ដី​នៅ​តំបន់​ភ្នំ​ប្រសិទ្ធ​ចាប់​ផ្តើម​ទទួល​ឥទ្ធិពល​វិជ្ជមាន​ពី​គំរោង​អភិវឌ្ឍន៍​នៅ​ជុំវិញ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ភាពល្អ​ប្រសើរ​នៃ​វិស័យ​ដីធ្លី​នៅក្នុង​តំបន់​ភ្នំ​ប្រសិទ្ធ​ និង​ភ្នំ​រាប​ ដែល​មួយភាគធំ​ស្ថិតនៅ​ក្នុង​ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ហើយ​មួយ​ប៉ែក​ទៀត​ ត្រូវ​បាន​កាត់​ចូល​មក​ចំណុះ​រាជធានី​ភ្នំពេញ​ស្ថិតនៅ​ក្នុង​ខណ្ឌ​ព្រែកព្នៅ​ បាន​និង​កំពុង​ចាប់ផ្តើម​មាន​ភាព​ទាក់ទាញ​ការ​អភិវឌ្ឍ​ជា​បណ្ដើរ​ៗហើយ​ បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្រកាស​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​បឹង​តា​ម៉ោក​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​ 21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​មានប្រសាសន៍​ឲ្យដឹង​ចុង​សប្តាហ៍​មុន​ថា​ បច្ចុប្បន្ន​នេះ​ ដី​នៅ​តំបន់​ភ្នំ​បា​សិទ្ធ​ចាប់ផ្តើម​មាន​ភាព​ទាក់ទាញ​ជា​បណ្ដើរ​ៗហើយ​ ប៉ុន្តែ​នៅ​មិនទាន់​ខ្លាំងក្លា​ដូចជា​តំបន់​បឹង​តា​ម៉ោក​ ឬតំបន់​ទំ​បន់​កប់​ស្រូវ​នោះ​ទេ​។ លោក​បាន​បន្ត​ទៀត​ថា​ នៅ​មិនយូរ​ទៀត​នោះ​ទេ​ វិស័យ​ធ្លី​នៅ​តំបន់​ភ្នំ​បា​សិទ្ធ​ និង​តំបន់​ជុំវិញ​នឹង​បង្កើន​ភាព​ទាក់ទាញ​ ដែល​វា​ជា​ការ​រុញច្រាន​ចេញពី​តំបន់​ទំនប់​កប់​ស្រូវ​ និង​តំបន់​បឹង​តា​ម៉ោក​។

​លោក​បាន​បន្ត​ទៀត​ថា​ “ពេលនេះ​ក្រៅពី​សកម្មភាព​នៃ​ការ​ពុះ​ដី​ឡូ​តិ៍​លក់​ ក៏​មាន​អ្នក​អភិវឌ្ឍ​កម្រិតមធ្យម​មួយចំនួន​តូច​ ចាប់​ផ្តើម​ធ្វើសកម្មភាព​សាងសង់​សំណង់​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ចាប់ពី១០​-២០ល្វែង​ជា​បណ្តើរ​ៗហើយ​ ដែល​ទាំងនេះ​ក៏​ជា​កក្តាមួ​យជួយ​គៀង​គរ​អ្នក​អភិវឌ្ឍ​ដទៃទៀត​ ឱ្យ​ចូល​ទៅ​ចូលរួម​ធ្វើការ​វិនិយោគ​ និង​អភិវឌ្ឍ​នៅ​តំបន់​នេះ​បន្ថែម​ទៀត​”។

