ចំណេះដឹង​! តើ​ដំណើរការ​ផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​ធ្វើឡើង​ដូចម្តេច​ ដើម្បី​មាន​សុពលភាព​ពេញលេញ​តាមផ្លូវ​ច្បាប់​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ការផ្ទេរ​សិទ្ធិ​លើ​អចលនវត្ថុ​ដែល​មាន​ប្លង់​ទន់​ តាមធម្មតា​ធ្វើឡើង​តាមរយៈ​សេចក្តី​បញ្ជាក់​លើ​លិខិត​ផ្ទេរសិទ្ធិ​ ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ ចាប់ពី​កម្រិត​រដ្ឋបាល​ថ្នាក់​ភូមិ​ ឬឃុំ​/សង្កាត់​ ឬរហូតដល់​ស្រុក​/ខណ្ឌ​ ព្រោះ​ប្លង់​ទន់​នៃ​អចលនវត្ថុ​ ពុំ​មានការ​កំណត់​ទទួលស្គាល់​ពេញលេញ​តាមផ្លូវ​ច្បាប់​។

ជាទូទៅ​ដំណើរការ​ផ្ទេរសិទ្ធិ​បែបនេះ​ មាន​លក្ខណៈ​ងាយស្រួល​ ឆាប់រហ័ស​ និង​ចំណាយ​តិច​ ដោយសារ​បច្ចុប្បន្ន​ពុំ​ទាន់​មាន​យន្តការ​ សម្រាប់​ប្រមូល​ពន្ធ​លើ​ការផ្ទេរ​សិទ្ធិ​ក្នុង​ប្លង់​ទន់​ទេ​ ប៉ុន្តែ​ភាគី​អ្នកទទួលការ​ផ្ទេរ​អចលនវត្ថុ​នោះ​ នឹង​ត្រូវ​ទទួលយក​ហានិភ័យ​នានា​ ដែល​ពាក់ព័ន្ធ​នឹង​ភាព​ស្រពិចស្រពិល​នៃ​សិទ្ធិ​ក្នុង​ប្លង់​ទន់​ ព្រមទាំង​កាតព្វកិច្ច​ដែល​ពាក់ព័ន្ធ​។

ចំពោះ​អចលនវត្ថុ​ដែល​មាន​ប្លង់​រ៉ឹង​វិញ​ គូភាគី​អាច​តាក់តែង​កិច្ចសន្យា​ ដែល​មាន​ចែង​អំពី​លក្ខខណ្ឌ​សិទ្ធិ​ និង​កាតព្វកិច្ច​របស់​គូភាគី​យ៉ាង​លម្អិត​ រាប់បញ្ចូល​ទាំង​ដំណាក់កាល​បង់ប្រាក់​ថ្លៃ​ទិញ​អចលនវត្ថុ​ ដោយអនុលោមទៅតាម​ដំណាក់កាល​ នៃ​ការ​ចាត់ចែង​ផ្ទេរសិទ្ធិ​។

ក៏ប៉ុន្តែ​កិច្ចសន្យា​បែបនេះ​ គ្រាន់តែ​ជាឯក​សារ​នៃ​ការព្រមព្រៀង​គ្នា​ ជា​លក្ខណៈ​ឯកជន​រវាង​គូភាគី​តែប៉ុណ្ណោះ​ ដោយ​មិន​អាចយ​កទៅ​ចាត់ចែង​ផ្ទេរ​កម្មសិទ្ធិ​បាន​ឡើយ​។ ដើម្បី​ចាត់ចែង​ផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​បាន​ គូភាគី​ត្រូវ​បំពេញបែបបទ​លើ​លិខិតយថាភូត​ របស់​រដ្ឋបាល​សុរិយោដី​ និង​ផ្តិត​ស្នាមមេដៃ​នៅចំពោះមុខ​មន្ត្រី​មានសមត្ថកិច្ច​។

ឯកសារ​គាំទ្រ​ដែល​ត្រូវការ​នៅក្នុង​ដំណើរការ​ផ្ទេរសិទ្ធិ​នេះ​ រួមមាន​ជាអាទិ៍​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬលិខិតបញ្ជាក់​អត្តសញ្ញាណ​ណាមួយ​ផ្សេងទៀត​ ដែល​អាជ្ញាធរ​សុរិយោដី​អាច​ទទួលយក​បាន​ ហើយ​ក្នុងករណី​ដែល​ភាគី​ណាមួយ​ជា​នីតិបុគ្គល​ ក្រុមហ៊ុន​ ម្ចាស់​ហ៊ុន​ត្រូវ​ធ្វើ​លិខិត​ប្រគល់​សិទ្ធិ​ ដើម្បី​អនុញ្ញាត​ឱ្យ​អ្នកតំណាង​ជា​រូប​វ័ន្ត​បុគ្គល​ បំពេញ​កិច្ច​ក្នុងនាម​នីតិបុគ្គល​ ដែល​អាច​តម្រូវ​ឱ្យ​មានការ​បញ្ជាក់​ពី​មេធាវី​ និង​/ឬពី​អាជ្ញាធរ​ឃុំ​/សង្កាត់​។

នៅពេល​មន្ត្រី​សុរិយោដី​បំពេញ​នីតិវិធី​ និង​បែបបទ​ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​រួចហើយ​ ច្បាប់​តម្រូវ​ឱ្យ​បង់ពន្ធ​ប្រថាប់ត្រា​ លើ​ការផ្ទេរ​សិទ្ធិ​លើ​អចលនវត្ថុ​ (ដែល​បច្ចុប្បន្ន​អត្រាពន្ធ​គឺ៤​%នៃ​តម្លៃ​អចលនវត្ថុ​ ដែល​វាយតម្លៃ​ដោយ​អាជ្ញាធរ​ពន្ធដារ​)។

ក្រោយពី​បាន​បង់ពន្ធ​ត្រឹមត្រូវ​រួចរាល់​ហើយ​ អាជ្ញាធរ​សុរិយោដី​នឹង​បញ្ចប់​នីតិវិធី​នៃ​ការផ្ទេរ​សិទ្ធិ​ ដោយធ្វើ​ការចុះបញ្ជី​ការផ្ទេរ​នេះ​ក្នុង​កំណត់ត្រា​ផ្លូវការ​ និង​ចារ​និទ្ទេស​ន៍​សម្គាល់​ នូវ​ការផ្ទេរ​សិទ្ធិ​នៅ​លើ​ឯកសារ​ប័ណ្ណ​កម្មសិទ្ធិ​ ជា​ការ​បញ្ចប់​ដំណើរការ​ផ្ទេរសិទ្ធិ​ជា​ផ្លូវការ​ និង​ដោយ​ស្របច្បាប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here