ដោយ វុត្ថា
ភ្នំពេញៈ រាល់ការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ ដែលជាប្រភេទអគារសហកម្មសិទ្ធិ ឬលំនៅឋាន ដែលទទួលបានអាជ្ញាប័ណ្ណអភិវឌ្ឍន៍ ពីអាជ្ញាធរមានសមត្ថកិច្ច អ្នកអភិវឌ្ឍទាំងអស់ ត្រូវដាក់ប្រាក់តម្គល់ដើម្បីធានាដល់ការអភិវឌ្ឍ និងស្របតាមច្បាប់របស់ប្រទេសកម្ពុជា។
យោងតាមច្បាប់ស្តីពីពីសំណង់បានឱ្យដឹងថា អ្នកអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មចំនួន២(ពីរ)ភាគរយ នៃតម្លៃសំណង់សរុប ឬតម្លៃសំណង់តាមដំណាក់កាលនីមួយៗទៅតាមវិធីសាស្ត្រណាមួយដូចខាងក្រោម ក. តម្កល់ជាសាច់ប្រាក់ក្នុងគណនីទោលរតនាគារជាតិ ដែលបើកនៅធនាគារជាតិនៃកម្ពុជា ឬនៅធនាគារពាណិជ្ជក្នុងស្រុកណាមួយ ឬជាខ. លិខិតធានាពីធនាគារពាណិជ្ជក្នុងស្រុកណាមួយដែលមានតម្លៃស្មើ។
ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិអាចដកវិញបានលុះត្រាតែគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិនោះសាងសង់បានចាប់ពី ៧០%(ចិតសិបភាគរយឡើង ឬចប់ជាស្ថាពរដោយមានលិខិតបិទការដ្ឋានសាងសង់ និងលិខិតបញ្ជាក់គុណភាពសំណង់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និង/ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្តែង ពីមន្ត្រីជំនាញរបស់នាយកដ្ឋានឬមន្ទីរ។
ក្នុងករណីគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិមានច្រើនដំណាក់កាល ឬអ្នកអភិវឌ្ឍមាន គម្រោងថ្មីមួយផ្សេងទៀត ប្រាក់តម្កល់ធានាអាជីវកម្មនេះអាចធ្វើការផ្ទេរពីមួយដំណាក់កាលទៅមួយដំណាក់កាល ឬពីមួយគម្រោងទៅមួយគម្រោងទៀតបាន បន្ទាប់ពីដំណាក់កាលមុន ឬតម្រោងមុនសាងសង់បាន៥០% (ហាសិបភាគរយឡើង) ។
ប៉ុន្តែចំនួនទឹកប្រាក់តម្កល់នោះ អាចមានការប្រែប្រួល ទៅតាមទំហំជាក់ស្តែងនៃការវិនិយោគរបស់គម្រោង ឬដំណាក់កាលបន្ទាប់។ ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍដីឡូត៍ អាចដកវិញបានលុះត្រាតែអ្នកអភិវឌ្ឍដីឡូត៍ បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ រួមទាំងការផ្ទេរកម្មសិទ្ធិអចលនវត្ថុជ្ជន អ្នកទិញទៅតាមកិច្ចសន្យា និង/ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្តែងពីមន្ត្រីជំនាញរបស់នាយកដ្ឋានឬមន្ទីរ៕