ខេត្ត​-​ក្រុង​ចំនួន៤​ ​មាន​ចរន្ត​នៃ​ការទិញ​ដូរ​ដីធ្លី​ច្រើនជាង​គេ​នៅដើម​ឆ្នាំនេះ​

0

ដោយ​ ​៖​ ​រ៉ា​ណេត​

​ភ្នំពេញ​ ​៖​ ​ខេត្ត​ក្រុង​ចំនួន៤​ ​ដែល​អ្នកជំនាញ​បញ្ជាក់​ប្រាប់​ថា​ ​មានសន្ទុះ​កើនឡើង​យ៉ាង​ខ្លាំង​នៅក្នុង​វិស័យ​ ​ទិញ​ ​-​ ​លក់​ ​ដីធ្លី​នា​ពេល​បច្ចុប្បន្ន​នេះ​ ​គឺ​រួមមាន​ ​រាជធានី​ភ្នំពេញ​,​ ​ខេត្តសៀមរាប​ ​,​ខេត្តកំពត​ ​និង​ ​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​។​



​នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​អ្នកនាង​ ​អាន​ ​សុធី​តា​ ​បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១១​ ​ខែមេសា​ ​នេះ​ថា​ ​បើស​ម្លឹង​មើល​ពី​ទិដ្ឋភាព​ជាក់ស្ដែង​នៅ​លើ​ទីផ្សារ​ ​ទិញ​-​លក់​ ​វិស័យ​ដីធ្លី​គឺ​មាន​ភាពល្អ​ប្រសើរ​។​ ​អ្នកនាង​បាន​បញ្ជាក់​ទៀត​ថា​ ​៖​ ​«​ចរន្ត​នៃ​ការទិញ​ ​-​ ​លក់​ ​ដីធ្លី​ ​នៅដើម​ឆ្នាំ​ ​២០១៩​ ​នេះ​គឺ​មានការ​កើនឡើង​ច្រើន​ ​ប៉ុន្តែ​ក៏​អាស្រ័យ​ទៅតាម​តំបន់​ដែរ​ ​ដូចជា​នៅ​រាជធានី​ភ្នំពេញ​ ​មាន​តំបន់​ ​ING​ ​,​ ​នៅ​តាមផ្លូវ​ ​៦០​ ​ម៉ែត្រ​ ​និង​នៅ​តំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ​ជាដើម​ ​ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​បាន​កើតមាន​យ៉ាង​ឆាប់រហ័ស​ ​ដែល​អាច​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​ ​និង​វិស័យ​ដីធ្លី​មានការ​កើនឡើង​លឿន​ ​ដែល​អាច​ធ្វើ​ឱ្យ​បណ្តា​អ្នក​វិនិយោគ​នានា​សម្លឹងឃើញ​ពី​ឱកាស​ទទួល​បាន​ប្រាក់ចំណេញ​»​។​ ​

​លោក​ ​ចៅ​ ​សេង​ថៃ​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Goal​ ​Property​ ​Service​ ​Co​.​,​ ​Ltd​.​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ​តម្លៃ​ដីធ្លី​ក្នុង​ក្រុង​សៀមរាប​ ​និង​បណ្តា​តំបន់​ជុំវិញ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​បាន​កើនឡើង​ខ្លាំង​ ​ដោយសារ​គម្រោង​វិនិយោគ​ជាច្រើន​បាន​ចាប់ ផ្តើម​ ​ហើយ​លំហូរ​វិនិយោគ​ចិន​ ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ​និង​អ្នក​វិនិយោគ​អន្តរជាតិ​ដទៃទៀត​បាន​ចូល​មកកាន់​តែ​ច្រើន​ធៀប​នឹង​បណ្តា​ប៉ុន្មាន​ឆ្នាំមុន​។​ ​លោក​បន្ត​ថា​ ​ការ​មកដល់​នៃ​ផ្សារ​ ​MAKRO​ ​ការ​សាង​សង់​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​នៅ​ស្រុក​សូទ្រនិគម​ ​និង​គំ​រោង​ធំៗ​ដទៃទៀត​នឹង​ធ្វើ​ឱ្យ​ខេត្តសៀមរាប​ ​កាន់តែ​រីកចម្រើន​នា​ពេល​អនាគត​។​ ​ការ​វិនិយោគ​លើ​វិស័យ​ដីធ្លី​ ​ក៏ដូចជា​ការ​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​ខ្នាត​តូច​ ​និង​មធ្យម​ហាក់​មាន​ភាព​ខុសប្លែក​កាលពី​ឆ្នាំមុន​បន្តិច​។​ ​

