ដោយវុត្ថា
ភ្នំពេញៈ នៅក្នុងច្បាប់ភូមិបាលឆ្នាំ២០០១ មានការបកស្រាយច្រើនលើគម្របដីធ្លីនេះ ។ បើយោងតាមច្បាប់នេះ គម្របដីធ្លីគឺជាស្រទាប់នៅលើផែនដី ដែលមានជាអាទិ៍ ដីជាយប្រជុំជនរាជធានី និងដីប្រជុំជនភូមិ ស្រុក ខេត្ត និង រាជធានី ដែលគ្រប់ដណ្តប់ដោយហេដ្ឋារចនាសម្ព័ន្ធ និងអគារពាណិជ្ជកម្មចម្រុះ មណ្ឌលទំនាក់ទំនង អគារស្ថាប័ន និងមន្ទីរពេទ្យជាដើម។
ច្បាប់ភូមិបាលឆ្នាំ២០០១ ក៏បានលើកយកដីធ្លីមួយចំនួនទៀត ដែលត្រូវបានចាត់ជាគម្របដីផងដែររួមមាន ដីលំនៅដ្ឋាន ជាដីដែលគ្រប់ដណ្តប់ដោយរចនាសម្ព័ន្ធចម្រុះ និងសម្បូរដោយអគារស្នាក់នៅធំតូច ដែលស្ថិតនៅក្នុងផ្នែកធំនៃជនបទឬ ជាយក្រុង មានជាប់ជាមួយដីស្រែ និងវត្ថុកសាងផ្សេងៗ។
ដីតំបន់ពាណិជ្ជកម្ម និងសេវាកម្ម ជាដីដែលគ្របដណ្តប់យ៉ាងលើសលប់ ដោយកន្លែងផលិត កន្លែងលក់ផលិតផល និងសេវាកម្មផ្សេងៗ។ ជាធម្មតា ដីតំបន់ពាណិជ្ជកម្ម និងសេវាកម្ម ត្រូវបានហ៊ុមព័ន្ធដោយដីលំនៅឋាន និងដីកសិកម្មជាដើម។
ដីកសិកម្ម ជាដីគ្របដណ្តប់ដោយចំការដំណាំអាហារ ដំណាំ ឧស្សាហកម្ម ផ្សេងៗ ។ ដីព្រៃ ជាដីដែលគ្របដណ្តប់ដោយព្រៃឈើ ធម្មជាតិជាជម្រកសត្វព្រៃធំតូច និងដែលអាចផ្តល់អនុផលព្រៃឈើ និងផលិតផលឈើសម្រាប់សំណង់អគារឬ គ្រឿងសង្ហារឹម។
តំបន់ទឹក សំដៅដល់តំបន់ដែលគ្របដណ្តប់ដោយទឹក និងសម្រាប់រក្សាទុក និងផ្គត់ផ្គង់ទឹក។ គម្របដី ដទៃទៀត រួមមានអាងស្តុកទឹក បឹង ទន្លេ ព្រែក សមុទ្រ ដីព្រៃរេចរឹល និងភ្នំជាដើម។ រាល់គម្របដីទាំងអស់ត្រូវបានកំណត់ជា អចលវត្ថុ ដែលយករៀបចំជា កម្មសិទ្ធិ ដែលកម្មសិទ្ធិករ មានសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងលើគម្របដីទាំងនោះ៕