ចង់ដឹងទេ៖ កម្ពុជាចុះកិច្ចព្រមព្រៀងការពារអ្នកវិនិយោគប៉ុន្មានប្រទេសហើយ?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការចុះហត្ថលេខាដើម្បីការពារអ្នកវិនិយោគ ជារឿងចាំបាច់មួយ ដើម្បីផ្តល់ទំនុកចិត្ត ទាក់ទាញអ្នកវិនិយោគអន្តរជាតិ មកធ្វើការវិនិយោគនៅកម្ពុជា។

អគ្គលេខាធិការរងនៃក្រុមប្រឹក្សាភិបាលវឌ្ឍន៍កម្ពុជា លោកជា វុទ្ឋីបានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេលនេះ កម្ពុជាបានចុះហត្ថលេ​ខា​ជាមួយប្រទេសជាង៣០ហើយ ដើម្បីផ្តល់ភាពកក់ក្តៅ និងទាក់ទាញអ្នកវិនិយោគអន្តរជាតិ ឬពីបណ្តាប្រទេសទាំងនោះមកវិនិយោគនៅកម្ពុជា ហើយក្នុង​ចំ​ណោមបណ្តាប្រទេសទាំងនោះ មានតែប្រទេសជប៉ុនទេ ដែលប្រមុខរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោហ៊ុន សែន និងលោកស៊ីនហ្សូ អាបេនាយករដ្ឋមន្រ្តីជប៉ុនបានចុះហត្ថលេខារួមគ្នា។

លោកបន្តថា “បន្ទាប់ពីមានការចុះហត្ថលេខា រវាងប្រមុខរដ្ឋាភិបាលនៃប្រ​ទេ​សទាំងពីរ អ្នកវិនិយោគជប៉ុនកាន់តែច្រើនបានមកវិនិយោគនៅកម្ពុជា”។លោកបន្តថា “យើងចង់បានអ្នកវិនិយោគជប៉ុនកាន់តែច្រើនថែមទៀត មកវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍កម្ពុជា ហើយអ្នកវិនិយោគជប៉ុនមិនមែនមកតែជាមួយទុនវិនិយោគទេ តែពួកគេយកបេះដូងមកជាមួយផងដែរ”។

Advertisement

លោកជា វុទ្ឋីបានបន្តថា សម្តេចតេជោបានធ្វើការងារដោយគ្មានការនឿយហត់នោះទេ ក្នុងការធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគអន្តរជាតិមកវិនិយោគ​នៅកម្ពុជា ខណៈដែលកម្ពុជាមានច្បាប់វិនិយោគទូលំទូលាយមែនទែន ដើម្បីលើកទឹកចិត្តទាំងអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។

កម្ពុជាបច្ចុប្បន្នបានស្ថិតក្នុងគោលដៅរបស់អ្នកវិនិយោគអន្តរជាតិ ដោយ​សារតែកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់​ប្រទេសនេះ ព្រោះរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះសេដ្ឋកិច្ចកម្ពុជារក្សា​បានកំនើនជាមធ្យមជាង៧ភាគរយ។ ច្បាប់វិនិយោគកម្ពុជា ក៏ជាផ្នែកមួយទាក់ទា ញការវិនិយោគផងដែរ ដោយអ្នកវិនិយោគអន្តរជាតិអាចបោះទុន១០០ភាគរយនៅប្រទេសនេះ៕

- Advertisement -

Leave a Reply