ភ្នំពេញៈ ជំនួញ គឺជាការផ្តល់សេវាកម្ម នៅក្រោមក្រឹត្យក្រមដែលបានកំណត់ទុក ដូចជាការទិញ លក់ឬផ្លាស់ប្តូរគ្នា និងមានគោលដៅដើម្បីប្រយោជន៍ ឬប្រាក់ចំណេញពីការធ្វើកិច្ចការនោះ។
ដូចនេះពាក្យថា «ជំនួញអចលនទ្រព្យ» គឺជាការបង្កើតប្រាក់ចំណូលពីការលក់ ការជួល និងប្រតិបត្តិការអភិវឌ្ឍន៍ដីធ្លី លំនៅឋាន និងអគារផ្សេងៗឱ្យកើតជាប្រាក់ចំណូលឡើងមក។
ការធ្វើជំនួញអចលនទ្រព្យមានទម្រង់ច្រើនយ៉ាង ហើយលក្ខណៈនៃជំនួញនេះ យើងអាចបែងចែកជា៣ប្រភេទធំៗដូចខាងក្រោម ៖
១-ការលក់ដូរទូទៅ ៖
ការទិញ-លក់អចលនទ្រព្យ ជាការទិញ-លក់ ដែលមានលក្ខណៈស្រដៀងគ្នានឹងការទិញ-លក់នៃអាជីវកម្មផ្សេងៗទូទៅដែរ ដូចជា ការទិញហើយលក់វិញ ។ ផលតបស្នង ឬចំណែកដែលបានមក គឺប្រាក់ចំណេញ។
ការទិញ-លក់ក្នុងជំនួញអចលនទ្រព្យតាមច្បាប់កំណត់ ត្រូវធ្វើជាសៀវភៅ ឬចុះបញ្ជីជាមួយអាជ្ញាធរដូចជា សំបុត្រកម្មសិទ្ធិដីធ្លីជាឯកសារកម្មសិទ្ធិ ដើម្បីបញ្ជាក់ពីអ្នកកាន់កាប់កម្មសិទ្ធិដី ពីព្រោះអចលនទ្រព្យ ជាទ្រព្យសម្បត្តិដែលមានតម្លៃខ្ពស់ ដូច្នេះត្រូវតែភ្ជាប់មកជាមួយនឹងឯកសារច្បាប់ ដើម្បីមិនឱ្យកើតបញ្ហានៅថ្ងៃក្រោយ ។
២-ការជួល
លក្ខណៈនៃការជួលមានដូចជា ការជួលបន្ទប់ស្នាក់នៅ អាផាតមិន លំនៅឋាន អគារពាណិជ្ជកម្ម ការិយាល័យ ឬការជួលដីទំនេរ គឺជាការធ្វើជំនួញអចលនទ្រព្យ។ ការវិនិយោគទុន ឬទិញអគារ និងទិញដីទំនេរ រួចយកមកជួលនោះ នឹងធ្វើឱ្យកើតប្រាក់ចំណូលយ៉ាងទៀងទាត់។
៣-ជាឈ្មួញកណ្តាលទិញ-លក់ ឬជួល
ជាអាជីពដែលមនុស្សភាគច្រើនធ្លាប់ស្គាល់ ដូចជា ជាឈ្មួញកណ្តាលទិញ-លក់ដី ផ្ទះ ឬរថយន្ត ដែលភាគច្រើនយកធ្វើជាមុខរបរបន្ថែម ។ ការទិញ-លក់មួយលើកៗអាចធ្វើឱ្យឈ្មួញកណ្តាលទទួលបានប្រាក់ចំណូលខ្ពស់ ដែលអាស្រ័យទៅលើសមត្ថភាព។
ទិដ្ឋភាពទូទៅនៃជំនួញអចលនទ្រព្យ ជាការបង្កើតប្រាក់ចំណូលពីការលក់ ការជួលលំនៅឋាន និងដីទំនេរ ដើម្បីទទួលបានប្រាក់ចំណូលតាមរូបភាពផ្សេងៗ រួមទាំងការធ្វើជាឈ្មួញកណ្តាលផងដែរ ។ អចលនទ្រព្យ គឺមិនចាំបាច់ត្រូវចំណាយដើមទុនច្រើន ហើយក៏មិនសំដៅលើអ្នកមានទ្រព្យសម្បត្តិ ឬអ្នកមានលុយសម្រាប់វិនិយោគទុននោះទេ ដែលអាចធ្វើវាបាន។
ការធ្វើជាឈ្មួញកណ្តាលទិញ-លក់ដីពេលខ្លះជាការចាប់ខ្លាដោយដៃទទេ មានន័យថា អ្នកមិនចាំបាច់មានលុយវិនិយោគទេ។ ប្រសិនបើអ្នកមានលុយខ្លះៗឬគិតថា ចង់ប្រកបអាជីវកម្មនោះ ការដាក់ទុនក្នុងវិស័យអចលនទ្រព្យ គឺជាជម្រើសមួយទៀតដែលគួរឱ្យចាប់អារម្មណ៍៕