ចិន​ចុះ​ព្រមព្រៀង​ទិញ​សណ្តែកសៀង​ជាមួយ​អាហ្សង់ទីន​ ខណៈ​ធ្វើ​ឱ្យ​អាមេរិក​មាន​ភាព​ឯកា​អំឡុង​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ អាហ្សង់ទីន​ និង​ចិន​បាន​ចុះហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សណ្តែក​ដ៏​សំខាន់​មួយ​ ដែល​នឹង​ធ្វើ​ឱ្យ​ឧស្សាហកម្ម​កសិកម្ម​របស់​អាមេរិក​ ដាច់​ឆ្ងាយ​ពី​ប្រទេស​នាំចូល​សណ្តែក​ធំ​បំផុត​នៅ​លើ​ពិភពលោក​ (ចិន​)។

យោង​តាម​ក្រសួង​កសិកម្ម​អាហ្សង់ទីន​ អាហ្សង់ទីន​នឹង​ពង្រឹង​ជំហរ​របស់​ខ្លួន​បន្ថែម​ទៀត​ ក្នុងនាម​ជា​អ្នកនាំ​ចេញ​សណ្តែក​ធំ​បំផុត​របស់​ពិភពលោក​ បន្ទាប់ពី​កិច្ច​ព្រមព្រៀង​ត្រូវ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ ពុធ​។

កិច្ច​ព្រមព្រៀង​រវាង​ចិន​ និង​អាហ្សង់ទីន​កើតឡើង​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បណ្តាល​ឱ្យ​ការ​បញ្ជាទិញ​ទាំងអស់​ នៃ​ការនាំចេញ​សណ្តែក​របស់​អាមេរិក​ត្រូវ​បាន​លុបចោល​ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​បន្ថែម​ពន្ធ​លើ​ទំនិញ​ស្ទើរតែ​ទាំងអស់​ពី​ចិន​ ខណៈ​ការចរចា​ពាណិជ្ជកម្ម​កាន់តែ​យ៉ាប់យ៉ឺន​ នៅក្នុង​ប៉ុន្មាន​សប្តាហ៍​កន្លងមក​នេះ​។

ការបញ្ឈប់​ការទិញ​ផលិតផល​កសិកម្ម​របស់​អាមេរិក​របស់​ចិន​ អាច​មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ Trump​ នៅ​ឆ្នាំ​ ២០២០​។ ប្រជាសាស្ត្រ​សំខាន់​នៅក្នុង​មូលដ្ឋាន​អ្នកបោះឆ្នោត​របស់​លោក​ Trump​ គឺ​កសិករ​នៅក្នុង​វិស័យ​កសិកម្ម​របស់​អាមេរិក​។

ប្រធាន​សហព័ន្ធ​ការិយាល័យ​កសិកម្ម​អាមេរិក​លោក​ Zippy​ Duvall​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ដោយ​ថ្កោលទោស​ចំពោះ​ការបង្កើត​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ Trump​ ថា​ “ការប្រកាស​របស់​ចិន​ដែល​ថា​ ខ្លួន​នឹង​មិន​ទិញ​ផលិតផល​កសិកម្ម​ណាមួយ​ពី​អាមេរិក​ គឺជា​ការ​ប៉ះទង្គិច​ដល់​កសិករ​ និង​អ្នកចិញ្ចឹមសត្វ​រាប់ពាន់​នាក់​ដែល​កំពុង​តស៊ូ​ដើម្បី​រកទទួលទាន​”។

លោក​ Trump​ បាន​បញ្ជា​ឱ្យ​មានការ​ដំឡើង​ពន្ធគយ​ពី២៥ភាគរយ​ ទៅ៣០ភាគរយ​សម្រាប់​ទំនិញ​ចិន​ ដែល​មានតម្លៃ២៥០ពាន់​លាន​ដុល្លារ​ និង​ការ​បន្ថែម​ពន្ធ​លើ​ទំនិញ​ផ្សេងទៀត​មានតម្លៃ​ចាប់ពី៣០០ពាន់​លាន​ដុល្លារ​ ជាមួយនឹង​ពន្ធ១៥ភាគរយ​ បន្ទាប់ពី​ចិន​បាន​ប្រកាស​ពន្ធ​ថ្មី​លើ​ទំនិញ​អាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here