ដំណឹងល្អ! ស្ថានីយ៍ចំណតរថយន្តកម្ពុជា-ជប៉ុននៅខេត្តកំពង់ឆ្នាំងនឹងដាក់ឲ្យដំណើរការមុនចូលឆ្នាំខ្មែរ

0

ដោយ វុត្ថា

ភ្នំពេញ: ស្ថានីយ៍ចំណតរថយន្តមិត្តភាពកម្ពុជា ជប៉ុនខេត្តកំពង់ឆ្នាំង បានស្ថាបនារួច១០០ភាគរយហើយ និងគ្រោងបើកឲ្យដំណើរការជាផ្លូវការនៅដើមខែមេសា ឆ្នាំ២០១៨ ។

លោក ស៊ាង ថៃ អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មបានឲ្យដឹងកាលពីម្សិលម៉ិញនេះថា ស្ថានីយ៍ចំណតរថយន្តមិត្តភាពកម្ពុជា ជប៉ុននេះជាស្ថានីយ៍ទី២នៅកម្ពុជា បន្ទាប់ពីស្ថានីយ៍ទី២១ ធ្វើនៅខេត្តពោធិសាត់ ដែលបានសាងសង់ឡើង ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈមូលនិធិសមាហរណកម្មអាស៊ានបានបញ្ចប់។ លោកបន្តថា ការបង្កើតអោយមានស្ថានីយ៍រថយន្តមិត្តភាពកម្ពុជាជប៉ុននេះ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ និងជំរុញកំណើនភ្ញៀវទេសចរណ៍។

ស្ថានីយ៍នេះបានចាប់ផ្តើមសាងសង់នៅចុងខែកុម្ភៈ ឆ្នាំ២០១៧ និងបានបញ្ចប់នៅក្នុងខែកុម្ភៈឆ្នាំ២០១៨ ដែលមានទំហំដីសរុប៥៥០០ម៉ែត្រការ៉េ ផ្ទៃក្រឡាទំហំសំណង់មានទំហំ៣០០ម៉ែត្រការេ ក្នុងនោះមានការិយាល័យប្រតិបត្តិករស្ថានីយ៍ កន្លែងណែនាំ និងសាកសួរព៌តមាន កន្លែងចំអិនអាហារ ភោជនីយដ្ឋាន តូបលក់សម្ភារៈអនុស្សាវរីយ៍ និងបន្ទប់ទឹកសាធារណៈ។

Advertisement

លោក ស៊ាង ថៃ បញ្ជាក់ថា ស្ថានីយ៍នេះ អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះក្នុងចំងាយផ្លូវ១០០គីឡូម៉ែត្រ ត្រូវមានស្ថានីយ៍ចំណតរថយន្តមួយ ដើម្បីអោយអ្នកបើកបរបានចុះសំរាក រកបន្ទប់ទឹក និងញាំអាហារ។ ស្ថានីយ៍នេះ មានប្រយោជន៍ជំរុញដាក់តាំងលក់ផលិតផលក្នុងខេត្ត និងក្នុងប្រទេសឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានស្គាល់ ជំរុញផ្សព្វផ្សាយផលិតផលក្នុងស្រុក និងផ្សព្វផ្សាយពីព័តមានសំខាន់ៗ នៃតំបន់ទេសចរណ៍ នានានៅក្នុងខេត្តកំពង់ឆ្នាំង។

អភិបាលខេត្តកំពង់ឆ្នាំងលោកឈួរ ច័ន្ទឌឿនបានឲ្យដឹងផងដែរថា នេះជាសមិទ្ធិផលថ្មីមួយទៀតរបស់ខេត្តកំពង់ឆ្នាំង ដែលស្ថានីយ៍ចំណតរថយន្តថ្មីនេះមានអត្ថប្រយោជន៍ច្រើន ទាក់ទងទៅនឹងការទបស្កាត់គ្រោះថ្នាក់ចរាចរណ៍ ការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ក្នុងខេត្តកំពង់ឆ្នាំង ព្រោះខេត្តកំពង់ឆ្នាំងមានចំងាយមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញឡើយ៕

- Advertisement -

Leave a Reply