ដូណាល់ ត្រាំ បន្សល់រឿងខ្មៅកខ្វក់ជាច្រើន មុននឹងដល់ថ្ងៃចុះចេញពីតំណែង

0

សុខុម

វ៉ាស៊ីនតោន: សេតវិមានបានទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ទី១៣ មករា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀតនឹងត្រូវចុះចេញពីតំណែង បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិ (Executive Order) ថ្មីមួយដើម្បីពង្រឹងបន្ថែមពីលើបម្រាមចេញកាលពីខែវិច្ឆិកា ចុងឆ្នាំ២០២០ ដែលហាមពលរដ្ឋអាមេរិក មិនឱ្យវិនិយោគជាមួយក្រុមហ៊ុនរបស់យោធាចិន ក្នុងបំណងទប់មិនឱ្យចិន វាយលុកចូលទីផ្សារមូលធនរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី១៤ មករា។

ក្នុងបទបញ្ជានីតិប្រតិបត្តិដែលត្រូវបានកែប្រែថ្មីនេះបញ្ជាក់ថា នៅត្រឹមថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២១ ខាងមុខ បណ្ដាវិនិយោគិនអាមេរិក នឹងត្រូវបានតម្រូវឱ្យលក់ចេញនូវមូលបត្ររបស់ខ្លួនក្នុងបណ្ដាក្រុមហ៊ុនចិន ដែលក្រសួងការពារជាតិអាមេរិក កំណត់ថាកាន់កាប់ ឬគ្រប់គ្រងដោយយោធាចិន។

- Video Advertisement -

ការកែប្រែថ្មីនេះបន្ថែមពីលើវិសាលភាពនៃបទបញ្ជាដំបូងចេញកាលពីខែវិច្ឆិកា ចុងឆ្នាំ២០២០ ដែលគ្រាន់តែបានរឹតបន្តឹងបណ្ដាវិនិយោគិនអាមេរិក មិនឱ្យទិញយកមូលបត្រទាំងនោះត្រឹមកាលបរិច្ឆេទកំណត់។ ទីភ្នាក់ងារព័ត៌មាន Reuters ធ្លាប់បានចុះផ្សាយថា ការកែប្រែនេះកំពុងស្ថិតក្រោមការពិចារណា។

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “បទបញ្ជានីតិប្រតិបត្តិនៅថ្ងៃនេះគឺដើម្បីធានាថា សហរដ្ឋអាមេរិក នៅតែមានឧបករណ៍ដ៏សំខាន់មួយនៅក្នុងដៃដើម្បីការពារបណ្ដាវិនិយោគិនអាមេរិក ពីការផ្ដល់ប្រាក់ជួយដល់ការធ្វើទំនើបកម្មយោធាចិន”។

បទបញ្ជានីតិប្រតិបត្តិនេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីបន្សល់ទុកនូវកេរដំណែលរបស់លោកនៅក្នុងការប្រឆាំងចិន ក្នុងពេលដែលលោកកាន់តែំណែងជាប្រធានាធិបតី។ វាក៏ជាការព្យាយាមពង្រឹងបន្ថែមពីលើច្បាប់មួយអនុម័តក្នុងឆ្នាំ១៩៩៩ ដែលបានប្រគល់ភារកិច្ចឱ្យក្រសួងការពារជាតិអាមេរិក ព្រាងបញ្ជីឈ្មោះក្រុមហ៊ុនចិន ដែលខ្លួនជឿថាកាន់កាប់ ឬគ្រប់គ្រងដោយយោធាចិន ផងដែរ។

ក្នុងចំណោមក្រុមហ៊ុនទាំង ៣៣ ដែលក្រសួងការពារជាតិអាមេរិក បានចុះក្នុងបញ្ជីខ្មៅរហូតមកទល់ពេលនេះ រួមមានទាំងក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ចិន SMIC និងក្រុមហ៊ុនប្រេងខ្នាតយក្ស CNOOC របស់ប្រទេសនេះផងដែរ។ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន Reuters និងស្ថាប័នសារព័ត៌មានផ្សេងៗទៀតបានចុះផ្សាយមុននេះកាលពីថ្ងៃពុធ ទី១៣ មករាថា រដ្ឋការរបស់លោក ត្រាំ បានលុបចោលគម្រោងចុះក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរួមមាន ក្រុមហ៊ុន Alibaba ក្រុមហ៊ុន Baidu និង Tencent ក្នុងបញ្ជីខ្មៅវិញហើយ។

ទោះជាយ៉ាងណា ភ្លាមៗស្ថានទូតចិន ប្រចាំនៅក្រុងវ៉ាស៊ីនតោន មិនបានឆ្លើបតបសំណើសុំការឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here