ដំណក់ប្រេងកម្ពុជាលើកដំបូងមានបរិមាណ៣០លានបារ៉ែលត្រូវបានលក់ទៅកាន់ទីផ្សារអន្តរជាតិ ខណៈរោងចក្រចម្រាញ់ប្រេងនៅកម្ពុជាមានបញ្ហា

0

ដោយៈប៊ី

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានថ្លែងថា កម្ពុជាអាចទទួលបាន៣០លានបារ៉ែល ខណៈបរិមាណផលិតជាមធ្យមបាន៧៥០០បារ៉ែលក្នុងមួយថ្ងៃ ប៉ុន្តែដំណក់ប្រេងនេះ ត្រូវបានលក់ទៅកាន់ទីផ្សារអន្តរជាតិ ព្រោះរោងចក្រចម្រាញ់ប្រេងនៅកម្ពុជាកំពុងមានបញ្ហាហិរញ្ញវត្ថុ។

- Video Advertisement -

លោកជៀប សួរអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានថ្លែងក្នុងកិច្ចសម្ភាស៍មួយ ដែលចេញផ្សាយបន្តដោយក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ថា គម្រោងប្រេងកាតប្លុកនេះ គឺស្ថិតនៅដែនសមុទ្រកម្ពុជា ដែលមានចង្ងាយប្រមាណជា១៦០គីឡូម៉ែត្រពីក្រុងព្រះសីហនុនេះ។

លោកបានថ្លែងថា “ផែនការអភិវឌ្ឍន៍គម្រោងនេះ ក្រុមហ៊ុនបានបែងចែកចេញបីដំណាក់កាល។ ដំណាក់កាលទី១ គឺយើងអភិវឌ្ឍន៍នៅតំបន់អប្សរា ដំណាក់ទី២ គឺនៅតំបន់ប៉ូលូវៃនិងបាសិត ហើយដំណាក់ទី៣ គឺតំបន់អង្គារសិល៍្ប ហើយទីតាំងទាំងអស់នេះ គឺស្ថិតនៅក្នុងគម្រោងប្លុកA”។

ក្រុមហ៊ុន KrisEnergy បានប៉ាន់ស្មានពីបរិមាណផលិតបានប្រេង ពីគម្រោងនេះ និងតំបន់អប្សរារួចរាល់ ហើយផ្លេតហ្វមទី១ អាចផលិតបានប្រមាណជា៦លានបារ៉ែល ហើយគិតជាបរិមា គឺអាចផលិតជាមធ្យមបាន៧៥០០បារ៉ែលក្នុងមួយថ្ងៃ។

លោកជៀប សួរបានថ្លែងថា “ប្រសិនបើដំណើរការរបស់ផ្លេតហ្វមទី១ ប្រព្រឹត្តិទៅ​ បានល្អ យើងនឹងដំណើការផ្លេតហ្វមបន្តបន្ទាប់ទៀត ហើយក្នុងតំបន់អប្សរាទាំងមូលនេះ អាចផលិតបាននៅតំណាក់ទី១នេះ ប្រហែលអាចទទួលបាន៣០លានបារ៉ែល”។

លោកបានបន្តទៀតថា ប្រេងទាំងអស់ យើងផលិតបានជាប្រេងឆៅ ហើយប្រសិ​នបើរោងចក្រចម្រាញ់ប្រេងកាត អាចចម្រាញ់បានហើយ យើងអាចចែកចាយសម្រាប់តម្រូវការ ក្នុងស្រុកយើងបាន ប៉ុន្តែដោយការសាងសង់រោងចក្រចម្រាញ់នេះ មានការរអាក់​រអួល ដោយសារក្រុមហ៊ុនដៃគូមានបញ្ហាហិរញវត្ថុ ដូច្នេះប្រេងដែលយើងផលិតបានប្លុកA យើងគ្មានជម្រើសអី្វ ក្រៅពីលក់ទៅទីផ្សារអន្តរជាតិនោះទេ។

លោកបានបញ្ជាក់ថា ការផលិតប្រេងដំបូងរបស់យើងនាពេលនេះ អាចបញ្ជាក់ថា កម្ពុជាជាប្រទេសមានប្រេង ហើយធ្វើឱ្យមានការជឿជាក់ទៅដល់អ្នកវិនិយោគផ្សេងៗ ក្នុងការមកបណ្តាក់ទុនវិនិយោគ និងធ្វើការអភិវឌ្ឍវិស័យប្រេងកាតនេះ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

លោកជៀប សួរបានបន្តថា “យើងបានធ្វើឱ្យវិស័យប្រេងកាតនេះ មានការរីកចម្រើន តាមរយៈមន្ត្រីនិងនិសិត្សរបស់យើង មានឱកាសបំពេញការងារក្នុងវិស័យនេះ ហើយបង្កើតចំណូលដល់រដ្ឋ តាមរយៈការយកពន្ធ និងចំណូលទទួលបានពីការបែងចែកចំណែកផលប្រេងដែលផលិតបាន”៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here