ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រៅពីព្រលានយន្ដហោះលំដាប់អន្តរជាតិធំៗចំនួន៣ ដែលកំពុងដំណើរការសាងសង់ និងពង្រីកវិសាលភាពឱ្យកាន់តែល្អប្រសើរនៅពេលបច្ចុប្បន្ន រាជរដ្ឋាភិបាល បានបង្ហាញ ពីគម្រោងសាងសង់ព្រលានយន្តក្នុងស្រុក នៅតាមបណ្តាខេត្តគោលដៅសំខាន់ៗមួយចំនួនទៀត ដើម្បីគាំទ្រដល់មហិច្ឆតា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះថា រាល់គម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគឺសុទ្ធតែជាយុទ្ធសាស្ត្រក្នុងរយៈពេលវែងសម្រាប់កសាង និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យល្អប្រសើរ ប្រកបដោយចីរភាព។
លោកបានបញ្ជាក់ថា ជាក់ស្ដែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ក៏ដូចជាការត្រៀមខ្លួនរួចជាស្រេច ជាមួយកំណើននៃការដឹកជញ្ជូនតាមជើងហោះហើរ រវាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេសនានា រដ្ឋាភិបាលបាននិងកំពុងធ្វើការស្ថាបនា នូវព្រលានយន្ដហោះធំៗប្រចាំប្រទេស រួមមានព្រលានយន្ដហោះថ្មីខេត្តសៀមរាប ព្រលានយន្ដហោះកងកេងខេត្តព្រះសីហនុ ជាពិសេសព្រលានយន្ដហោះអន្តរជាតិ-ភ្នំពេញថ្មីដែលមានទីតាំងស្ថិតនៅព្រំប្រទល់ខេត្តកណ្តាល និងខេត្តតាកែវក្រោមទុនវិនិយោគ១៥០០លានដុល្លារ ដែលគ្រោងបញ្ចប់ដំណាក់កាលទី១នៅត្រឹមចុងឆ្នាំ២០២៣។
គម្រោងវិនិយោគព្រលានយន្ដហោះធំៗ លំដាប់អន្តរជាតិទាំង៣ ដែលនឹងចូលរួមយ៉ាងសំខាន់ នៅក្នុងគោលនយោបាយបើកចំហរជើងមេឃ របស់រដ្ឋាភិបាលកម្ពុជានៅមានគម្រោងព្រលានសាងសង់ព្រលានយន្ដហោះតារាសាគរ ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង គ្រោងបញ្ចប់ដំណាក់កាលទី១នៅឆ្នាំ២០២១ ខណៈដែលគម្រោងការពង្រីកវិសាលភាពផ្លូវរត់របស់ព្រលានយន្ដហោះអន្តរជាតិ កងកេងខេត្តព្រះសីហនុ ដែលអាចអនុញ្ញាតឱ្យយន្ដហោះខ្នាតធំ ចុះចតបានយ៉ាងងាយស្រួលនៅក្នុងឆ្នាំនេះ។
ក្រៅពីនេះ រដ្ឋាភិបាលក៏បានសិក្សាពីលទ្ធភាពស្ដារព្រលានយន្ដហោះ ដែលមានស្រាប់នៅក្នុងខេត្តបាត់ដំបង និងដាក់ដំណើរការឡើងវិញ រួមជាមួយនឹងគម្រោងសាងសង់ព្រលានយន្ដហោះថ្មីមួយទៀត ដែលមានទីតាំងស្ថិតស្រុកអូរាំង ខេត្តមណ្ឌលគីរី នៅលើផ្ទៃដីទំហំប្រមាណ៣០០ហិកតា សម្រាប់បម្រើវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងស្រុក ក្រោមទុនវិនិយោគសរុបរាប់ពាន់លានដុល្លារ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលមានផែនការយុទ្ឋសាស្រ្តអភិវឌ្ឍន៍និងស្តារឡើងវិញនូវព្រលានយន្តហោះគ្រប់បណ្តាខេត្តសំខាន់ៗ ដោយគ្រោងចំណាយប្រាក់៣០០០លានដុល្លារអាមេរិកនាពេលខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍នៅក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្ដហោះអន្តរជាតិ-ភ្នំពេញថ្មី កាលពសប្ដាហ៍មុននេះថា ទន្ទឹមនឹងការរីកចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជានៅពេលបច្ចុប្បន្ននេះ ជាពិសេសដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចកាន់តែប្រសើរ កម្ពុជាត្រូវបានមានព្រមានយន្តហោះនៅតាមខេត្តគោលដៅបន្ថែមទៀត ដើម្បីបម្រើដល់ការដឹកជញ្ជូនក្នុងស្រុក ក៏ដូចជាជួយសម្រួល ដល់ការធ្វើដំណើររបស់ទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។
សម្ដេចបានបញ្ជាក់ថា “វត្តមាននៃព្រលានយន្ដហោះទាំងអស់ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបំពេញនូវមហិច្ឆតាក្នុងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការកៀងគរវិនិយោគិនបរទេសបន្ថែម ក៏ដូចជាទាក់ទាញទេសចរអន្តរជាតិ មកកាន់កម្ពុជាកាន់តែច្រើនផងដែរ”៕