លើកឡើង​ស្រដៀងគ្នា​នេះ​ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​ តាំង​ ហួរ​ បាន​មានប្រសាសន៍​ថា​ ការចាប់អារម្មណ៍​ពីសំណាក់​អ្នក​វិនិយោគ​លើ​វិស័យ​ដីធ្លី​នៅ​តំបន់​នេះ​ បាន​ចាប់ផ្តើម​កម្រើក​តាំងពី​ប្រមាណ២ឆ្នាំមុន​ម៉្លេះ​ ប៉ុន្តែ​នៅ​ឆ្នាំនេះ​មានសន្ទុះ​ខ្លាំង​ជាង​ពេលមុន​។ លោកស្រី​បន្ត​ទៀត​ថា​ តម្លៃ​ដីធ្លី​នៅក្នុង​តំបន់​ភ្នំ​បា​សិទ្ធ​ និង​តំបន់​ជុំវិញ​មាន​ភាព​ខុសគ្នា​ ដែល​វា​អាស្រ័យ​ទៅតាម​ទីតាំង​ ទំហំ​ និង​សណ្ឋានដី​”។ លោកស្រី​បាន​បន្ត​ទៀត​ថា​ ដី​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្លូវ​ ឬជា​ប្រភេទ​ដីស្រែ​ ដី​កសិកម្ម​គឺ​មានតម្លៃ​ទាប​បន្តិច​ អាច​ក្នុង​ចន្លោះ​ចាប់ពី​ ៣៥​-៥០​-៦០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ (ដីស្រែ​ទំហំ​ធំ​) ឬអាច​លើស​ពីនេះ​ ប្រសិនបើ​ដី​មាន​ស្ថានភាព​ល្អ​ប្រសើរ​។

​លោកស្រី​បាន​បន្ត​ទៀត​ថា​ ចំពោះ​ដី​ដែល​ស្ថិត​ជាប់​ផ្លូវ​ធំ​ ដែល​ជា​បណ្តុំ​ប្រជាជន​រស់នៅ​ មាន​ផ្សារ​តំបន់​ អាច​មានតម្លៃ​ចាប់​ពី១៥០​-២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ឬអាច​រហូតដល់​ដល់២៥០ដុល្លារ​ក៏មានដែរ​។ បញ្ហា​តម្លៃ​គឺជា​ទូទៅ​មិន​មាន​ភាពស្មើគ្នា​នោះ​ទេ​។

អ្នកវិភាគ​សេដ្ឋកិច្ច​ និង​អចលនទ្រព្យ​ លោក​ ង៉ែត​ ជូ​ ក៏បាន​មានប្រសាសន៍​ដែរ​ថា​ នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​ តំបន់​ភ្នំ​បា​សិទ្ធ​ លែង​ស្ថិតនៅ​ក្នុង​ភាព​ឯកា​ទៀតហើយ​។ លោក​បាន​បន្ត​ទៀត​ថា​ ជា​ធម្មតា​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ កំណើន​ប្រជាសាស្ត្រ​តែង​មានការ​កើនឡើង​ ជាពិសេស​នៅ​តាម​តំបន់​ជាយ​រាជធានី​ភ្នំពេញ​តែម្ដង​”។

លោក​បាន​បន្ត​ថា​ “បច្ចុប្បន្ន​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចាកចេញ​ពី​តំបន់​កណ្តាល​ក្រុង​មកដល់​តំបន់​ជាយក្រុង​ហើយ​”។លោក​បន្ត​ទៀត​ថា​ “នៅពេល​កំណើន​មនុស្ស​កាន់តែ​ច្រើន​ ទីក្រុង​កាន់តែ​ពង្រីក​វិសាលភាព​របស់​ខ្លួន​ ជាក់ស្ដែង​ពេលនេះ​តំបន់​ទំនប់​កប់​ស្រូវ​ និង​តំបន់​បឹង​តា​ម៉ោក​ កំពុងតែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ពីសំណាក់​អ្នក​អភិវឌ្ឍ​ ដែល​វា​នឹង​ជម្រុ​ញវិសាលភាព​មកដល់​តំបន់​បា​សិទ្ធ​យ៉ាង​ប្រសិ​ទ្ឋ​”។

លោក​បន្ត​ទៀត​ថា​ “យ៉ាង​យូរ​ត្រឹម​រយៈពេល៥ឆ្នាំខាងមុខ​នេះ​ តំបន់​ភ្នំ​បា​សិទ្ធ​នឹង​ពោរពេញ​ទៅ​ដោយ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​ធម្យម​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here