ចង់ដឹងទេ តើអ្នកណាខ្លះទិញខុនដូនៅកម្ពុជា ?

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ អ្នកណាជាអតិថិជនទិញខុនដូនៅកម្ពុជាពិតប្រាកដ នៅពេលការ​ផ្គត់ផ្គង់​ខុនដូ​កើនខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈឆ្នាំនេះចំនួនខុនដូ១៣០០០យូនីតទៀត​នឹងដាក់ចូលទីផ្សារ។

ភាគហ៊ុននៃគំរោងក្រុមហ៊ុនលំនៅដ្ឋានអ៊ិលកម្ពុជាភ្នំពេញលោក ទុយ ប៊ុន បានមាន​ប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ការលក់ខុនដូ​នាពេលបច្ចុប្បន្ននេះ នៅតែមិនទាន់​មានរោគសញ្ញាប្រសើរនៅឡើយទេ តែយើង​នៅតែបន្តលក់ដាច់ជាបណ្តើរ ហើយយើង​នៅ​តែបន្តវិនិយោគគំរោងថ្មីមួយទៀត ដែលគ្រោងចាប់ផ្តើមនៅខែសីហាខាងមុខនេះ ព្រោះយើងគិតថាទោះជាលក់មិន​ដាច់ ក៏អាចប្រើប្រាស់សំរាប់ជួលបានផងដែរ។

លោកបន្តថា “គំរោងរបស់ខ្ញុំនៅតែដើរទៅមុខត្រឹកៗ ហើយខ្ញុំគិតថានៅតែ​មានអ្នក​ទិញ ដែលពួកគេជាអ្នកធ្វើការ និងអ្នកចង់រស់នៅទីក្រុង”។ លោកបន្តថា “ខ្ញុំផ្តោតលើ​ប្រជាជនមានប្រាក់ចំណូលមធ្យម និងលក់ក្នុងតំលៃសមរម្យក្នុងតំលៃ​១០០០ទៅ​១១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយគំរោងថ្មីរបស់យើងនឹងមានតំលៃ​ទាបជាងនេះទៀតផង”។

Advertisement

ជាមួយនឹងការប្រមើលមើលទៅកាន់អនាគត លោកទុយ ប៊ុនមិនបញ្ជាក់ជាក់លាក់នោះទេ តែលោកមិនមានសុទិដ្ឋិនិយមច្រើនឡើយ ដោយសារលោកដឹងថា គំរោងដែលមានតំលៃប្រហាក់ប្រហែលគំរោងខុនដូ L បានផ្អាកការសាងសង់ហើយ។

លោកបន្តថា អតិថិជនរបស់លោកភាគច្រើនជាជនជាតិខ្មែរ មានន័យក ណ្តាល ពិសេសអ្នកទើបរៀបការរួចថ្មីៗ បានមកទិញគំរោងរបស់លោក ទោះជាពួកគេ​លំបាកបន្តិចក្តី ប៉ុន្តែពួកគេអាចរស់នៅបាន ជាក់ស្តែងគំរោងទី១ និងទី២របស់លោក​ដែល​បាន​បញ្ចប់ការសាងសង់ មានអ្នកមករស់នៅប្រមាណ៧០​ភាគរយ និងគំរោងទី៣ ដែលទើបបញ្ចប់ការសាងសង់ មានអ្នកមករស់នៅប្រមាណ៥០ភាគរយផងដែរ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន អចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia បានរកឃើញថា គិតរហូតដល់ដំណាច់ឆ្នាំនេះ ខុនដូចំនួន៧០០០យូនីត​ទៀតនឹងដាក់ចូលទីផ្សារ ដែលធ្វើឲ្យចំនួនខុនដូដាក់ដំនើរការលើទីផ្សារកើនឡើង​ដល់១២០០០យូនីត។

នាយិកាក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានថ្លែងឲ្យដឹង ការលក់​ខុនដូ​នៅតែដំណើការ សម្រាប់ខុនដូដែលផ្តោតលើ​ប្រជាជនមានជីវភាពមធ្យម ប៉ុន្តែ​ខុនដូ​ដែលមានតំលៃថ្លៃ ផ្តោតលើប្រជាជនមានជីវ​ភាពធូរធារខ្លាំងមានការលក់យឺត​បន្តិច។ អ្នកនាងបន្តថា “វាមិនមានអ្វីគួរឲ្យបារម្ភនោះទេ បើទោះ​ជាមានការបារម្ភពី​ការផ្គត់ផ្គង់លើសតម្រូវការក្តី ប៉ុន្តែទីផ្សារជាក់ស្តែងមិនមានបញ្ហានោះទេ”។

នៅពេលសួរពីចំនួនខុនដូលក់ចេញពិតប្រាកដ ក្នុងគំរោងថ្មីៗអ្នកនាងធីតាបានបន្តថា “យើងពិតជាមានការលំបាកក្នុងការប្រមូលទិន្នន័យពីការលក់ ដោយ​សារគំរោងខុនដូនិមួយៗ មិនបង្ហាញពីតម្លាភាពនៃការលក់របស់ពួកគេនោះទេ”។

