ចរន្តនៃការផ្តល់ឥណទាន និងប្រាក់បញ្ញើនៅកម្ពុជា នៅតែរក្សាបានស្ថិរភាព

0

ភ្នំពេញ ៖ ក្រោមការជួយជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលតាមរយៈធនាគារជាតិនៃកម្ពុជា បច្ចុប្បន្ននេះស្ថានភាពនៃការផ្តល់ប្រាក់កម្ចី និងប្រាក់បញ្ញើនៅតាមបណ្តាធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេសនៅតែអាចរក្សាបាននូវចរន្តធម្មតាមិនមានការធ្លាក់ចុះនោះទេ។

នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA ) លោក ផល វ៉ាន់ឌី បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះថា ពាក់ព័ន្ធនឹងស្ថានភាពនៃការផ្តល់ប្រាក់តបតាមការស្នើសុំប្រាក់កម្ចី ក៏ដូចជាការដាក់ប្រាក់បញ្ញើ គឺនៅតែមានចរន្តជាធម្មតា ពោលគឺមិនទាន់មានហានិភ័យដែលបណ្តាលមកពីការប៉ះពាល់ជម្ងឺ Covid-19 នោះទេ។

លោក ផល វ៉ាន់ឌី បានមានប្រសាសបញ្ជាក់ថា “គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នេះ ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុ នៅមានស្ថានភាពធម្មតា ដែលក្នុងនោះ ការស្នើរសុំប្រាក់កម្ចី ក៏ដូចជាការដាក់ប្រាក់បញ្ញើ នៅមានចរន្តជាធម្មតា, ប៉ុន្តែចំពោះការដាក់ប្រាក់បញ្ញើ សមាគមសង្កេតឃើញថា ក្នុងរយៈពេលថ្មីៗនេះ មានការដកប្រាក់ខ្លះៗ ពីអតិថិជនដែលដាក់ប្រាក់បញ្ញើតូចៗ តែអតិថិជនដែលមានប្រាក់បញ្ញើច្រើន គឺនៅជាធម្មតា ហើយចំពោះសាច់ប្រាក់បម្រុងទុករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ គឺមិនទាន់មានកង្វះសាច់ប្រាក់នោះឡើយ”។

តាមរយៈកិច្ចប្រជុំរបស់សមាជិកសមាគមមីក្រូហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ការសងត្រឡប់របស់អតិថិជន នៅតែដំណើរការធម្មតា ។ តែទោះបីយ៉ាងណា សមាគម រួមជាមួយសមាជិករបស់ខ្លួន បាន និងកំពុងតាមដានស្ថានភាពវិវត្តនៃវិស័យមីក្រូហិរញ្ញវត្ថុយ៉ាងចិត្តទុកដាក់ ជាមួយដៃគូពាក់ព័ន្ធ ក៏ដូចជាចាត់វិធានការត្រៀមទុកដើម្បីបង្ការ និងដោះស្រាយបញ្ហាផ្សេងៗ ដែលអាចនឹងកើតឡើងជាយថាហេតុ។

កាលពីឆ្នាំ២០១៩ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានដល់ប្រជាពលរដ្ឋជាង ២,២ លានគ្រួសារ។ ចំណែកផលប័ត្រឥណទាន មានជាង ២៧,៨៨៨ ពាន់លានរៀលស្មើនឹងប្រមាពណ ក្នុងនោះប្រជាពលរដ្ឋប្រមាណ ២,៧ លាននាក់ បានទទួលសេវាសន្សំ ដែលមានចំនួនទឹកប្រាក់ប្រមាណ ១៤,៦២៦ ពាន់លានរៀល តាមរយៈការិយាល័យតំណាងចំនួនប្រមាណជាង ១០០០ កន្លែង និងមានបុគ្គលិកបម្រើការងារសរុបប្រមាណជាង ៣ម៉ឺននាក់ នៅទូទាំងកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here