ដំណឹងល្អ! ក្រសួងទេសចរណ៍ នឹងរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិនៅចុងឆ្នាំនេះ

0

ដោយ ៖ វត្ថា
ភ្នំពេញ ៖ ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុន Slickbooth Holding Co,.Ltd នឹងរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ Cambodia Travel Mart (CTM2018) លើកទី ២ នៅថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្នីសីទ និងពិព័រណ៍កោះពេញ រាជធានីភ្នំពេញ ក្រោយពីទទួលបានជោគជ័យនៃការរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិកាលពីឆ្នាំ ២០១៧ កន្លងទៅនៅខេត្តសៀមរាប។ ពិព័រណ៍ទេសចរណ៍​កម្ពុជា​អន្តរជាតិ Cambodia Travel Mart (CTM2018) គឺជាវេទិកាជួបជុំក្នុងការធ្វើធុ រៈកិច្ច​ទេសចរណ៍​រវាងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក និងក្រុមហ៊ុនទេសចរណ៍អន្តរជាតិ នានា ដែលជាប្រភពទីផ្សារគោលគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជារួម មានអ្នកទិញ (Buyers) ជាតិ និងអន្តរជាតិ ពាណិជ្ជករជាអ្នកផ្តល់សេវាកម្មជាតិ និងអន្តជាតិ (Sellers) សរុប ប្រមាណ ៧០០ក្រុមហ៊ុន ។ ជាមួយគ្នានេះដែរ ក៏មានការចូលរួមពីស្ថាប័ណទេសចរណ៍នានារបស់ប្រទេសអាស៊ាន អ្នកសារព័ត៌មានជាតិ និងអន្តជាតិ ជាច្រើនទៀត ដើម្បីទិញលក់កញ្ចប់ទស្សនកិច្ច នៃសេវាកម្ម​ទេសចរណ៍ ផ្លាស់ប្តូរចែករំលែកបទពិសោធន៍ និងបង្កើតភាពជាដៃគូ​ក្នុងធុរៈកិច្ចជាមួយគ្នា សំដៅអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា អោយកាន់តែប្រសើរ​ឡើងថែមទៀត។

ថ្លែងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ នៅថ្ងៃទី ០៦ ខែមេសាឆ្នាំ ២០១៨ នា សណ្ឋាគារ Naga World លោក ថោង ខុន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍កម្ពុជា បានអោយដឹងដែរថា វេទិកា CTM2018 ដ៏មានសារៈសំខាន់នេះ នឹងជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងស្រុកឲ្យបានកាន់តែទូលំទូលាយថែមទៀតដល់ទេសចរក្នុងស្រុក និងភ្ញៀវអន្តរជាតិ ដែលមកចូលរួមព្រឹត្ដការណ៍​ខាងលើឲ្យបានស្គាល់និងដឹងថា ក្រៅពីតំបន់ទេសចរណ៍ខេត្ដ សៀមរាប កម្ពុជាក៏មាន​តំបន់ទេសចរណ៍ជាច្រើនទៀតដែលមានភាពទាក់ទាញខ្លាំងផងដែរ ពិសេសនៅខេត្ត​បាត់ដំបង កំពត និងក្រចេះជាដើម។ លោកបន្តថា “ដូច្នេះ ពិព័រណ៍CTM លើកនេះ ត្រូវផ្សារភ្ជាប់នឹងពិព័រណ៍ទេសចរណ៍ក្នុងស្រុក ដែលក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យមន្ទីរ​ទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមរៀបចំស្តង់ដាក់តាំងបង្ហាញក្នុងពិព័រណ៍ដ៏សំខាន់នេះដោយផ្ដោតលើផលិតផលទេសចរណ៍ទាក់ទាញនានាក្នុងខេត្តរបស់ខ្លួន ដើម្បីផ្សព្វផ្សាយឲ្យភ្ញៀវបានឃើញ សំដៅជំរុញកំណើនទេសចរណ៍​កាន់តែច្រើនទៅ​ទស្សនាខេត្តរបស់ខ្លួន”។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ ពន្យល់ថា “រាជធានីភ្នំពេញបច្ចុប្បន្ន ក៏ជាគោលដៅទេសចរណ៍ផ្តល់សេវាកម្មទេសចរណ៍ MICEs ផងដែរសម្រាប់ក្រុមហ៊ុន​ធុរកិច្ចជាតិ និងអន្តរជាតិ ក្នុងការរៀបចំកិច្ចប្រជុំ សន្និសីទ និងពិព័រណ៍នានា។ ដោយមើលឃើញពីសក្ដានុពលរបស់រាជធានីភ្នំពេញដូចបានរៀបរាប់ខាងលើនេះ ទើបក្រសួងទេសចរណ៍សម្រេចជ្រើសរើសយកធ្វើជាទីតាំងប្រារព្ធព្រឹត្តិការណ៍ពិព័រណ៍ CTM លើកទី២ក្នុងឆ្នាំ២០១៨នេះ”។ ឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវ​ទេសចរ​អន្តរជាតិចំនួន៥,៦លាននាក់ កើន១១,៨%ដែលបាននាំមកចំណូលដោយផ្ទាល់៣ ៦៣៨ លានដុល្លាអាមេរិក។ រយៈពេល២ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវ​ទេសចរអន្តរជាតិចំនួន ១,១ លាននាក់ កើន ១១ % ធៀបនឹងរយៈពេលដូចគ្នា​នៅឆ្នាំ២០១៧។ កម្ពុជា សង្ឃឹមថានឹងទទួលបានទេសចរអន្តរជាតិចំនួន៦,១ លាន​នាក់ នៅឆ្នាំ២០១៨ និងប្រមាណ ៧លាននាក់នៅឆ្នាំ២០២០ ជាមួយនឹងចំណូល​ប្រមាណ ៥ ពាន់លាន ដុល្លារអាមេរិក និងបង្កើតឱកាសការងារប្រមាណ១ លាននាក់៕

Advertisement

- Advertisement -

Leave a Reply