ដំណឹងល្អៈ កម្ពុជាចាប់ផ្តើមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសូត្រលើកតំបូង

0

ដោយដែន ចែងចាំង

ភ្នំពេញ៖ កម្ពុជាចាប់ផ្តើមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ ផលិតផលសូត្រលើកតំបូង នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន។

លោកបណ្ឌិតម៉ី កល្យាណដែលជាអ្នកដឹកនាំការងារនេះនិងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានថ្លែងកាលពីពេលថ្មីៗនេះថា រហូតមកទល់ពេលនេះការសាងសង់មជ្ឈមណ្ឌលសូត្របានចាប់ផ្តើមហើយ និងសម្រេចបានប្រមាណ​៤០ភាគរយនៃគម្រោងទាំងមូលហើយ។ គំរោងនេះចំណាយទឹកប្រាក់៨ម៉ឺនដុល្លារអាមេរិក។លោកបន្តថា ទោះជាអាគារមជ្ឈមណ្ឌលនេះមិនទាន់បញ្ចប់ក៏ដោយ ក៏ក្រុមនិស្សិតបានចាប់ផ្តើមការងារនេះបណ្តើរហើយ។

លោកបន្តថា “យើងបានមើលឃើញថា តម្រូវការសូត្រមានទំហំធំនៅកម្ពុជា ដែល​ភាគច្រើនយើងពឹងផ្អែកលើការនាំចូល មកផលិតនៅទីនេះ ខណៈសូត្រផលិតក្នុងស្រុកមានចំនួនតិច មិនឆ្លើយតបនឹងតម្រូវការ”។លោកបន្តថា “យើងសម្រេចចិត្តបង្កើតមជ្ឈម ណ្ឌលនេះ ពីព្រោះយើងមើលឃើញឳកាសដ៏ធំ ដែលយើងអាចរួមចំណែកចូលរួមអភិវឌ្ឍ​ន៍សហគមន៍មូលដ្ឋាន”។

ជាមួយគ្នានេះ ធនាគារពិភពលោកក៏បានគាំទ្រការងារនេះផងដែរ ដោយធនាគារនេះ​នឹងផ្តល់ឥណទាន ដើម្បីពង្រីកសក្តានុពលសូត្រនៅកម្ពុជា។

Advertisement

លោកបណ្ឌិតម៉ី កល្យាណបានបន្តថា យើងនឹងធ្វើការងារក្នុងភាពជាដៃគូជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដោយយើងនឹងបង្រៀនពួកគេពីអ្វីដែលយើងបានសិក្សា ឧទាហរណ៍ យើងធ្វើការជាមួយសហគមន៍សូត្រនៅខេត្តកំពង់ស្ពឺ មណ្ឌលគិរី ជាដើម ដើម្បីជួយធ្វើឲ្យប្រសើរឡើង​នូវបច្ចេកទេសលើការដាំដើមមន និងបច្ចេកទេសនៃការទាញយក និងធ្វើឲ្យសសៃសូត្រមានគុណភាពផងដែរ៕

- Advertisement -

Leave a Reply