ដំណឹងល្អ! រថភ្លើងនឹងមកដល់ក្រុងពោធិសាត់នៅចុងខែឧសភានេះហើយ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ដំណឹងល្អ សម្រាប់អ្នកខេត្តពោធិសាត់មកដល់ហើយ ដោយខ្សែរថភ្លើងតភ្ជាប់ពីក្រុងបាត់ដំបង មកដល់ទីក្រុងនៃខេត្តពោធិសាត់ នឹងចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី២៩ ឧសភាខាងមុខនេះ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ ឧសភានេះថា ខ្សែរថភ្លើងតភ្ជាប់ពីខេត្តបាត់ដំបង មកកាន់ក្រុងពោធិសាត់ ខេត្តពោធិសាត់នាចុងខែឧសភានេះហើយ ដែលវាជាផ្នែកសំខាន់​នៃការតភ្ជាប់បណ្តាញដឹកជញ្ជូនរបស់រដ្ឋាភិបាល ដើម្បីលើកកំពស់ពាណិជ្ជកម្ម ទេសចរណ៍ និងកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន។ លោកបន្តថា ជាមួយនឹងការតភ្ជាប់ពីក្រុងប៉ោយប៉ែត មកដល់ស្រុកមង្គលបុរី និងតភ្ជាប់មកកាន់ក្រុងបាត់ដំបងកាលពីពេលថ្មីៗនេះ បណ្តាញខ្សែរថភ្លើងនេះកំពុងជួសជុល ដើម្បីតភ្ជាប់មកដល់តំបន់បាត់ដឹង ក្នុងស្រុកឧត្តុងនាខែកក្កដាឬសីហាឆ្នាំនេះ។

លោកបន្តថា “ការដឹកជញ្ជូនសំខាន់នាពេលនេះ គឺការដឹកមនុស្សនិងទំនិញ ដែល​ជាផ្នែកមួយជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរា​ចរណ៍ កាត់បន្ថយថ្លៃដឹកជញ្ជូន និងជួយ​សម្រួលដល់ភ្ញៀវទេសចរណ៍”។

ការស្តារឡើងវិញនូវផ្លូវដែក ដែលបានបោះបង់អស់រយៈពេលជាង៤០ឆ្នាំនេះ ត្រូវ​បានធ្វើឡើងដោយថវិកាជាតិ និងថវិកាជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងវិនិយោ គទូរថភ្លើងដោយក្រុមហ៊ុន Royal Railway ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Royal Group។

Advertisement

លោកវ៉ាស៊ីម សូរិយាបានបន្តថា ខ្សែរថភ្លើងនេះអាចរត់បានក្នុងល្បឿន៣០គីឡូ​ម៉ែត្រប៉ុណ្ណោះក្នុងមួយម៉ោង ប៉ុន្តែផ្លូវរបស់យើងអាចរត់បានក្នុងល្បឿន៥០ ទៅ៦០គីឡូ​ម៉ែត្រក្នុងមួយម៉ោង តែការរត់ល្បឿនយឺតៗនេះជាការកំណត់របស់ក្រុមហ៊ុន។ លោក​បន្តថា ការដែលរត់ភ្លើងមិនអាចរត់បានលឿននៅកម្ពុជា ដោយសារកត្តាមួយចំនួន ដូចជា​ផ្លូវ​រថភ្លើងកម្ពុជាមានបណ្តាញផ្លូវតូចៗឆ្លងកាត់ច្រើនពេក ផ្លូវរថភ្លើងរបស់យើងមានចំនួនតូច និងហេតុផលមួយចំនួនទៀត៕

- Advertisement -

Leave a Reply