ដោយ Donald Lee
ភ្នំពេញៈ ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីជប៉ុន និងកូរ៉េខាងត្បូង កំពុងប្រកួតប្រជែងវិនិយោគនៅតំបន់អាស៊ាន ខណៈតំបន់នេះបានក្លាយ ជាទីផ្សាររីកចម្រើនលឿនបំផុតនៅលើពិភពលោក ជាមួយនឹងផលិតផល ក្នុងស្រុកសរុបចំនួន ២,៤ទ្រីលានដុល្លារ ហើយត្រូវបានរំពឹងថា នឹងក្លាយជាទីផ្សារធំទី៤ របស់ពិភពលោកនៅឆ្នាំ២០៥០។
រដ្ឋាភិបាលជប៉ុន បានប្រកាសផែនការនៅពីថ្ងៃចន្ទកន្លងមកថា ជប៉ុនមានផែនការវិនិយោគទឹកប្រាក់ចំនួន៣ពាន់លានដុល្លារ ក្នុងការចូលរួមចំណែក ក្នុងវិស័យសាធារណៈ និងឯកជនចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ដើម្បីជំរុញការអភិវឌ្ឍនៅក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi មានប្រសាសន៍ថា “ជប៉ុនប្តេជ្ញាអភិវឌ្ឍន៍សេដ្ឋកិច្ចដោយសេរី និងយុត្តិធម៌នៅក្នុងអាស៊ាន តាមរយៈការផ្តល់ជម្រើសសេដ្ឋកិច្ចនៅគ្រប់ជ្រុងទាំងអស់”។
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានធ្វើជាម្ចាស់ផ្ទះ សម្រាប់មេដឹកនាំមកពីបណ្តាប្រទេសអាស៊ាន កាលពីខែមុនដើម្បីអបអរទំនាក់ទំនងរយៈពេល៣០ឆ្នាំរបស់ខ្លួន និងបានប្រកាសអំពីភាពជាដៃគូវិនិយោគជាច្រើនរវាងអង្គភាពសាធារណៈ និងឯកជន។
ប្រទេសទាំងពីរ កំពុងចូលរួមយ៉ាងសកម្ម ជាមួយបណ្តាប្រទេសអាស៊ាន ខណៈសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ចាប់ផ្តើមធ្វើឱ្យមានធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងបន្ថយល្បឿននៃសេដ្ឋកិច្ចអាស៊ីដែលអាចទុកចិត្តបាន។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា សេដ្ឋកិច្ចជប៉ុនត្រូវប្រឈមនឹងភាពជាប់គាំងនៅក្នុងឆ្នាំ២០២០ ខណៈដែលខ្លួននៅតែបន្តមានកំណើនយឺត នៅចុងឆ្នាំនេះ។ IMF បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចជប៉ុនម្តងទៀត នៅឆ្នាំនេះពី០,៩ ភាគរយ មកនៅត្រឹម០,៨ ភាគរយ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន ប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតទីបីនៅលើពិភពលោក បានចាប់ផ្តើមធ្លាក់ចុះនៅក្នុងត្រីមាសទី៣ ដោយមានអត្រាកំណើនផលិតផលក្នុងស្រុកសរុបមានកំនើនត្រឹម០,២ ភាគរយ។
លើសពីនេះទៀត សង្គ្រាមពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង បាននិងកំពុងធ្វើឱ្យប្រជាជនកូរ៉េភាគច្រើន ធ្វើពហិការមិនធ្វើអាជីវកម្ម និងសេវាកម្មរបស់ជប៉ុនទាំងអស់។ ទំនាក់ទំនងសេដ្ឋកិច្ចនយោបាយ និងវប្បធម៌រវាងប្រទេសសេដ្ឋកិច្ច នៃយក្សអាស៊ីទាំងពីរបានឈានដល់កម្រិតទាបជាប្រវត្តិសាស្ត្រ។
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអង្គការអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានឱ្យដឹងថា ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូង បានចាប់ផ្តើមផ្តោតលើការបង្កើតមូលដ្ឋានផលិតកម្មនៅអាស៊ីអាគ្នេយ៍។
សង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិនដែលកំពុងបន្ត បានធ្វើឱ្យរំខានដល់សង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក ដោយកូរ៉េខាងត្បូងជាប្រទេសមួយ ដែលរងការវាយប្រហារខ្លាំងជាងគេ ហើយកំពុងជំរុញឱ្យក្រុមហ៊ុន ផលិតកម្មអន្តរជាតិផ្លាស់ប្តូរចេញពីចិន ដើម្បីចៀសវាងពន្ធគយរបស់អាមេរិក។
ផលប៉ះពាល់នៃពាណិជ្ជកម្មអាមេរិក និងចិនបានផ្លាស់ប្តូរមូលដ្ឋានផលិតកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ទៅកាន់តំបន់អាស៊ាន ក្នុងរយៈពេល១៦ខែ នៃសង្គ្រាមពាណិជ្ជកម្ម។
ពាណិជ្ជកម្មទ្វេភាគីកូរ៉េខាងត្បូង និងអាស៊ាន នឹងឈានដល់ទំហំទឹកប្រាក់២០០ ពាន់លានដុល្លារនៅឆ្នាំ២០២០។ គោលដៅកាលពីមុននៃការឈានដល់២០០ពាន់លានដុល្លារ នៅក្នុងពាណិជ្ជកម្មទ្វេភាគី ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៤។ ការនាំចេញភាគច្រើន ទៅកាន់អាស៊ីអាគ្នេយ៍គឺបន្ទះកុំព្យូទ័រ និងវាយនភ័ណ្ឌ។
ទំហំពាណិជ្ជកម្មសរុបរវាងកូរ៉េ និងតំបន់អាស៊ានបានកើនឡើងដល់១៦០ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ កើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំមុន ហើយគ្រោងនឹងឈានដល់ទំហំទឹកប្រាក់២០០ ពាន់លានដុល្លារនៅចុងឆ្នាំ២០២០៕