ដំណឹងល្អ! រដ្ឋាភិបាលគ្រោងបង្កើតមូលនិធិនិងមជ្ឈមណ្ឌលសហគ្រិនភាព

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា រដ្ឋាភិបាលនឹងបង្កើតមូលនិធិគាំទ្រសហគ្រិនភាព និងមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាព ដើម្បីបង្កើន​ការប្រកួតប្រជែង និងជំរុញកំនើនសេដ្ឋកិច្ចជាតិ។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុតបានលើកឡើងនៅក្នុងវេទិការសាធារណៈ ស្តីពីសេដ្ឋកិច្ចឌីជីថល និងសហគ្រិនភាពនៅកម្ពុជាកាលពីពេល ថ្មីៗនេះថា នៅក្នុងរយៈពេលខ្លី និងវែងទៅមុខ ក្រៅពីការបង្កើតមូលនិធិគាំទ្រសហគ្រិនភាព និងមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាព រាជរដ្ឋាភិបាលនឹងដាក់ចេញនូវយន្តការគាំទ្រជាកញ្ចប់ផ្សេងទៀត សម្រាប់គាំទ្រដល់សហគ្រិនភាព ដូចជា ការបង្កើតធនា​គារសហគ្រាសធុនតូចនិងមធ្យម (SME Bank) ការបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការរីកចម្រើនរបស់ SME ការគិតគូរទៅដល់ការកាត់បន្ថយថ្លៃដើមនៅក្នុងការធ្វើធុរកិច្ចរបស់ SME តាមរយៈការកាត់បន្ថយថ្លៃអគ្គិសនី និងដឹកជញ្ជូន រួមទាំងចំណា​យ​លើបែបបទច្បាប់ទម្លាប់ និងពន្ធដារ ព្រមទាំងប្រព័ន្ធនៃការផ្លាស់ប្តូររំលែក ចំណេះដឹង ជំនាញ បច្ចកវិទ្យា និងបទពិសោធន៍ផងដែរ។

លោកបន្តថា “ករាជរដ្ឋាភិបាលជួយទ្រទ្រង់ដល់វិស័យនេះជាបន្តបន្ទាប់ ដោយរាជរដ្ឋាភិបាលប្រកាន់យកនូវគោលការណ៍ទីផ្សារ ដោយនឹងមិនធ្វើអន្តរាគមន៍ណាមួយ ដែលធ្វើឱ្យខូចទៅដល់គោលការណ៍ទីផ្សារនោះឡើយ”។ លោកបន្តថា “រដ្ឋាភិបាលត្រូវលើក​កំពស់សហគ្រិនភាព និងនវានុវត្តន៍ផ្សេងៗ ដើម្បីបង្កើនទ្រព្យសម្បត្តិ តម្លៃ និងការងារនៅក្នុងសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត”។

លោករដ្ឋលេខាធិការបានបន្តថា មូលដ្ឋាននៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការអនុវត្តសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា កំពុងវិវឌ្ឍន៍ទៅមុខជាបណ្តើរៗ ក្នុងនោះកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត និងមានសេវាអ៊ីនធើណែតសមល្មម សម្រាប់គាំទ្រដល់សេដ្ឋកិច្ចឌីជីថល ។ មូលដ្ឋាននេះ បានបង្កើតឱកាសសម្រាប់អាជីវកម្មថ្មីៗ និងការច្នៃប្រឌិតមួយចំនួន រួមទាំងសហគ្រិនភាព ឱ្យមានការរីកចម្រើនជាបណ្តើរៗ ស្របនឹងនិន្នា​ការប្រទេសក្នុងតំបន់។ ប៉ុន្តែសមត្ថភាពចាប់យក និងសកម្មភាពនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ នៅមានកម្រិតទាបនៅឡើយ មិនថានៅក្នុងវិស័យសាធារណៈ ឬនៅក្នុងវិស័យឯកជនទេ។ ទន្ទឹមនឹងនេះការទទួលយកបច្ចេកវិទ្យា ទូរស័ព្ទចល័តជំនាន់ក្រោយ មានភាពយឺតយ៉ាវ ហើយការទទួលយកសេវា 4Gវិញកាន់តែមានអត្រាទាបថែមទៀត។

Advertisement

ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានថ្លែងថា ការបង្កើតមូលនិធិនេះពិតជារឿងល្អប្រសើរ ព្រោះកន្លងមករដ្ឋា ភិបាលតែងតែលើកឡើងថា វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ជាឆ្អឹងខ្នងនៃ​សេដ្ឋកិច្ចជាតិ  ប៉ុន្តែការគាំទ្រវិស័យនេះនៅមានកម្រិត ហើយមន្រ្តីដែលធ្វើការងារនេះក៏មានសមត្ថភាពនៅមានកម្រិត។

លោកបន្តថា “ខ្ញុំគាំទ្រនូវគំនិតនេះ វាជាចក្ខុវិស័យល្អ ដែលរដ្ឋាភិបាលអាចគៀងគរសហគ្រិនជោគជ័យអាចចូលរួមជួយការងារនេះបាន ហើយសម្រាប់ខ្ញុំៗ ពេញចិត្តនឹងចូលរួមការងារនេះដោយឥតគិតថ្លៃ”។លោកបន្តថា“នេះជាតម្រូវការចាំបាច់ ដែលមិនទាន់បា​ន​​បំពេញ ព្រោះបើបង្កើតមូលនិធិឬស្ថាប័ននេះ វានឹងជាការអនុវត្តជាក់ស្តែង មិនដូចរៀននៅមហាវិទ្យាល័យដែលមានតែទ្រឹស្តី ហើយគ្រូបង្រៀនពីជំនួញ តែមិនដែលបានធ្វើជំនួញ”។

លោកង៉ែត ជូបានបន្តថា លោកចង់ឲ្យមូលនិធិ ឬមជ្ឈមណ្ឌលសហគ្រិនភាពបង្កើតឡើងដោយរដ្ឋាភិបាល ដើរតួនាទីធ្វើឡើងជាកន្លែងភ្ញាស់សហគ្រិនភាពថ្មីៗ ដែលពួកគេមានបំណង​ចង់រកស៊ី ហើយខ្វះទុន ខ្វះបទពិសោធន៍ ខ្វះកន្លែងធ្វើការទទួលបានការគាំទ្រ និងជំរុញ  ឲ្យពួកគេមានភាពរីកចម្រើន និងអាចជោគជ័យក្នុងជំនួញរបស់ពួកគេ៕

- Advertisement -

Leave a Reply