ទោះជាយ៉ាងណាអ្នកវិនិយោគខុនដូប្រណីតនៅកម្ពុជា មិនមានការព្រួយ​បារម្ភពីទីផ្សារ​នោះឡើយ ជាក់ស្តែងលោកឧកញ៉ា សៀ រិទ្ឋី អគ្គនាយកក្រុមហ៊ុន World Bridge Land Group ដែលបានវិនិយោគទឹកប្រាក់រាប់រយលានដុល្លារលើគំរោង The Bridge, The Peak និងគំរោង KOWLOON Bay បានថ្លែងថា លោក​មើលមិន ឃើញបញ្ហានោះទេ ប៉ុន្តែវានឹងជាបញ្ហាប្រសិនជាម្ចាស់ខុនដូសាងសង់​មិនផ្តោត សំខាន់លើទីតាំង មិនមានគំរោងផែនការ និងជំនាញច្បាស់លាស់។លោកបន្តថា ខុនដូដែលប្រឈមនឹងបញ្ហាដែលស្ថិតនៅទីតាំងមិនសមស្រប និង​មិនមានមូលដ្ឋាន ទុន វិនិយោគគ្រប់គ្រាន់។ លោកបន្តថា “ខុនដូរបស់ខ្ញុំផ្តោតសំខាន់លើទីតាំង គុណភាពសំណង់ និងមានមូលដ្ឋានទុនវិនិយោគរឹងមាំ ហើយខ្ញុំមិនមែនលក់ផ្ទះតែ​មួយមុខទេ តែខ្ញុំលក់Lifestyle”។

យោងតាមការសិក្សា Urban Living Solution បានរកឃើញថានៅឆ្នាំ ២០៣០​ចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ នឹងកើនដល់៤លាននាក់ ដែលនឹងធ្វើឲ្យ​បែបផែននៃការរស់នៅក្នុងទីក្រុងភ្នំពេញផ្លាស់ប្តូរ ហើយចំនួនយុវជនវ័យក្មេងដែ​លមានភាពស៊ីវិល័យនឹងរស់នៅតាមខុនដូច្រើន ដោយសារកត្តាប្រជាសាស្រ្ត ការកកស្ទះចរាចរក្នុងទីក្រុង ការរីកចំរើនបច្ចេកវិទ្យា ដែលធ្វើឲ្យជីវិតពួកគេកាន់​តែ​មានភាពងាយស្រួលក្នុងការរស់នៅ។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនវិនិយោគ ខុនដូ ធំៗ ជាច្រើនគំ​រោងនៅទីក្រុងភ្នំពេញផងដែរបានថ្លែងថា ពិតណាស់ស្ថានភាពទីផ្សារ បច្ចុប្បន្ននេះ មិនមានអ្វីគួរឲ្យបារម្ភនោះទេ ព្រោះខុនដូដែលមានទីតាំងល្អនៅតែលក់ បាន ផ្ទុយទៅវិញគំរោងនៅឆ្ងាយៗមានការពិបាកលក់បន្តិច​។ លោកបន្តថា អតិថិជន​ទិញខុនដូសព្វថ្ងៃនៅតែជាជនបរទេសភាគច្រើន ពិសេ សជនជាតិចិន និងចិនតៃវ៉ាន់ នៅតែនាំមុខជនជាតិខ្មែរ ប៉ុន្តែនិន្នាការនៃការទិញខុនដូរបស់ប្រជាជនខ្មែរកើនឡើង។

លោកបន្តថា “ប្រសិនជាស្ថានភាពនយោបាយដូចសព្វថ្ងៃនេះ មិនមានបញ្ហានោះទេ ប៉ុន្តែអ្វីដែលជាការបារម្ភ នៅតែបារម្ភ ព្រោះប្រជាជនខ្មែរគិតពីស្ថាន​ភាពពេលបោះ​ឆ្នោតមកដល់នៅពេលខាងមុខ”។

អគ្គនាយកក្រុមហ៊ុន Khmer Fondation Appraisal លោកឧកញ៉ានួន រិទ្ឋីនៅតែ​មានសុទិដ្ឋិនិយមពីទីផ្សារខុនដូ និងអាផាតម៉ិននៅកម្ពុជា ដោយលោកបានថ្លែ​ងថា ខុនដូដែលបានបញ្ចប់ការសាងសង់បច្ចុប្បន្ន មានប្រមាណ៣០ភាគរយនៃ ខុនដូសរុប និងមានគំរោងជាច្រើនទៀតនឹងចាប់ផ្តើមនៅពេលអនាគត ដោយសា​រពួកគេគិតថា ទីផ្សារនៅតែមានសក្តានុពល ហើយទីផ្សារបច្ចុប្បន្នគឺការផ្គត់ផ្គង់ និងតម្រូវការកំពុង​មាន​តុល្យភាពគ្នា ទោះជាការលក់មានភាពយឺតយ៉ាវបន្តិចបន្តួចក្តី។ លោកបន្តថា “ទោះជាការលក់ចេញយឺតបន្តិចក្តី តែខ្ញុំមានសុទិដ្ឋិនិយមសម្រាប់អនាគត”៕

- Advertisement -

Leave a Reply