ដំណឹងល្អ : គ្រប់ភូមិទាំងអស់នឹងមានអគ្គិសនីនៅដំណាច់ឆ្នាំ ២០២០

0

ដោយ : គង់ សូរិយា

ភ្នំពេញ : មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានថ្លែងថា គ្រប់ភូមិ​ទាំងអស់នៅទូទាំងប្រទេស នឹងមានអគ្គិសនីសម្រាប់ប្រើប្រាស់នៅត្រឹមដំណា​ច់ឆ្នាំ២០២០ ជាជោគជ័យនៃគោលនយោបាយ អភិវឌ្ឍន៍វិស័យថាមពលរបស់រដ្ឋាភិបាល​។

អគ្គនាយកនៃអគ្គនាយកថាមពល ក្រសួងរ៉ែ និងថាមពល លោក វិចទ័រ សូណា បានមានប្រសាសន៍ឲ្យដឹងនា ព្រឹកថ្ងៃទី១៦ មិនានេះថា ប្រភពនៃការផ្គត់ផ្គង់ និងការទទួលបានអគ្គិសនីមកដល់ចុងឆ្នាំ២០១៧នេះ អនុភាព​ផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា មានទំហំសរុបមានជាង២២៨២មេហ្គាវ៉ាត់ ស្មើនឹងកំណើន៦៨ភាគរយ បើធៀប​ទៅឆ្នាំ២០១៤។ ចំណែ​កខ្សែបញ្ជូនជាតិ មានប្រវែង១៩៧៥គីឡូម៉ែត្រ គ្រប់ដណ្តប់ជាង៨១ភាគរយ នៃភូមិ​ទាំងអស់​ទូទាំងប្រទេស និងបានតភ្ជាប់បណ្តាញ ចូលខ្នងផ្ទះបានចំនួន២,៣២លា​ន​ខ្នងផ្ទះស្មើជាង៦៨ភាគរយ នៃចំនួនខ្នងផ្ទះទាំងអស់បើធៀបទៅឆ្នាំ២០១៤។

លោកបន្តថា កម្ពុជានឹងសម្រេចតាមគោលដៅរបស់ខ្លួន ព្រោះបច្ចុប្បន្នការគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុ​របស់​អគ្គិសនីកម្ពុជា អនុវត្តន៍បានយ៉ាងល្អប្រសើ ក្រោមការឧបត្តមធុនពីរាជរដ្ឋាភិបាល”។លោកបន្តថា “យើងអាច​ជម្រុញឲ្យគ្រប់ភូមិទាំងអស់នៅទូទាំងប្រទេស ដែលមានជាង១ម៉ឺនភូមិ នឹងទទួលបានអគ្គិសនីសម្រាប់ប្រើ​ប្រាស់ នៅត្រឹមឆ្នាំ២០២០ខាងមុខនេះ”។

Advertisement

គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងជម្រុញឲ្យអគ្គិសនីឲ្យមានស្ថិរភាព គុណភាព សុវត្ថិភាព និងមានអគ្គិសនីគ្របដណ្តប់ ទូទាំងប្រទេសមានតម្លៃទាប និងការគិតគូរខ្ពស់អំពីបរិស្ថាន  ដែលបានជម្រុញឲ្យ​វិស័យអគ្គិសនីនៅកម្ពុជា ទទួលបានជោគជ័យមួយយ៉ាងធំ សម្រាប់តម្រូវការនៃការប្រើប្រាស់ ជាពិសេសការ​ផ្តល់​ផលប្រយោជន៍ ដល់ការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល។

ប្រធានវិទ្យាស្ថានសិក្សាការអភិវឌ្ឍលោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា បណ្តាញអគ្គិសនីមានសារៈសំខាន់​ណាស់ សម្រាប់ជម្រុញការអភិវឌ្ឍលើគ្រប់វិស័យ ព្រោះវិស័យអ្វីៗស្ទើរតែទាំងអស់សុទ្ឋតែត្រូវការអគ្គិសនី ដូចជា ការធ្វើកសិកម្មក៏ត្រូវការអគ្គិសនីដើមបូមទឹកបញ្ចូលស្រែ វិស័យផលិតកម្មនៅត្រូវការអគ្គិសនី ដើម្បី​ដំណើរ​ការខ្សែសង្វាក់ផលិត​កម្មរបស់ខ្លួន ប៉ុន្តែបញ្ហាប្រឈមរបស់យើងគឺអគ្គិសនីនៅកម្ពុជា នៅតែមានតម្លៃ​ថ្លៃធៀបជាមួយប្រទេសក្នុងតំបន់។ លោកបន្តថា “ទោះជាយ៉ាងណាបណ្តាញថាមពលអគ្គិសនីកម្ពុជា មិនទាន់​មាន​គុណភាពខ្ពស់នៅឡើយទេ ដែលទាមទារការយកចិត្តទុកដាក់បន្ថែមទៀត ពីអាជ្ញាធរអគ្គិសនីកម្ពុជា”។

បណ្តាញអគ្គិសនីមានគុណភាពសំដៅលើ ថាមពលដែលមានលំនឹងច្បាស់លាស់ មិនមានការដាក់បណ្តាញ និងមានប្រព័ន្ឋសុវត្ថិភាពល្អប្រសើរ៕

- Advertisement -

Leave a Reply