា​មិនសូវ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ដូច​តំបន់​ជាប់​ផ្លូវជាតិ​លេខ៤ក៏​ពិតមែន​ ​ប៉ុន្តែ​តម្រូវការ​នៃ​ការ​វិនិយោគ​នៅតែ​មាន​ ​ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​មានការ​កើនឡើង​ជាលំដាប់​។​ ​ដោយឡែក​ចំពោះ​តម្លៃ​ដីធ្លី​វិញ​ ​យើង​មិន​អាច​ធ្វើការ​សន្និដ្ឋាន​ជា​រួម​បាន​នោះ​ទេ​ ​ព្រោះ​វា​អាស្រ័យ​ទៅតាម​តំបន់​ ​ទីតាំង​ដី​ ​និង​ទំហំ​ ​ឬ​ប្រភេទ​ដី​។​ ​

​អភិបាលខេត្ត​កំពង់ស្ពឺ​លោក​ ​វ៉ី​ ​សំណាង​ ​បាន​ទទួលស្គាល់​ពី​ភាពល្អ​ប្រសើរ​ ​និង​ភាព​រីកចម្រើន​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត​ទាំងមូល​ ​ខណៈ​ដែល​ទំហំ​នៃ​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​ ​ជាពិសេស​ក្រុមហ៊ុន​ចិន​តែម្ដង​ ​កាន់តែ​មានការ​កើនឡើង​ឥត​ឈប់ឈរ​។​ ​លោក​បន្ត​ថា​ ​វា​មានក​ត្តា​ជាច្រើន​ដែល​ជំរុញ​ ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់​មានការ​កើនឡើង​ ​ដែល​ក្នុង​នោះ​ចំពោះ​តម្រូវការ​នៃ​ការប្រើ​ប្រាស​ដីធ្លី​ក៏​មាន​ខ្ពស់​។​ ​

​លោក​បាន​បន្ត​ថា​ ​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ ​និង​កំពុង​ដំណើរការ​នៅក្នុង​ខេត្ត​ ​ដោយឡែក​គ្រាន់តែ​រោងចក្រ​ ​មាន​រហូតដល់​ទៅ​ជាង២០០រោងចក្រ​ ​ហើយ​ចំពោះ​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​ ​មាន​រហូតដល់៦៤០០មូលដ្ឋាន​ ​ដែល​ផ្តល់​ការងារ​ដល់​កម្លាំង​ជំនាញ​រហូតដល់​ជាង១២ម៉ឺន​នាក់​ ​ស្មើនឹង​ចំណូល​ប្រមាណ១២ម៉ឺន​លាន​រៀល​ក្នុង​មួយ​ខែ​។​ ​លោក​បន្ត​ថា​ ​កត្តា​ទាំងអស់​នេះ​ហើយ​ ​ដែល​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​កំពង់ស្ពឺ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ​ហើយ​កា​រកើនម​ឡើង​នេះ​នឹង​នៅតែ​បន្ត​ទៅមុខ​ទៀត​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here