ដំណឹងល្អ! ព្រលានយន្តហោះស្ថិតនៅខាងត្បូងក្រុងតាខ្មៅនឹងសាងសង់នៅឆ្នាំ២០២៥

0

ដោយគង់ សូរិយា

ភ្នំពេញព្រលានយន្តហោះស្ថិតនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ដែលបានប្រ​កាសកាលពីចុងឆ្នាំមុន អាចនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៥ខាងមុខនេះ ប្រសិនជាផែនការធ្វើឡើងទាន់ពេលវេលា។

យោងតាមប្រភពព៌តមានគួរឲ្យទុកចិត្ត បានឲ្យដឹងនាព្រឹកថ្ងៃទី៧ ឧសភានេះថា តាមប្រភពព៌តមានពីមន្រ្តីបច្ចេកទេសរបស់ចិនបានឲ្យដឹងថា ព្រលានយន្តហោះនេះត្រូវ​ចំណាយពេលរៀបចំយូរ ពិសេសការចាក់ខ្សាច់បំពេញបឹងរៀន ដែលជាបឹងមានទឹកជ្រៅ និងជាបឹងដ៏ធំមួយ ដែលត្រូវចំណាយពេលយូរក្នុងការចាក់បំពេញ។ប្រភពដដែលបានឲ្យ​ដឹងទៀតថា តាមធម្មតាទោះជាការចាក់ខ្សាច់បំពេញបឹងនោះរួចរាល់ក្តី ក៏ទីតាំងនោះមិនអាចសាងសង់ព្រលានយន្តហោះបានភ្លាមៗនោះទេ ព្រោះក្រុមហ៊ុនត្រូវការពេលវេលាសមស្របណា​មួយ ដើម្បីឲ្យខ្សាច់មានកំហាប់រ៉ឹងសិន។

លោកបន្តថា “រហូតមកទល់ពេលនេះ ក្រុមហ៊ុនកំពុងរៀបចំផែនការដើម្បីចាក់ខ្សាច់បំពេញបឹងរៀននោះហើយ ប៉ុន្តែដំណើរការចាក់បំពេញជាក់លាក់ពេលណា លោកមិនទាន់ដឹងនៅឡើយទេ”។

ព្រលានយន្តហោះថ្មីនេះគ្រោងសាងសង់លើផ្ទៃដី២៦០០ហិកតា ស្ថិតនៅចំណុច​ប្រសព្វរវាងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គំរោងសាងសង់ព្រលានយន្តហោះលំដាប់ថ្នាក់អន្តរជាតិនេះ នឹងវិនិយោគដោយក្រុមហ៊ុន OCIC សហការជាមួយ​ក្រុមហ៊ុនចិន ដែលគ្រោងចំណាយទុនវិនិយោគរហូតដល់១៥០០លានដុល្លារអាមេរិក។

Advertisement

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន OCIC បានថ្លែងឲ្យដឹងតាមទូរស័ព្ទក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា បច្ចុប្បន្នក្រុមហ៊ុនកំពុងញាប់ដៃញាប់ជើង រៀបចំដំណើរការសាងសង់ព្រលានយន្តហោះនេះ ដើម្បីដាក់ឆ្លងទៅប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា “រហូតពេលនេះ យើងមិនអាចនិយាយព៌តមានលំអិតបាននៅឡើយទេ ប៉ុន្តែពេលរៀបចំចប់ពេលណា យើងនឹងផ្តល់ព៌តមានលំអិតជូនអ្នកសារព៌តមានហើយ”។

យ៉ាងណាក៏ដោយព៌តមានការវិវត្តន៍យ៉ាងដូចម្តេច គេហទំព័រ Propertyarea.asia នឹងលំអិតជូននាពេលក្រោយបន្ថែមទៀត៕

- Advertisement -

Leave a Reply