​ដែល​អ្នក​វិនិយោគ​ទាំងនោះ​ភាគច្រើន​បាន​បង្វែរ​គោលដៅ​របស់​ខ្លួន​មកកាន់​តំបន់​ជិត​ ​ឬ​គៀក​នឹង​ក្រុង​សៀមរាប​ ​ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅ​លើ​ទីផ្សារ​កើនឡើង​ជាង​ឆ្នាំមុន​ ​រហូតដល់​ជាង៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ខណៈ​ដែល​ដី​នៅ​កណ្តាល​ក្រុង​ ​មានតម្លៃ​ចន្លោះ​ពី​ជាង ២០០០ដុល្លារ​។​ ​ចំណែក​ឯ​តម្លៃ​ដី​នៅ​តំបន់​ផ​បស្ទ្រី​ត​ ​ឡើង​រហូតដល់​ចន្លោះ៣៥០០​-​ ​៥០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​

​លោក​ ​ចៅ​ ​សេង​ថៃ​ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ ​«​ឥឡូវនេះ​ ​អ្នក​វិនិយោគ​គាត់​ងាក​មក​ចាប់អារម្មណ៍​នៅ​តំបន់​គៀក​ៗ​ក្រុង​វិញ​ ​ហើយក៏​មិនសូវ​វិនិយោគ​ក្នុង​រូបភាព​ធំ​ទូលាយ​ដូចមុន​នោះ​ដែរ​ ​ព្រោះថា​ ​ការ​វិនិយោគ​បែបនេះ​ងាយស្រួល​លក់​ចេញ​ ​ងាយ​ទទួល​បាន​ចំណេញ​ក្នុងរយៈពេល​ខ្លី​ ​ហើយ​អ្នក​អភិវឌ្ឍ​ភាគច្រើន​ពួកគេ​វិនិយោគ​ទៅលើ​សំណង់​សណ្ឋាគារ​ ​ផ្ទះ សំណាក់​ ​ជាដើម​ ​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​។​ ​ប៉ុន្តែ​បើ​អ្នក​ដែល​វិនិយោគ​លើ​វិស័យ​ដីធ្លី​ក្នុង​ទ្រង់ទ្រាយ​ធំ​ ​គឺ​នៅ​មាន​ក្នុង​តំបន់​គម្រោង​សាង​សង់​ព្រលា​នយន្​ត​ហោះ​ថ្មី​ដដែល​ស្ថិត​ក្នុង​ស្រុក​សូទ្រនិគម​ ​ជាពិសេស​តំបន់​ស្វាយធំ​ ​ដែល​ស្ថិតនៅ​ក្នុង​ឃុំ​ក​ណ្តែ​ក​ ​ស្រុក​ប្រាសាទបាគង​»​។​

​ដោយឡែក​ ​ចំពោះ​សកម្មភាព​នៃ​ការទិញ​ ​-​ លក់​ ​ដីធ្លី​នៅក្នុង​ខេត្តកំពត​វិញ​ ​ត្រូវ​បាន​លោកស្រី​ ​តាំង​ ​ហួរ​ ​នាយិកា​ ​ក្រុមហ៊ុន​ ​AMATAK​ ​Property​ ​Service​ ​បញ្ជាក់​ប្រាប់​ថា​ ​បច្ចុប្បន្ន​នេះ​ឃើញ​មាន​ក្រុមហ៊ុន​អភិវឌ្ឍ​ជាតិ​ ​និង​អន្តរជាតិ​ ​បាន​ចាប់ផ្តើម​ចូល​ទៅ​ធ្វើសកម្មភាព​លើ​ផ្នែក​អចលនទ្រព្យ​ជា​បណ្តើរ​ៗ​ហើយ​។​ ​អ្នកស្រី​បាន​លើកឡើង​ថា​ ​៖​ ​«​នៅក្នុង​ខេត្តកំពត​ ​គឺ​មាន​គម្រោង​ជាច្រើន​ដែល​កំពុង​ត្រូវ​បាន​អ្នកជំនាញ​ ​និង​អ្នក​វិនិយោគ​កំពុងតែ​សិក្សា​ពី​លទ្ធភាព​ ​និង​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ ​ដោយ​ក្នុង​នោះ​រួមមាន​ផ្នែក​មណ្ឌល​កម្សាន្ត​,​ ​សណ្ឋាគារ​,​ ​ក៏ដូចជា​ ​កាស៊ីណូ​ ​ជាដើម​។​ ​

