ដោយ វុត្ថា
ភ្នំពេញៈ ដោយយល់ឃើញពីភាពចំាបាច់ ក្នុងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិឱ្យមានប្រសិទ្ធិភាព ផលិតភាព និរន្តរ ភាពបរិស្ថាន និងដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវចក្ខុវិស័យ គោលបំណង និងសកម្មភាពទាំងឡាយក្នុងវិស័យដីធ្លី។
យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ចក្ខុវិស័យនៃគោលនយោបាយដីធ្លីនៅកម្ពុជា គឺគ្រប់គ្រង រៀបចំ ប្រើប្រាស់ និងបែងចែកដី ប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធិភាព និងចីរភាព ដើម្បីរួមចំណែកធ្វើឱ្យសំរេចគោលដៅជាតិ នៃការកាត់បន្ថយភាពក្រីក្រ ការធានាសន្តិសុខស្បៀង ការការពារបរិស្ថាននិងធនធានធម្មជាតិ កិច្ចការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទសេដ្ឋកិច្ចទីផ្សារ។
ក្រុមប្រឹក្សាគោលនយោបាយដីធ្លី មានភារកិច្ចជំរុញ និងត្រួតពិនិត្យការអនុវត្តគោលនយោបាយដីធ្លីស្របតាមទិសដៅរបស់ឧត្តម ក្រុមប្រឹក្សាកំណែទម្រងរដ្ឋ ព្រមទាំងសម្របសម្រួលរវាងអនុវិស័យដីធ្លីទាំងបី (រដ្ឋបាលដីធ្លី ការរៀបចំដែនដី និងការបែងចែកដីធ្លី) ក្នុងការអនុវត្តន៍ច្បាប់ភូមិបាល និងច្បាប់ដទៃទៀត ដែលពាក់ព័ន្ធនឹងបរិស្ថាន ព្រៃឈើ ជលផល ធនធានទឹក ក្របរដ្ឋប្បវេណី វិមជ្ឈការ និងវិសហមជ្ឈការ។ល។
គោលបំណងនៃរដ្ឋបាលដីធ្លីគឺ ធ្វើការចុះបញ្ជីកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀតលើអចលនវត្ថុទាំងអស់ (រដ្ឋ និងឯកជន)ឱ្យបានច្បាស់លាស់ ធ្វើការផ្ទេរសិទ្ធិលើទ្រព្យទាំងនោះជាផ្លូវការ ទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លី សំដៅពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ធានាបាននូវទំនុកចិត្ត និងប្រសិទ្ធិភាពនៃទីផ្សារដីធ្លី។
ការចុះបញ្ជីដីធ្លី ត្រូវបានគោរពតាមគោលការណ៍អភិបាលកិច្ចល្អ តម្លាភាព វិមជ្ឈការ និងវិសហមជ្ឈការ និងសមធម៌យេនឌ័រ ដើម្បីបង្កើតបានជាវប្បធម៌នៃការចុះបញ្ជីដីធ្លី និងបង្កើតភាពជឿជាក់លើប្រព័ន្ធចុះបញ្ជីដីធ្លី។ ការងារនេះត្រូវមានលក្ខណៈសាមញ្ញ ច្បាស់លាស់ ឆាប់រហ័យ ងាយទទួលបានមានតម្លៃទាប។ ត្រូវរៀបចំឱ្យមានប្រព័ន្ធព័ត៌មានដីធ្លី (Land Information System) ដើម្បីផ្តល់ព័ត៌មានជាក់លាក់ ពីអចលនវត្ថុក្នុងតម្លៃសមស្រប៕