ចិនចាប់ផ្តើមទាញយកសក្តានុពលពីវិស័យកសិកម្មកម្ពុជា

0

ដែន ចែងចាំង

ភ្នំពេញ ក្រុមហ៊ុនមួយរបស់ប្រទេសចិន Green leader បានចាប់ផ្តើមសកម្មភា​ពវិនិយោ​គ​​របស់ខ្លួន​ដោយបាន ​និង​កំពុងធ្វើការផ្លាស់ប្ដូរវិស័យកសិកម្មដំឡូងមីកម្ពុជា ឲ្យទៅជាកសិ​ឧស្សាហកម្មតាមរយៈការបង្កើត​រោងចក្រ​កែច្នៃ​ដំឡូងមី​នៅ​ក្នុងទឹកដី ខេត្តក្រចេះ។

លោក Michael Tse នាយកប្រតិបត្តិក្រុមហ៊ុន Green Leader បានឲ្យដឹងក្នុងពិធីបើក​ការដ្ឋាន​សាងសង់រោងចក្រ​កាលពីម្សិលម៉ិញថា ក្រុមហ៊ុនបានចំណាយពេលពីរឆ្នាំ ដើម្បីធ្វើ​កា​រស្រាវជ្រាវ និងវិភាគយ៉ាងលម្អិតទៅលើការដាំដុះ និង​កែច្នៃផលិតផលដំឡូងមីរបស់ ប្រទេ​សកម្ពុជា។ ផែនការពាណិជ្ជកម្មរបស់ក្រុមហ៊ុន គឺបង្កើតរោងចក្រឲ្យបានចំនួន២០​កន្លែងនៅ​តាមតំបន់ និងបណ្ដាខេត្តផ្សេងៗគ្នា នៃប្រទេសកម្ពុជា។ ក្រុមហ៊ុនមានផែនការធ្វើការផ្លាស់ប្ដូរ វិស័​យកសិកម្ម​ដំឡូងមីកម្ពុជាឲ្យទៅជាវិស័យផលិតកម្មកែច្នៃដំឡូងមីពិតប្រាកដ។

លោកបន្តថា “ដើម្បីអាចទទួលបានផលកែច្នៃក្នុងទ្រង់ទ្រាយដូចខាងលើ រោងចក្រចាំ​បាច់​ត្រូវការដំឡូងមី ជាវត្ថុ​ធាតុ​ដើមយ៉ាងតិច៥០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយដើម្បីទ្រទ្រង់​កម្រិតផលិតកម្មនេះបាន ក្រុមហ៊ុននឹងប្រើប្រាស់យន្តការ​កិច្ច​​ព្រមព្រៀងកសិកម្ម ជាមួយនឹង​កសិករ ដោយផ្ដល់ជូននូវឥណទានសម្រាប់ការដាំដុះ បច្ចេកទេសដាំដុះ គ្រឿងចក្រ​កសិ​កម្ម ធ្វើឲ្យកសិករ គ្មានក្តីបារម្ភទៅលើការលក់ផលិតផល និងជួយទ្រទ្រង់ចំពោះចំណូលជី​វភាពរប​ស់​ប្រជាកសិករ យ៉ាង​ពិត​ប្រាកដ។

Advertisement

លោក Michael Tse បានបន្ថែមថា ក្រុមហ៊ុនក៏មានគម្រោងបង្កើតរោងចក្រចំនួន៥ ក្នុង​រយៈ​ពេល២ឆ្នាំ ដោយរោងចក្រទីពីរ អាចនឹងសាងសង់ នៅប៉ែកខាងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។

ឧបនាយរដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលបានរួមជាអធិបតី ក្នុងពិធីនោះ បានអរគុណក្រុមហ៊ុន Green Leader ដែលបាន​មក​បោះទុនកម្រិតធំនេះនៅកម្ពុជា ជាពិសេសគឺវិនិយោគ​លើ​វិស័យកសិកម្ម ដែលជាវិស័យមួយ​ដ៏​សំខាន់របស់កម្ពុជា។ ដំឡូងមី គឺជាផលិតផលកសិកម្មធំទីពីររបស់កម្ពុជា បន្ទាប់​ពីស្រូវ ហើយក៏ជាផលិតផលមួយ ដែលមានសក្ដានុពលខ្ពស់ សម្រាប់កែច្នៃ និងនាំចេញ។

លោកថា “ការវិនិយោគនេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់កសិករខ្មែរ បង្កើនចំ​ណូ​ល​គ្រួសារ កាត់បន្ថយ​ចំណាកស្រុក និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ”៕

- Advertisement -

Leave a Reply