​ជាក់ស្ដែង​ដូចជា​កាលពី​ពេល​ថ្មី​ៗ​នេះ​មាន​ក្រុមហ៊ុន​ជប៉ុន​មួយ​បាន​ចាប់ផ្តើម​ចាក់​បេតុង​បុក​គ្រឹះ​ផ្តើម​ដំណើរការ​សាងសង់​សណ្ឋាគារ​កម្រិត​ផ្កាយ៥​ ​ដែល​មាន​ទីតាំង​ស្ថិត​ក្បែរ​តំបន់​ជាប់មាត់​ព្រែក​»​។​ ​អ្នកស្រី​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ​៖​ ​«​ជាមួយនឹង​សកម្មភាព​ ​និង​វត្តមាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​ផ្នែក​អចលនទ្រព្យ​ទាំងអស់​នេះ​បាន​ជ​ម្រុ​ញ​ឱ្យ​តម្លៃ​ដី​នៅ​តំបន់​សំ​ខាន់​ៗ​ ​និង​សក្ដានុពល​មួយចំនួន​ក្នុង​ខេត្តកំពត​ ​ដូចជា​តំបន់​ជាប់មាត់​សមុទ្រ​ ​តំបន់​ភ្នំ​ ​និង​តំបន់​ជាប់មាត់​ព្រែក​ ​មានការ​កើនឡើង​ប្រមាណ២០ភាគរយ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លងទៅ​ ​ដោយឡែក​ចំពោះ​តំបន់​ផ្សេងទៀត​ហាក់​មានកម្រិត​ធម្មតា​មិនទាន់​មានការ​ប្រែប្រួល​ច្រើន​នោះ​ទេ​»​។​

​ពាក់ព័ន្ធ​ទៅ​នឹង​ចរន្ត​នៃ​តម្លៃ​ដី​ ​និង​តម្រូវការ​ទីផ្សារ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​វិញ​ ​បច្ចុប្បន្ន​នេះ​ក៏​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។​



​លោក​ ​សួង​ ​សុ​ខ​ហ៊ា​ង​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ ​Fourth​ ​Stars​ ​Plus​ ​Fourដែល​មាន​គំរោង​វិនិយោគ​ជាច្រើន​នៅ​ទីក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ថា​ ​បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​កំពុង​ជួបប្រទះ​បន្ទប់​ជួល​ ​និង​បន្ទប់​ស្នាក់នៅ​យ៉ាង​ខ្លាំង​ ​ធ្វើ​ឱ្យ​តម្លៃ​បន្ទប់​ជួល​ទំហំ៤គុណ​នឹង៦ម៉ែត្រ​ ​បាន​កើន​ពី​តម្លៃ ២០០០​បាត​ ​ដល់១២០០០បាត​។​ ​លោក​បន្ត​ថា​ ​«​តម្លៃ​ដីធ្លី​មិន​កើន​ដូច​នៅ​ក្រុង​ព្រះសីហនុ​ទេ​ ​តែ​តម្លៃ​បន្ទប់​ជួល​បាន​កើន ឡើង​ជាង​ក្រុង​ព្រះសីហនុ​ ​ហេតុនេះ​ខ្ញុំ​អំពាវនាវ​ឱ្យ​អ្នក​វិនិយោគ​ជាតិ​ ​អន្តរជាតិ​ចូល​មក​វិនិយោគ​នៅ​ទីក្រុង​នេះ​ឱ្យ​បាន​ច្រើន​»​។​ ​

​លោក​បន្ត​ថា​ ​«​បច្ចុប្បន្ន​ជនជាតិ​ចិន​ដែល​បាន​មក​វិនិយោគ​ ​និង​ធ្វើការ​នៅ​ក្រុង​ប៉ោយប៉ែត​ ​បាន​ចេញទៅ​រក​ផ្ទះ​ជួល​ចម្ងាយ​១០ទៅ១៥គីឡូម៉ែត្រ​ពី​ក្រុង​ប៉ោយប៉ែត​ ​ដោយសារតែ​គ្មាន​ជម្រើស​»​។​ ​លោក​ ​សួង​ ​សុ​ខ​ហ៊ា​ង​បាន​បន្ត​ថា​ ​«​អ្នកមាន​ផ្ទះ​ល្វែង​​ជួល​កាលពីមុន​ជួល​បាន១៥០ដុល្លារ​ក្នុង​មួយ​ខែ​ ​តែ​បច្ចុប្បន្ន​ជួល​បាន​តម្លៃ​ចន្លោះ១០០០ទៅ១៥០០ដុល្លារ​ក្នុង​មួយ​ខែ​»​ ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here