ខ្នែង​ស្ពាន​អាកាស​ក្បាលថ្នល់​ទី១​ កំពុង​ពន្លឿន​ការសាងសង់​តែ​ការ​បញ្ចប់​អាច​យឺត​ជាង​ផែនការ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការសាងសង់​ខ្នែង​ស្ពាន​អាកាស​ក្បាលថ្នល់​ខ្សែ​ទី១​ រហូតមកដល់​ពេលនេះ​ទើបតែ​សម្រេច​បាន​ប្រមាណ ៤០​ភាគរយ​តែប៉ុណ្ណោះ​ ខណៈ​ដែល​តាម​គម្រោង​នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ដំណាច់ឆ្នាំ២០១៩ខាងមុខនេះ​អាច​យឺត​ជាង​ផែនការ​។

ក្រុម​វិស្វករ​ជំនាញ​ដែល​កំពុង​ស្ថិត​ នៅក្នុង​គម្រោង​សាងសង់​ស្ពាន​អាកាស​ក្បាលថ្នល់​ខ្សែ​ទី១ខាងលើ​នេះ​ បាន​បង្ហើប​ប្រាប់​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បង្ហាញ​ឈ្មោះ​នា​ព្រឹក​ថ្ងៃទី២៣​ សីហា​នេះ​បាន​ឲ្យដឹង​ថា​ មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​ លទ្ធផល​នៃ​ការសាងសង់​ហាក់​មាន​សភាព​យឺត​ ជាង​ផែនការ​ដែល​បាន​គ្រោងទុក​ ពោល​គឺ​ទើបតែ​សម្រេច​ប្រមាណ ៤០ភាគរយ​តែប៉ុណ្ណោះ​។ អ្នកជំនាញ​បន្ត​ទៀត​ថា​ “ដូច​បានឃើញ​ស្រាប់ហើយ​ ពេលនេះ​ទិដ្ឋភាព​ជាក់ស្ដែង​ គឺ​ក្រុមការងារ​ជំនាញ​កំពុង​បញ្ចប់​ការ​សង់​សសរ​មេ​ សម្រាប់​ទម្រ​ស្ពាន​ ដែល​ទាំងអស់​មាន​ចំនួន៥កន្លែង​។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រៅពី​នេះ​ក្រុម​វិស្វករ​និង​ជាងជំនាញ​សង់​សសរ​មេ​ សង់​បណ្តាញ​បង្ហូរទឹក​ ដាក់​ប្រពន្ធ​លូ​ជា​បណ្តើរ​ៗផង​ដែរ​”។ លោក​បន្ត​ទៀត​ថា​ “នៅក្នុង​គម្រោង​ដូចជា​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ចុងឆ្នាំ២០១៩ខាងមុខនេះ​ ប៉ុន្តែ​ដោយសារតែ​មាន​ឧបសគ្គ​រាំងស្ទះ​មួយចំនួន​ ដូចជា​កក្តា​អាកាសធាតុ​ មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ខ្លាំងពេក​ ក៏ដូចជា​ការ​ធ្វើ​ចរាចរណ៍​នៅ​ក្បែរ​តំបន់​សាងសង់​ដែល​អាច​រំខាន​គ្រឿងចក្រ​ជាដើម​”។

ជាមួយនឹង​លទ្ធផល​ដែល​ទទួល​បាន​ដូច​បាន​បង្ហាញ​ក្នុង​រូបភាព​ អ្នកជំនាញ​ខាងលើ​នេះ​បាន​បញ្ជាក់​ថា​ សម្រាប់​ការ​បញ្ចប់​ការសាងសង់​គម្រោង​ទី១ទាំងស្រុង​ យ៉ាងហោចណាស់​ត្រូវ​ចំណាយពេល​ប្រមាណ៦ខែ​ ពោល​គឺ​នៅ​ត្រឹម​ចុងឆ្នាំ២០១៩​ខាងមុខនេះ​ មិន​អាច​បញ្ចប់​បាន​នោះ​ទេ​។

នៅក្នុង​គម្រោង​សាងសង់​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ តាមរយៈ​មន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ស្ពាន​អាកាស​ក្បាលថ្នល់​ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​ ទៅ​មហា​ ​វិថី​ព្រះ​នរោត្តម​មាន​ប្រវែង៧៧ម៉ែត្រ​។ ពី​ផ្លូវ​ដី​ដល់​គល់​ស្ពាន​ក្បាលថ្នល់​ និង​ពី​គល់​ស្ពាន​ ដល់​ស្ពាន​អាកាស​ចាស់១២៣ម៉ែត្រ​ សរុប២០០ម៉ែត្រ​។ ស្ពាន​នេះ​មាន​ទទឹង៧​,៥ម៉ែត្រ​ ពី​មហាវិថី​ព្រះមុនីវង្ស​ បត់ឆ្វេង​ឡើង​ស្ពាន​ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម​។

ការសាងសង់​ខ្នែង​ស្ពាន​អាកាស​ខ្សែ​ទី១នេះ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​កាត់បន្ថយ​ការ​ការ​កកស្ទះ​ចរាចរណ៍​ នៅត្រង់​ចំណុច​គល់​ស្ពាន​ និង​លើ​ស្ពាន​អាកាស​ក្បាលថ្នល់​ ក៏ដូចជា​តំបន់​ច្បារអំពៅ​ ដែល​តែងតែ​កើតមាន​ជាប្រចាំ​នា​ពេល​បច្ចុប្បន្ន​នេះ​។

បន្ថែម​ពីនេះ​ នៅក្នុង​ការចូលរួម​កាត់បន្ថយ​ការ​កក់​ស្ទះ​នៅ​តំបន់​ច្បារអំពៅ​ ក្រុមហ៊ុន​បុរី​ ប៉េង​ ហួត​ ក៏បាន​មាន​គម្រោង​សាងសង់​ផ្លូវ​ក្រោម​ដី​ចំនួន​មួយ​ខ្សែ​ ដោយ​តភ្ជាប់​ពី​ចំណុច​ផ្សារ​ PH​ ECO​ MALL​ ចេញ​មក​ផ្លូវជាតិ​លេខ១​ (ម្ដុំ​បឹង​ស្នោ​រ) ស្ថិតនៅ​ក្នុង​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here