រដ្ឋាភិបាល​នឹង​លើកយក​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មក​ពិភាក្សា​នៅ​ថ្ងៃស្អែក​នេះ

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ​រដ្ឋាភិបាល​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ នៅ​ថ្ងៃទី​ ១២​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ ខណៈ​ពេល​ដែល​បច្ចេកវិទ្យា​មួយ​នេះ​កាន់តែ​មានការ​រីកចម្រើន​ ហើយ​ការប្រើ​ប្រាស់​ប្រព័ន្ធ​អ៉ីន​ធើ​ណេត​ កាន់តែ​មាន​ការី​កលូតលាស់​គ្រប​ដណ្តប់​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​។

ជាមួយ​គ្នាន​នោះ​ ប្រតិបត្តិ​ការ​អាជីវកម្ម​តាម​អន​ឡាញ​ដូចជា​ ការទិញ​ទំនិញ​ លក់ទំនិញ​ ការ​កក់​សេវាកម្ម​ ការ​ជួញដូរ​ទំនិញ​ និង​សេវាកម្ម​នានា​ ក៏​មានសន្ទុះ​កើនឡើង​ខ្លាំង​ផង​ដែរ​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ក្នុង​ប្រទេស​កម្ពុជា​ ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ឬហៅ​ថា​ E-Commerce​ សំដៅលើ​សកម្មភាព​ទិញ​លក់ទំនិញ​ កក់​សេវាកម្ម​ និង​ទូទាត់​កម្រៃ​តាមរយៈ​ប្រព័ន្ធ​អ៉ីន​ធើ​ណេត​ ដែល​អាច​នាំមក​នូវ​កាលានុវត្ត​ភាព​អាជីវ​កម្ម​ថ្មី​ៗយ៉ាងច្រើន​ សម្រាប់​សហគ្រិន​វ័យក្មេង​នៅក្នុង​ប្រទេស​ ដើម្បី​ចូលរួម​ពង្រីក​កំណើន​សេដ្ឋកិច្ច​ជាតិ​។

យ៉ាងណាក៏ដោយ​ពាណិជ្ជកម្ម​ប្រភេទ​នេះ​ ចាំបាច់​តម្រូវឲ្យ​មានច្បាប់​ សម្រាប់​គ្រប់គ្រង​រាល់​ប្រតិបត្តិ​ការ​ជួញដូរ​ ដើម្បី​ធានា​បាន​សុក្រឹតភាព​ និង​សុវត្ថិភាព​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​។

ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​នេះ​ ក្រសួង​ពាណិជ្ជកម្ម​ ដែល​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​កម្មវិធី​គាំទ្រ​កិច្ច​អភិវឌ្ឍ​ពាណិជ្ជកម្ម​ (TDSP​) ផ្តល់​ដោយ​ម្ចាស់​ជំនួយ​ពហុភាគី​ គ្រប់គ្រង​ដោយ​ធនាគារពិភពលោក​ បាន​ផ្តួចផ្តើម​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ «ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​» ដើម្បី​ជួយ​សម្រួល​ និង​គ្រប់គ្រង​រាល់​ការ​ធ្វើ​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៉ីន​ធើ​ណេត​សម្រាប់​ពាណិជ្ជករ​ និង​សាធារណជន​ទូទៅ​។

ច្បាប់​ E-Commerce​ នេះ​មាន​ ១២ជំពូក​ និង​ចែកចេញជា​ ៩០មាត្រា​ ដែល​មាន​ដាក់បញ្ចូល​លំអិត​នូវ​បទ​ប្ប​ញត្តិ​ផ្សេង​ៗ ទៅ​ក្នុង​កិច្ច​ព្រមព្រៀង​ និង​ការប្រើ​ប្រាស់​ហត្ថលេខា​តាម​អន​ឡាញ​ឲ្យ​ស្រប​ទៅ​នឹង​ស្តង់​ដា​អន្តរជាតិ​ ដើម្បី​គ្រប់គ្រង​ និង​ការ​ការពារ​អ្នកប្រើ​ប្រាស់​ ដែល​ធ្វើ​ប្រតិបត្តិ​ការ​ចំណាយ​ និង​ទិញទំនិញ​តាម​ប្រព័ន្ធ​អ៉ីន​ធើ​ណេត​។

ក្រសួង​ពាណិជ្ជកម្ម​បាន​ពិភាក្សា​ជាមួយ​ស្ថាប័ន​ និង​ភាគី​ពាក់ព័ន្ធ​សំ​ខាន់​ៗ ដូចជា​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​, ក្រសួង​យុត្តិធម៌​, ធនាគារជាតិ​, ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ដែល​បាន​ធ្វើការ​សិក្សា​ស៊ីជម្រៅ​អំពី​គំរូ​ច្បាប់​ E-Commerce​ អន្តរជាតិ​ សំដៅ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ចំណេះដឹង​ និង​ការប្រើ​ប្រាស់​ពាក្យ​បច្ចេកទេស​ទាំងឡាយ​ ដែល​មាននៅ​ក្នុង​ច្បាប់​ថ្មី​មួយ​នេះ​ មុន​ពេលធ្វើការ​បញ្ជូន​ឲ្យ​រដ្ឋសភា​ជាតិ​ ពិនិត្យ​ និង​អនុម័ត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here